ឯកឧត្តម ប៉ាន សូរស័ក្តិ​ ជួបពិភាក្សាការងារ​ជាមួយសម្ព័ន្ធធុរកិច្ចខេត្តហ្វូជៀន ប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ — ប្រភពពីក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹងថា​ កាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាត​ឱ្យ​សម្ព័ន្ធធុរកិច្ចខេត្តហ្វូជៀន ប្រទេសចិន ដែលបានមកបំពេញទស្សនកិច្ចឈ្វេងយល់អំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដែលដឹកនាំដោយលោក ហ៊ូស៊ីន វូ (Huaxin Wu) ប្រធានក្រុមហ៊ុន Eversun Holding Group Co. Ltd និងជាសមាជិកសភាប្រជាជនខេត្តហ្វូជៀន ចូលជួបសម្តែងការគួរសម​ និង​ពិភាក្សាការងារ​។

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមរដ្ឋមន្ត្រីបានមាន​ប្រសាសន៍ថា​ ជំនាញ និងបទពិសោ ធន៍​របស់ក្រុមហ៊ុន ជាពិសេសការផលិតទឹកស្អាត ជាការងារមួយដែលកំពុងតែមានតម្រូវការខ្ពស់នៅខេត្តព្រះសីហនុ និង​បានមាន​ប្រសាសន៍លើកទឹកចិត្តឱ្យ​សម្ព័ន្ធធុរកិច្ចខេត្តហ្វូជៀន ពិនិត្យលើឱកាសវិនិយោគលើការផលិតទឹកស្អាតនេះ និង​លើលទ្ធភាពចូលរួម​ក្នុងការ​កែច្នៃផលិតផលកសិកម្ម ដូចជា ស្វាយ ចេក មៀន ដំឡូងមី កៅស៊ូ និង​កសិផល​ដទៃទៀត​ ដើម្បីធ្វើការនាំ​ចេញ ដោយ​កសិផលទាំងនេះជាកសិផល​ដែលមាន​ការផលិត​ច្រើន​​នៅកម្ពុជា។​

ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​ កម្ពុជាក៏កំពុងតែឈានទៅរកការធ្វើឧស្សាហូបនីយកម្ម ដូចនេះនឹងមានតម្រូវការច្រើនលើការកែច្នៃដែកថែប អេឡិចត្រូនិក និងថាមពល។ល។ ចំពោះការវិនិយោគលើហេដ្ឋារចនារូបវន្ត ឯកឧត្តមរដ្ឋមន្ត្រីបានមាន​ប្រសាសន៍ថា ក្រុមហ៊ុនចិនអាចឈ្វេងយល់បន្ថែមលើការវិនិយោគ ក្រោមរូបភាពសម្បទាន ឬការចាប់ជាដៃគូជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ និងហិរញ្ញប្បទានបន្ថែមពីក្របខ័ណ្ឌផ្លូវមួយខ្សែក្រវាត់មួយ។

ដោយឡែក លោក ហ៊ូស៊ីន វូ បានជម្រាបជូនឯកឧត្តម​រដ្ឋមន្ត្រីថា ការរីកចម្រើន​ និងកម្រិតនៃការអភិវឌ្ឍរបស់កម្ពុជា ពិតជាមានល្បឿនមួយដ៏គួរឱ្យកត់សម្គាល់ និងកោតសរសើរ។ លើសពីនេះទៀត លោក​បាន​មាន​ប្រសាសន៍ថា​ ដំណើរទស្សនកិច្ចនេះ​ធ្វើឡើង​ក្នុង​គោល​បំណងដើម្បី​ពិនិត្យលើសក្ដានុពលដើម្បីធ្វើការវិនិយោគ ដោយនៅក្នុងសម្ព័ន្ធនេះគឺមានក្រុមហ៊ុនប្រមាណ ១០០ក្រុមហ៊ុន ដែលមានជំនាញ និងបទពិសោធន៍ចម្រុះ រួមមាន៖ការផលិតឧបករណ៍អេឡិចត្រូនិក កែច្នៃដែកថែប សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ សេវាហិរញ្ញវត្ថុ ប្រព័ន្ធទឹកស្អាត និងចម្រាញ់ប្រេងឥន្ធនៈ៕

ដោយ ទេស ច័ន្ទសុធារី (រូបភាព៖ ក្រសួង​ពាណិជ្ជកម្ម​)