សហរដ្ឋអាមេរិកស្នើឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យយោធាជាមួយប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េ   រិកប្រចាំប្រទេសកម្ពុជា បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យយោធាជាមួយប្រទេសកម្ពុជា។ សំណើនេះបានធ្វើឡើងនៅក្នុងជំនួបរវាង ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសកម្ពុជា ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀល​ថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រោយបញ្ចប់ជំនួបនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ភាគីអាម៉េរិកចង់ឱ្យមានកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀត ជាមួយកម្ពុជា ដើម្បីស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងយ៉ាងដូច្នេះថា លោក W. Patrick Murphy ចង់ឱ្យមានការទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យបានខ្លាំងក្លាឡើង ក្នុងនោះលោកបានលម្អិតជាក់ស្តែងនូវបញ្ហាមួយចំនួនដូចជា ចង់ឱ្យមាន ទស្សនកិច្ចនាវាចូលសំចតឡើងវិញ ឱ្យមានការបើកហ្វឹកហ្វឺនរួម និងរឿងមួយចំនួន។

ប្រមុខការពារជាតិកម្ពុជា បានឱ្យដឹងថា ការលើកឡើងនូវសំណើមួយចំនួនរបស់ឯកអគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាមេរិករូបនេះ គឺហាក់បីដូចខិតខំធ្វើយ៉ាងណាស្តារឡើងវិញ នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ បន្ថែមពីនេះ លោក W. Patrick Murphy ចង់ឱ្យកងទ័ពមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មនៅប្រទេសម៉ាលី ផ្តល់កិច្ចសហប្រតិបត្តិការលើការផ្តល់ព័ត៌មាន ទៅវិញទៅមករវាងកងទ័ពប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ។ ចំពោះសំណើនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសស្វាគមន៍ចំពោះការលើកឡើងរបស់ទូតអាម៉េរិកថ្មីរូបនេះ ព្រោះបញ្ហានេះ ជាបញ្ហារួមរវាងបណ្តាកងទ័ពរបស់ប្រទេសនានា ដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសដែលកំពុងតែហួងហែង ដោយសារតែភ្លើងសង្គ្រាមនៅលើពិភពលោក និងនៅក្នុងតំបន់មជ្ឈិមបូព៌ា។

បើតាមសម្តេចពិជ័យសេនាបានបន្តឱ្យដឹងថា  កិច្ចសន្ទនានេះ គឺភាគីអាម៉េរិក ចង់ឱ្យមានកាន់តែឆាប់រហ័សលើកិច្ចសហប្រតិបត្តិការយោធា ជាពិសេសការធ្វើលំហាត់ហ្វឹកហ្វឺនយោធារួមគ្នា ឱ្យកាន់តែឆាប់រហ័ស។

សម្តេចពិច័យសេនាបានបន្តទៀតថា ប្រទេសកម្ពុជា តែងតែស្វាគមន៍ គឺមិនដែលបិទការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាជាមួយបណ្តាប្រទេសណាមួយនោះទេ ក៏ប៉ុន្តែកម្ពុជា ត្រូវការពេលវេលា លទ្ធភាព និងកាលៈទេស ដែលត្រូវទាមទារឱ្យអនុវត្តន៍ ប៉ុន្តែប្រសិនបើការធ្វើនោះហួសពីសមត្ថភាព ក៏កម្ពុជាមិនអាចទទួលយកបានដែរ៕

ដោយសំ សាម៉ន