សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយព្រះរាជអាជ្ញា​និង​តុលា​​ការ ដើម្បីដោះលែងឱ្យនៅក្រៅឃុំចំពោះអ្នកដែលជាប់ឃុំក្នុងរឿងក្ដី​រដ្ឋប្រហារបរាជ័យ

AKP កំពត ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើ​​​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើការជាមួយនិងព្រះរាជអាជ្ញា និងតុលាការ ដើម្បីដោះ​លែង​ឱ្យ​នៅ​ក្រៅឃុំ ចំពោះអ្នកដែលជាប់ឃុំក្នុងរឿងក្ដីរដ្ឋប្រហារដែលទទួលបរាជ័យ ប្រមាណ​ជា​៧០​នា​ក់​  ដោយ​សម្ដេចតេ​ជោ​បា​នគូសបញ្ជាក់ថា នេះជាកិច្ចការដែលចាំបាច់ត្រូវធ្វើក្នុង​គោលដៅ​បង្រួ​ប​ប​ង្រួម​ជាតិ រក្សាសន្តិ​ភា​​ព និងសេចក្ដីសុខជូនប្រជាពលរដ្ឋ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រស៊ីម៉ង់ត៍ថៃប៊ុនរ៉ុង ដែលមានតម្លៃ​ប្រមា​ណ​ជា​១១០លានដុល្លារអាម៉េរិក ដែលមានទីតាំងស្ថិតនៅក្នុងភូមិល្អាង ឃុំល្អាង ស្រុក​ដង​​ទង់ ​ខេ​ត្ត​​កំ​ពត កាលពីព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ចំពោះអ្នកដែលបានចាប់ខ្លួនក្នុងរឿងក្ដីរដ្ឋប្រហារកន្លងមក​សម្ដេចស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើ​ការ​​ជាមួយនឹង​ព្រះ​រា​ជ​អាជ្ញា និងតុលាការ ដើម្បី​ដោះ លែងឱ្យនៅក្រៅឃុំ ចំពោះអ្នកដែល​ជាប់​ឃុំ​ក្នុងរឿងក្ដីរដ្ឋប្រហារ តាមរយៈការស្នើ​សុំរបស់​សាមី ខ្លួន របស់មេធាវី ឬរបស់ក្រុមគ្រួសារ។ សម្ដេចតេជោបានបន្ដថា ​បើគ្មានការស្នើ​សុំនោះទេ យើងមិនអាចដោះលែងឱ្យនៅក្រៅឃុំបាននោះទេ។ សម្ដេចតេជោបានបន្ដថា នេះ​ជា​កិ​ច្ច​​ការ ដែលចាំ​បាច់​ត្រូវធ្វើក្នុងគោលដៅបង្រួបបង្រួមជាតិ រក្សាសន្តិភាព និងសេចក្ដីសុខជូន​ប្រ​ជា​ពលរដ្ឋ ព្រោះអ្នកទាំងនោះចាញ់បោកគេទេ។ ​នេះជាការបន្ធូរបន្ថយឱ្យបងប្អូន​ទាំងឡាយ​ដែ​ល​ចាញ់បោកមេក្លោងរដ្ឋប្រហារ។ សម្ដេចតេជោថ្លែងបន្តទៀតថា ជាមួយគ្នានេះដែររាជរដ្ឋាភិ​បា​​លអំពាវនាវឱ្យបងប្អូនដែលចាញ់បោកមេក្លោង ហើយរត់ទៅក្នុងប្រទេសថៃ ឬប្រទេស​ផ្សេង​ទៀ​ត សូមបងប្អូនវិលត្រឡប់មកកាន់ផ្ទះសម្បែងនៅក្នុងប្រទេសកម្ពុជាវិញ ហើយ​បងប្អូនមិន​មា​ន​ទោសពៃ​ ឬចាប់ចងអ្វីនោះទេ។ សម្ដេចតេជោគូសបញ្ជាក់ថា  «ហ៊ុន សែនបញ្ជារដ្ឋបាល​ថ្នា​ក់​ក្រោមជាតិ និងសមត្ថកិច្ចទាំងអស់ មិនត្រូវចាប់ចងអ្នកដែលបាន​ទៅលាក់ខ្លួននៅ​ក្នុង​ប្រ​ទេ​សថៃ ឬប្រទេសផ្សេងនោះទេ។ ចំពោះអ្នកដែលមានដីកាចាប់ខ្លួនហើយ សូមអំពាវនាវ​ឱ្យ​ក្រ​សួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា ដែលបានចេញដីកាចាប់ខ្លួនមនុស្សមួយចំនួន គ​ប្បី​​​ត្រូវដក និងលុបដីកានោះចេញ ដើម្បីអនុញ្ញាតឱ្យគេបានវិលមក​ស្រុកវិញ។”​

