សត្វ​ផ្សោត​ទន្លេ​មេគង្គ​​មួយ​ក្បាល បានស្លាប់ដោយសារជាប់មងនៅ​ក្នុង​ខេត្ត​ក្រចេះ

AKP  ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩​ — តាមការចេញផ្សាយរបស់អង្គការ WWF នៅរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩បានឱ្យដឹងថា សត្វ​ផ្សោត​ញី​មួយ​ក្បាល​ត្រូវ​បាន​ប្រទះ​ឃើញ​​ស្លាប់​នៅ​អន្លង់​ព្រះ​សង្ឃ​ ស្ថិត​ក្នុង​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​ ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​។

តាម​រយៈ​ការ​ធ្វើ​កោសល្យ​វិច័យ​របស់ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​សត្វ​ផ្សោត ​បាន​ពិនិត្យ​ឃើញ​ថា​ សត្វ​ផ្សោត​ដែល​ស្លាប់​នោះ​ មាន​ទម្ងន់ ១១០គីឡូ​ក្រាម និង​មាន​ប្រវែង​ ២២៧ សង់ទី​ម៉ែត​​ ហើយ​មូល​ហេតុ​នៃ​ការ​ស្លាប់​ គឺ​បណ្តាល​មក​ពី​កន្ទុយ​របស់​វា​បាន​ជាប់​មងនេសាទ​​។

សត្វ​ផ្សោត​ទន្លេ​មេគង្គ​ ដែល​កំពុង​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង​ នៅ​តែ​ទទួល​រង​ការ​គំរាម​កំហែង​ដោយ​ការ​នេសាទ​ខុស​ច្បាប់​ ហើយ​មង​នេសាទ​ខុស​ច្បាប់​ក្នុង​តំបន់​ការ​ពារ​សត្វ​ផ្សោត​នៅ​តែ​ជា​កត្តា​ចម្បង​មួយ​នៃ​ការ​ស្លាប់​របស់​សត្វ​ផ្សោត​ទន្លេ​មេគង្គ​។

ដើម្បី​ការ​ពារ​ថែ​រក្សា​សត្វ​ផ្សោត​ទន្លេ​មេគង្គ​​ សូមចូល​រួម​​បញ្ឈប់​រាល់​ការ​នេ​សាទ​ខុស​ច្បាប់ទាំង​ឡាយ ជា​ពិសេស​ការ​នេ​សាទ​ខុស​ច្បាប់​ នៅ​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ៕

ដោយ ណយ នឿន (ប្រភព៖ WWF)