ឯកឧត្ដម ឃួង ស្រេង ទទួលជួបពិភាក្សាការងារជាមួយ ប្រធានអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — លោកជំទាវ ជូលីន ថាម៉េស៊ីស ប្រធានអង្គការសហប្រជាជាតិ ប្រចាំនៅព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាសន៍ថា លោកជំទាវមានគោលបំណងចង់ឈ្វេងយល់អំពីទស្សនៈ វែងឆ្ងាយរបស់រាជធានីភ្នំពេញពាក់ព័ន្ធនឹងការរក្សាកំណើន និងការអភិវឌ្ឍរបស់រាជធានី ស្រប ពេលដែលរាជធានីភ្នំពេញកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។

ការលើកឡើងបែបនេះរបស់លោកជំទាវ ជូលីន ថាម៉េស៊ីសខណៈដែល លោកជំទាវអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលារាជធានី ស្តីពីកិច្ចការ នគរូបនីយកម្ម និងកាលានុវត្តភាពក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការសហប្រជាជាតិ។

លោកជំទាវ ជូលីន ថាម៉េស៊ីស បានមានប្រសាសន៍ថា ការជួបពិភាក្សានេះគឺ មានគោលបំណងចង់ឈ្វេងយល់អំពីទស្សនៈវែងឆ្ងាយរបស់រាជធានីភ្នំពេញ ក្នុងការរក្សា កំណើនអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ នៅក្នុងពេលអនាគត និងចង់ជម្រាបដល់ឯកឧត្តម អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឱ្យបានដឹងជុំវិញព្រឹត្តិការណ៍ថ្នាក់ជាតិ ដែលគ្រោង ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល នៅថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខនេះ ពាក់ព័ន្ធនឹងនគរូបណីយកម្ម ដែលរៀបចំដោយក្រសួងដែនដី នគរូបណីយកម្ម និងសំណង់ជាមួយអង្គការសហប្រជាជាតិ។ លោកជំទាវ ក៏បានបង្ហាញពីចំណាប់ អារម្មណ៍មួយចំនួនជុំវិញបញ្ហាសន្តិសុខ  និងការទុកដាក់សំរាមផងដែរ។

ឯកឧត្ដម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្ននេះយើងមានអគារខ្ពស់ៗច្រើន ក្នុងនោះរួមមាន អគារដែលមានកម្ពស់ពី៥ ទៅ៩ជាន់ មានចំនួន៧១៦ អគារ, អគារកម្ពស់ ១០ជាន់ ទៅ ១៩ជាន់មានចំនួន៣៥០អគារ, អគារកម្ពស់២០ ទៅ ២៩ជាន់ មានចំនួន ៨២អគារ អគារកម្ពស់ពី ៣០ជាន់ ទៅ ៣៩ជាន់ មានចំនួន៤០អគារ  អគារដែលមានកម្ពស់ពី៤០ជាន់ឡើងទៅមានចំនួន២៦អាគារ និងមានបុរីចំនួន២១៨បុរី។

ទន្ទឹមនឹងការឱ្យរីកចម្រើនលើគ្រប់វិស័យតែរាជធានីភ្នំពេញក៏មានបញ្ហាប្រឈមមួយចំនួនផងដែរដូចជាបញ្ហាប្រឈមទៅលើបញ្ហាបរិស្ថាន ការកកស្ទះចរាចរ និងកាកសំណល់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហាប្រឈមទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងធ្វើការដោះស្រាយផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងនគរូបនីយកម្មនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើការប្រទានកម្មដីជូនប្រជាពលរដ្ឋយ៉ាងច្រើន ដូចជាប្រជាពលរដ្ឋរស់នៅលើដីសាធារណៈរបស់រដ្ឋ យើងបានប្រទានកម្មជូនពួកគាត់ បានជាង៣០០សហគមន៍ និងយើងបានប្រទានកម្មដីឯកជនរបស់រដ្ឋជូនពួកគាត់បានចំនួន ១១៦១៤ក្បាលដី នៅរាជធានីភ្នំពេញ ដើម្បីឱ្យមានសិទ្ធិរស់នៅស្របច្បាប់ ហើយការងារនេះ រាជរដ្ឋាភិបាល នឹងប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់នៅក្នុងឆ្នាំ២០២១ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋដែលមិន មានផ្ទះសម្បែងស្នាក់នៅ៕

ដោយ សួស សំរិត