ក្រសួងការងារ និងក្រសួង៣ផ្សេងទៀត កំពុងពិភាក្សារៀបចំច្របាច់ក្រុមអធិការកិច្ចបញ្ចូលគ្នា​តែមួយជាលើកដំបូង

AKP ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងក្រសួង៣ផ្សេងទៀតបានបើកិច្ចប្រជុំពិភាក្សា​ដើម្បីច្របាច់ក្រុមអធិការកិច្ចបញ្ចួលគ្នាតែមួយជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដោយក្នុង នោះមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ការបើក កិច្ចប្រជុំនេះយោងលទ្ធផលនៃវេទិការាជ​រដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩កន្លងមក ដោយរាជ​រដ្ឋាភិបាលកម្ពុជាដាក់ចេញនូវវិធានការកែទម្រង់​មុត​ស្រួច ជាកញ្ចប់មួយចំនួន សំដៅពង្រឹង​ភាពប្រកួតប្រជែង និងជំរុញការពិពិធកម្ម​សេដ្ឋកិច្ច។ ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជី​វៈ​ក៏ត្រូវបានរាជរដ្ឋាភិបាលចាត់តាំ​ងឱ្យ​ទទួលបន្ទុក​រៀបចំ និងដឹកនាំក្រុមការងារការច្របាច់​បញ្ចូលក្រុមអធិការកិច្ចការងារតាម​សហគ្រាស គ្រឹះស្ថាន ក្នុងកម្រិតអន្តរស្ថាប័ន សំដៅជួយ​កាត់​បន្ថយបន្ទុករបស់ម្ចាស់​សហ​គ្រាស គ្រឹះស្ថាន និងធានាប្រសិទ្ធភាពអធិការកិច្ចការងារ។

ជាមួយគ្នានេះ ដើម្បីឱ្យការច្របាច់បញ្ចូលនេះប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព នាព្រឹក​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រសួងចំនួន៤ បានបើកកិច្ចពិភាក្សាស្ដីពី ការច្របាច់​បញ្ចូលក្រុមអធិការកិច្ចការងារក្នុងកម្រិតអន្តរស្ថាប័នលើកដំបូង នៅទីស្ដីការក្រសួងការងារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ។

ឯកឧត្ដម អ៊ិត សំហេង បានមានប្រសាសន៍ថា យោងតាមលទ្ធផលវេទិការាជ​រដ្ឋាភិ​បាល និងផ្នែកឯកជនលើកទី១៨ រាជរដ្ឋាភិបាលបានចាត់តាំងឱ្យក្រសួងការងារ និងបណ្តុះ​បណ្តា លវិជ្ជាជីវៈ ទទួលបន្ទុកការច្របាច់បញ្ចូលក្រុមអធិការកិច្ចការងារក្នុងកម្រិតអន្តរក្រសួង-ស្ថាប័ន ក្នុងនោះ ចែកជា២ជំហាន ដោយក្នុងជំហានដំបូង គ្រប់ក្រសួង-ស្ថាប័នទាំងអស់​ដែល​មានអធិការកិច្ចទៅតាមរោងចក្រ សហគ្រាសលើសពីមួយក្រុម ត្រូវច្របាច់បញ្ចូលគ្នា ទាំងអស់ ឱ្យទៅជាក្រុមតែមួយ និងចុះតែមួយលើកក្នុងមួយឆ្នាំចំពោះគោលដៅមួយ ដោយ​រៀបចំបញ្ជីសកម្មភាពអធិការកិច្ច និងការកំណត់ពេលវេលាចុះឱ្យបានច្បាស់លាស់ លើក   លែងតែមានករណីចាំបាច់ ឬករណីជាបទល្មើស។ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ គឺបានបន្តប្រើយន្តការក្រុមអធិការកិច្ចការងារតែមួយ ដែលចុះក្នុងពេលតែមួយ និង​ប្រើបទដ្ឋានវាយតម្លៃតែមួយ ដែលក្រសួងបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០១៤។ ឯកឧត្ដម​បានបញ្ជាក់ថា ក្រុមអធិការកិច្ចការងារនេះ នឹងចុះធ្វើអធិការកិច្ចការងារលើសហគ្រាស គ្រឹះស្ថានចំនួន​តែម្ដងគត់ក្នុងមួយឆ្នាំ ចំពោះគោលដៅមួយ។ សម្រាប់ជំហានបន្ទាប់ គឺក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំដឹកនាំក្រុមការងារដោយមានការ​ចូលរួមពីគ្រប់​ក្រសួង ស្ថាប័ន មានក្រុមអធិការកិច្ចការងារទៅតាមសហគ្រា គ្រឹះស្ថាន ដើម្បីពិនិត្យពី សារៈ​សំខាន់នៃការចុះធ្វើអធិការកិច្ចនីមួយៗ កំណត់ឱ្យបាននូវអធិការមួយណាគួរទុក និងមួយណា​គួរដកចេញ និងរៀបចំជាបញ្ជីក្រុមអធិការកិច្ច មុខងារ និងពេលវេលាចុះអធិការកិច្ចឱ្យបាន​ច្បាស់លាស់។

ឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ឱ្យដឹងដែរថា ក្នុងកិច្ចពិភាក្សាជាមួយអន្តរក្រសួងនេះ យើងបានស្នើសុំបញ្ជីអធិការកិច្ច​ការងារ​របស់ក្រសួងនីមួយៗមកពិនិត្យរួមគ្នា ប្រសិនបើកម្មវត្ថុ អធិការកិច្ចណាខ្លះដូចគ្នា យើងនឹង​សំយោគ​បញ្ចូលគ្នា ហើយកម្មវត្ថុណាខ្លះស្រដៀងគ្នា និងវាមានស្តង់ដារផ្សេងគ្នាយើង​អាច​សំយោគស្តង់ដារនេះឱ្យទៅជាស្តង់ដាររួម។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ក្នុងដំណើរ​ការនៃការធ្វើអធិការកិច្ចការងារនេះ ដំបូងឡើយម្ចាស់សហគ្រាស គ្រឹះស្ថាន និងវិស័យឯក​ជននានា ត្រូវធ្វើស្វ័យប្រកាសដោយខ្លួនឯងជាមុនសិន បន្ទាប់មក ក្រុមអធិការកិច្ចការ​ងារ​អន្តរក្រសួង-ស្ថាប័ននឹងចុះទៅត្រួតពិនិត្យរួមគ្នាលើស្វ័យប្រកាសរបស់ផ្នែកឯកជនទាំងនោះ ថាតើកិច្ចការដែលគាត់ធ្វើសមស្រប ឬត្រឹមត្រូវតាមស្វ័យប្រកាសរបស់គាត់ដែរឬទេ។

ឯកឧត្ដមបានបន្ថែមទៀតថា ការអនុវត្ដដល់ពេលនោះ ក្រុមអធិការកិច្ចការងារអន្តរ​ក្រសួង​នឹងធ្វើការវាយតម្លៃជាក់ស្ដែងទៅលើអាជីវកម្មរបស់ក្រុមហ៊ុន គ្រឹះស្ថាន សហគ្រាស ឬរោងចក្រ តែម្ដង៕

ដោយ ប៊ុនរិទ្ធ