គ្រូបង្គោលបាល់ទាត់កម្ពុជា៖ យើងចង់លេងគ្រប់ការប្រកួតទាំងអស់ សម្រាប់ស៊ីហ្គេម នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩នេះ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — លោក Felix G. Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានថ្លែងថា សម្រាប់ការ​ប្រកួតក្នុងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺយើង​ចង់លេងគ្រប់ការប្រកួតទាំងអស់រហូតដល់ការប្រកួតចុងក្រោយ នៃវគ្គផ្តាច់ព្រ័ត្រ។

គ្រូបង្គោលរូបនេះបានបញ្ជាក់ថា “យើងមិនគិតថា ក្រុមយើងស្ថិតនៅក្នុងពូលណាទេ ឬជួបក្រុមណានោះទេ។ ការហ្វឹកហាត់ត្រៀមខ្លួនរបស់ពួកយើងលើកនេះ គឺខុសពីរាល់ដង​បន្តិច ដោយហ្វឹកហាត់ជាមួយក្រុមដែលត្រៀម សម្រាប់ប្រកួតជាមួយក្រុមម្ចាស់ផ្ទះហុងកុង នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ សម្រាប់វគ្គជម្រុះជុំទី២ ជើងទី២ FIFA World Cup ផង និងត្រៀម ការប្រកួតស៊ីហ្គេមផង ដែលប្រើប្រាស់ឈុត U22 និងកីឡាករលើសអាយុ២នាក់។”

លោកបានបន្ដថា ការហ្វឹកហាត់នេះមានកីឡាករសរុប៣៥នាក់ ដូច្នេះអញ្ចឹងហើយបាន​ជាយើងហ្វឹកហាត់ជា២លក្ខខណ្ឌផ្សេងគ្នារហូតមកដល់ពេលនេះ ការហ្វឹកហាត់ គឺរលូន ហើយ កីឡាករម្នាក់ៗត្រូវខិតខំសម្រាប់កៅអីរបស់ខ្លួន។ លោកបានបន្ថែមថា​ ជំនួបជាមួយម៉ុងហ្គោលី គឺជាការប្រកួតត្រៀមខ្លួនដ៏ល្អមួយមុនជំនួបជាមួយហុងកុង នៅទីក្រុងហុងកុង សម្រាប់​ថ្ងៃទី​១៩ ខែវិច្ឆិកាខាងមុខនេះ។

លោក Felix បានបញ្ជាក់បន្ថែមថា ក្នុងការហ្វឹកហាត់នេះ​ក៏មានកីឡាករអាយុ​ក្រោម១៩​ឆ្នាំខ្លះៗដែរ ដោយលោកមើលឃើញថា ពួកគេលេងបានល្អ ហើយលោកចង់ឱ្យ​ពួកគេលេងឱ្យ​បានច្រើន ដើម្បីទទួលបានបទពិសោធន៍ឱ្យកាន់តែច្រើន។ ក្រុម U19 កម្ពុជាល្អច្រើន របៀប​លេង​​ធ្វើបានល្អ យើងឃើញថា គេមានការរីកចម្រើន មិនមែនត្រឹមតែក្នុងឆ្នាំ២០១៩នេះទេ ហើយនៅឆ្នាំខាងមុខៗ លោកសង្ឃឹមថា ពួកគេនឹងធ្វើបានល្អបន្ថែមទៀត។

សូមបញ្ជាក់ថា សម្រាប់ស៊ីហ្គេមឆ្នាំនេះ ក្រុម U22 កម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយ​៤ក្រុមទៀត គឺក្រុមម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ទីម័រខាងកើត និងម្ចាស់ផ្ទះហ្វីលីពីន ដោយក្រុម​កម្ពុជានឹងត្រូវប្រកួតបើកឆាកជាមួយម្ចាស់ផ្ទះ ហ្វីលីពីន នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ ចំណែកពូល B មាន៦ក្រុម គឺថៃ វៀតណាម ឡាវ សិង្ហបុរី ព្រុយណេ និងឥណ្ឌូណេស៊ី៕

ដោយ ហេង ណាលីន