រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

AKP  បាត់ដំបង ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យ ជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅមុខសាលាខេត្ត និងមានការ ចូលរួមពីដឹកនាំមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋច្រើនយ៉ាងច្រើនកុះករ។

ឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអានសារលិខិត ទាំងស្រុង និងបានថ្លែងថា ៩វិច្ឆិកា ជាទិវាឯករាជ្យជាតិ និងជាកំណើតនៃកងយោធពល ខេមរភូមិន្ទ ដែលជាថ្ងៃប្រវត្តិសាស្រ្ត នៃការប្រកាសឯករាជ្យពេញលេញរបស់កម្ពុជា ក្រោមព្រះរាជបូនីយកិច្ច និងព្រះរាជបេសកកម្មទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំងនា ឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។ ប្រជារាស្រ្តរបស់ព្រះអង្គទាំងអស់គ្នា តែងតែចងចាំ និងចារឹកជាប់ជានិច្ច ក្នុងជីវិតនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រហ្មវិហារធម៌យ៉ាងជ្រាលជ្រៅ របស់ព្រះករុណា ដែលកន្លងមកព្រះអង្គបានបូជា ព្រះកាយពល និងបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យនៅកម្ពុជា ឱ្យរួចផុតពីអាណានិគមនិយមបារាំង។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ព្រះអង្គបានបន្សល់ទុក្ខនូវស្នាព្រះហស្ត ដោយពុំអាចកាត់ថ្លៃបាន រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានត្រួសត្រាយមាគ៌ា សន្តិភាព សាមគ្គីភាព និងវឌ្ឍនភាព សង្គមជាតិខ្មែរទាំងមូល ដែលយើងទាំងអស់គ្នា ជាកូន ជាចៅ ចៅទួត របស់ព្រះអង្គបានដង្ហែតាមមាគ៌ាដ៏ថ្លៃថ្លានេះរហូតមក ទោះបីព្រះអង្គយាងចូលព្រះទិវង្គតហើយក៏ដោយ ។

ទន្ទឹមនឹងនេះ យើងទាំងអស់គ្នាចូលរួមអបអរសាទរខួបលើកទី៦៦ នៃថ្ងៃកំណើតកង យោធពលខេមរភូមិន្ទ ដោយបានចាត់ទុកថា សមិទ្ធផលដ៏ធំធេងទាំងឡាយ ដែលយើង សម្រេចបាននេះ ពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ការផ្សះផ្សា បង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស រក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម កែលម្អអភិបាលកិច្ច លើកស្ទួយវិស័យសាធារណៈនិងការអភិវឌ្ឍជាតិ។ កត្តាទាំងនេះបាន ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាមូលដ្ឋានដ៏រឹងមាំគ្រប់ផ្នែក គ្រប់វិស័យធ្វើឱ្យកិត្យានុភាព របស់ប្រទេស មានការផ្លាស់ប្តូរមុខមាត់ថ្មី ស្រស់បំព្រងទាំងផ្ទៃប្រទេស ក៏ដូចនៅលើពិភពលោក ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)