រដ្ឋមន្រ្ដីក្រសួងទេសចរណ៍៖ ការងារត្រៀមរៀបចំបុណ្យសមុទ្រនៅខេត្តកំពត ដំណើការ​សម្រេចបានជាង៨០ភាគរយ

AKP កំពត ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ — រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានអះអាងថា គិតរហូតមកដល់ពេលនេះ ដំណើរការរៀបចំ​កិច្ច​ការ​ងារនានាសម្រេចបានប្រមាណជាង៨០ភាគរយហើយ ដើម្បីប្រារព្ធពីធីបុណ្យសមុទ្រ​លើក​ទី៨ ជុំទី ២ នៅខេត្ត​កំពត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ។ ការលើក ឡើងរបស់របស់ឯកឧត្ដម​រដ្ឋមន្រ្ដីក្រសួង​ទេសចរណ៍នេះ ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យ​សមុទ្រលើកទី៨ ជុំទី ២ នៅសាលាខេត្ត​កំពត កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការរៀបចំ​កិច្ច​ការ​ងារទាំងនោះ រួមមាន ការតុបតែងលម្អ​តាមទីសាធារណៈ សួនច្បារ ការជួសជុលហេដ្ឋា រចនា​សម្ព័ន្ធផ្លូវថ្នល់ ការបំពាក់និងបន្ថែមភ្លើង បំភ្លឺក្នុងទីក្រុង ការរៀបចំវិថីម្ហូបអាហារ(Food Street) ការរៀបចំគោលដៅទេសចរណ៍​នានា​ជុំវិញខេត្ត ពិសេសតាមព្រែកទឹកឈូ ឬព្រែក កំពង់បាយ ភ្នំបូកគោ ស្រែអំបិល តំបន់កសិទេស​ចរណ៍ ចម្ការម្រេច តំបន់ទេសចរណ៍ ប្រវត្តិ សាស្ត្រ សហគមន៍ទេសចរណ៍មួយចំនួន ព្រមទាំងគោលដៅទេសចរណ៍នៅខេត្តកែប​ផងដែរ។ ឯកឧត្ដមបានលើកឡើងពីបញ្ហាផ្លូវ​ធ្វើដំណើរពី​រាជធានីភ្នំពេញមកកាន់ខេត្តកំពត និងពីខេត្តកំពតទៅកាន់គោលដៅនានាមួយចំនួនទៀត ហើយបានស្នើអាជ្ញាធរខេត្ត មន្ទីរ និង​ក្រសួងសាធារណការ និងដឹកជញ្ជូន ជួយពន្លឿនការ​ជួស​ជុលផ្លូវជាតិលេខ៣ លេខ៣៣ និង​ផ្លូវនានាជាច្រើនទៀត យ៉ាងហោចណាស់ក៏សុំរៀប​ចំត្រឹមឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​ធ្វើដំណើរបានសមរម្យ នៅមុនពេលបុណ្យសមុទ្រ​មកដល់។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវ​នាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ក្នុងខេត្តកំពត សូម​កុំមានការដំឡើងថ្លៃសេវា និងទំនិញរបស់ខ្លួនថ្លៃ​ហួសហេតុពេក។ ឯកឧត្តមរដ្ឋមន្ត្រីរំពឹងទុកថា ភ្ញៀវទេសចរដែលនឹងមកចូលរួមលេង​កម្សាន្ត​ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពតខាងមុខនេះ នឹងមានចំនួនច្រើនកុះករជាងឆ្នាំកន្លងទៅ ខណៈប្រទេសជាតិកំពុងមានសុខសន្តិភាព ស្ថិរភាព​នយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ស្របពេលដែលប្រជាពលរដ្ឋក៏កាន់តែមាន​ភាពជីវ​ភាពធូរធារ និងចង់ចេញដើរកម្សាន្ត​កាន់​តែ​ច្រើនឡើងៗ។

សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នឹងប្រារព្ធធ្វើឡើង​រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ៕

ដោយ ទូច វលក្ខណ