សម្ដេចតេ​ជោបាន​ថ្លែងថា នេះគឺដោយសារអ្នកទាំងនោះចាញ់បោ​ក​​គេ។ សម្ដេតេជោ​បានលើកឡើងថា  រាជរដ្ឋា​ភិ​​បាល​យល់ណាស់ ក៏ប៉ុន្តែ​នៅ​មុនថ្ងៃទី០៩ ខែវិច្ឆិកា រាជរដ្ឋាភិបាល​មិនអាចប្រើសម្ដី​នេះបានទេ ព្រោះ​រាជរដ្ឋាភិបាលមានការចាំបាច់ ដើម្បីត្រួតត្រាសភាពការណ៍ ប្រឆាំងនឹងរដ្ឋប្រហារ និង​អំ​ពើ​ហិង្សា ដែលគេប៉ុនប៉ងផ្ដួលរំលំ។ ប៉ុន្តែឥឡូវនេះ ក្នុងនាមសម្ដេច​ជាប្រធាននីតិប្រតិបត្តិ សម្ដេចតេជោក៏បានអំពាវ​នាវ​ឱ្យ​​មនុស្សទាំងអស់ដែលកំពុងរត់គេចខ្លួន ត្រឡប់មកភូមិកំណើតវិញ។

នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បាន អរគុណចំពោះជនរួមជាតិ​នៅ​ទូទាំងប្រទេស ក៏​ដូច​ជាកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែបានចូលរួមទប់ស្កាត់នូវរដ្ឋ​ប្រហារមួយ ដែ​ល​ប៉ុ​ន​ប៉ងដណ្ដើមអំណាចនៅថ្ងៃទី០៩ ខែវិច្ឆិកាកន្លងមក តាមរយៈការ​ចូល​រួមទទួលទានអំបុ​ក​ ក្រោ​មបាវចនា «អំបុកខ្មែរថែជាតិ សាសនា និងព្រះមហាក្សត្រ»។ សម្ដេចតេជោគូសបញ្ជា​ក់​ទៀតថា​ វាជារឿងចំឡែកណាស់ ដែលសារនយោបាយបាន​ផ្ដល់​ចេញមកថា ថ្ងៃទី០៩ ខែវិច្ឆិកា គឺជា​ថ្ងៃ​​ចា​ប់ ហ៊ុន សែន ដើម្បីយកទៅផ្ដន្ទាទោស ឬត្រូវនិរទេស​ហ៊ុន សែន ឱ្យទៅនៅក្រៅប្រទេស ហើ​យគេចូលគ្រប់គ្រងអំណាចម្ដង វាពិតជារឿង​ចម្លែក​ណាស់។ សម្ដេចតេជោបានបន្ថែមថា ដូច្នេះរាជរដ្ឋាភិបាល​គ្មាន​ជ​ម្រើ​​សអ្វី ក្រៅពីការទប់ស្កាត់ ឱ្យខានតែបានដោយគ្រប់វិធី ដើម្បីធានានូវសន្តិភាព និងសន្តិ​សុខ​​សម្រាប់ប្រជាពលរដ្ឋរបស់ យើង។ សន្តិសុខមានតម្លៃខ្លាំងណាស់ ដោយសារ​តែសន្តិសុខ​នេះ​ហើយ ទើ​ប​ប្រជាពល​រដ្ឋរបស់​យើង សប្បាយរីករាយនៅក្នុងពេលបុណ្យជាតិ ៩វិច្ឆិកា និង​បុណ្យ​អុំទូក ថ្ងៃទី​១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកាកន្លងមកនេះ។ សម្ដេចតេជោបានបន្តទៀតថា ពួកគេ​និ​យាយ​ថាដំណើរ​ការ​ប្រជាធិបតេយ្យ ក៏ប៉ុន្តែបែរជាផ្ដួលរំលំតាមរយៈហិង្សា តើនេះជាអ្វីទៅ។ ក៏​ប៉ុ​ន្តែ​ផែនការ​ប្រកប​ដោយមហិច្ឆិតា ត្រូវទទួលបរាជ័យ ព្រោះប្រជាជននៅតែត្រូវការសន្តិភាព នៅ​តែត្រូវ​ការតួនាទីរបស់គណបក្សប្រជាជន និងនៅតែត្រូវការតួនាទីរបស់ហ៊ុន សែនដឹកនាំ។ ជាមួយ​គ្នានេះ កម្លាំ​ងប្រដាប់អាវុធទាំងអស់ រដ្ឋបាលទាំងអស់ ​នៅក្រោមការត្រួតពិនិត្យ និងគាំទ្រ​របស់​រាជរដ្ឋា​ភិ​បា​ល​​ស្របច្បាប់ មិនមែនទៅគាំទ្រពួកឧទ្ទាមនោះទេ។ សម្ដេចតេជោថ្លែង​ទៀតថា ផែនការ​នេះ​អា​ក្រក់​ណាស់ សូមអ្នកគិតឡើងវិញ ហើយផ្ដល់សារនយោបាយជាថ្មី​ឡើងវិញ ក៏ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​ ទោសរបស់អ្នកមិនត្រូវបានទទួលការអត់ឱននោះទេ អ្នកត្រូវតែ​ឆ្លងតាមគន្លងច្បាប់មួយ។ សម្ដេចតេជោបានអះអាងថា “អ្នកដែ​ល​មានសិទ្ធិតែមួយគត់ ក្នុងការ​លើកសំណើថ្វាយព្រះ​មហាក្សត្រ គឺដៃស្ដាំរបស់ ​ហ៊ុ​ន​ សែន តែហ៊ុន សែន មិនចុះហត្ថលេខា​សុំការលើកលែងទោសឱ្យមនុស្សដដែលនោះទេ ហើយនេះ​ជាសារន​យោ​បាយជាក់លាក់ ព្រោះនេះវាជារឿងដែលអាក្រក់ជួជាតិបំផុត”៕

ដោយ ជឹម ណារី