ក្រុមជម្រើសជាតិកីឡារាំកម្ពុជា វិលត្រឡប់មកដល់មាតុប្រទេសវិញក្រោយឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធិចំនួន១៧គ្រឿង

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្រុមកីឡាករ កីឡាការិនីកីឡារាំកម្ពុជាបានវិលត្រឡប់មកដល់មាតុប្រទេសខ្លួនវិញ កាលពី ល្ងាច​ថ្ងៃ​អង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពី​ដណ្តើមបានមេដាយមាស៨គ្រឿង មេដាយប្រាក់៧គ្រឿង និងមេដាយសំរឹទ្ធិ៦គ្រឿង នៅ​ក្នុងការប្រកួតជើងឯកយុវជនអាស៊ី (ADSF Asian Youth Single Dance Championship 2019) នៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ដោយមាន១១ប្រទេសបានចូលរួម។
ក្រុមជ័យលាភីទាំងនេះទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ឆៃ ច័ន្ទរឹទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាអនុប្រធានកិត្តិយសសហព័ន្ធ​កីឡារាំ​កម្ពុជា។

លោកជំទាវ ញ៉ែម មរកត បានមានប្រសាសន៍ថា នេះគឺជាមោទនភាពថ្មីមួយទៀត សម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិកីឡារាំចំនួន១២នាក់ ស្មើនឹង៦គូ ដែលនាំយក​មេដាយ​សរុបចំនួន១៧ គ្រឿងមកជូនជាតិ។ លោកជំទាវបានបន្ដថា ជាមួយនឹងលទ្ធផលដ៏​គាប់ប្រសើរបែបនេះ លោកជំទាវបានដាក់ក្តីសង្ឃឹមយ៉ាងខ្ពស់ផងដែរ នៅក្នុងការប្រកួតប្រជែង​ដណ្តើមមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាពេល ខាងមុខ​ឆាប់ៗនេះ។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានបញ្ជាក់ជូនដែរថា មេដាយមាសប្រាក់ និងសំរឹទ្ធិ ដែលកម្ពុជាខិតខំដណ្តើមបាននេះរួមមាន៖ លោក ច័ន្ទ វិទ័រ និងកញ្ញា ព្រាប ដានីអែលឡា បានឈ្នះមេដាយមាស៣គ្រឿង លើវិញ្ញាសារាំគូ ADSF Asian Hong Kong Open។ លោកស្រីបន្ដថា វិញ្ញាសារាំគូ កីឡាករ ភុន ស៊ីវត្រា និងកីឡាការិនី សាន រ៉ូហ្សា ដណ្តើមបាន​មេដាយ​មាស ១គ្រឿង។ វិញ្ញា​សា​រាំឯកត្តជន ដោយកីឡាការិនី សាន រ៉ូហ្សា ឈ្នះមេដាយមាស ១គ្រឿង លើចង្វាក់ Rumba មេដាយសំរឹទ្ធិ ២គ្រឿង។ វិញ្ញាសារាំឯកត្តជន កីឡាការិនី យី អ៊ីលីង បានទទួលមេដាយមាស​២គ្រឿង លើវិញ្ញាសា ADSF Asian Hong Kong Open លើចង្វាក់ Rumba, Cha Cha Cha និង​មេដាយប្រាក់លើចង្វាក់ 3 Dances។ វិញ្ញាសារាំឯកត្តជន កីឡាករ ជុំ លីហៀងបាន​ទទួលមេដាយមាស ១គ្រឿង លើចង្វាក់ 3Dances (Cha Cha Cha, Rumba, Jive) និង មេដាយប្រាក់ លើវិញ្ញាសា 2Dances (Samba, Paso Doble)។ ក្រៅពីនេះក៏មានមេដាយប្រាក់ និងសំរឹទ្ធិជាច្រើនគ្រឿងទៀតដែល​ដណ្តើម​បានដោយកីឡាករ កីឡាការិនីកម្ពុជា។

សូមបញ្ជាក់ថា នេះគឺជាជោគជ័យថ្មីមួយបន្ថែមទៀត សម្រាប់ប្រភេទកីឡារាំកម្ពុជា នៅក្នុងការរួមប្រកួតប្រជែងមេដាយជាលើកដំបូងរបស់ខ្លួន នៅក្នុងស៊ីហ្គេម លើកទី៣០ នៅ​ប្រទេស​ហ្វីលីពីន នាចុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕

ដោយ ហេង ណាលីន