ទូកដែលមានល្បឿនលឿនជាងគេប្រចាំឆ្នាំ២០១៩គឺសារាយតេជោសែនជ័យមកពី​ខេ​ត្ត​ក​ណ្ដា​ល​

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រ​សួង​អប់រំ យុវជន និងកីឡា​និងជាអនុប្រធានគណៈ​កម្មការបច្ចេកទេស ជាប្រធានគណៈមេប្រយោគ​ការ​ប្រ​កួ​ត​ទូ​ក«ង»​បានប្រកាសនៅថ្ងៃបញ្ចប់​នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អ​ក​អំ​បុក នៅថ្ងៃទី១២​ខែវិច្ឆិកា​ឆ្នាំ២០១៩នេះថា ទូក​ដែលមានល្បឿនលឿនជា​ងគេប្រ​ចាំ​​ឆ្នាំ២​០​១​​​៩នេះ គឺទូកមានឈ្មោះ សា​រាយតេជោសែនជ័យ មកពី​ខេ​ត្ត​ក​ណ្ដា​ល​។ ចំពោះ ទូកលេខ២គឺទូកឈ្មោះសម្តេចវិបុល​បញ្ញា​បា​រ​​មីមានជ័យ មកពីខេត្តតាកែវ និងលេខ៣ ទូកឈ្មោះគិរីវង់សុខសែនជ័យ មកពីខេត្តតាកែវ។

ដោយឡែក ទូកដែល មាន សោភ័ណភាពស្អាតជាងគេប្រចាំឆ្នាំ២០១៩គឺ លេខ១ ទូកមានឈ្មោះ ក្អែកសតេជោសែនជ័យ មក​ពី​រា​ជ​ធា​នីភ្នំពេញ លេខ២ នរិន្ទរង្សីស្រីសពិជ័យ​ចិត្របុត្រ មកពីខេត្ត បាត់ដំបង លេខ៣ សុវណ្ណរា​ជ​សី​​ហបារមីបន្ទាយមហានគរ មកពីខេត្ត​បន្ទាយមានជ័យ។

ឯកឧត្ដមបានបន្ថែមថា ចំពោះទូកដែលទទួលបានចំណាត់ថ្នាក់ផែនលេខ១មាន៦ទូកគឺ ទូកអុំបុ​រ​ស​តំ​ណា​ង​ផែ​​នលេខ១ ឈ្មោះ ផ្ការាំស័ក្តិសិទ្ធិ  ទូកអុំនារីតំណាងផែនលេខ១ ឈ្មោះ រន្ទះពេជ្រសែនជ័យ ទូក​ចែវ​បុរសតំណាងផែនលេខ១ ឈ្មោះ សម្តេចចៅហ្វាវាំងគង់ ទូកចែវ​នារីតំណាងផែនលេខ១  ឈ្មោះ ព្រះពៃស្រពណ៍ ទូកខ្នាតអន្តរជាតិបុរសតំណាងផែនលេខ១ ឈ្មោះ ស ស យ ក ស្រុកពោធិ៍រៀង ទូកខ្នាតអន្តរជាតិនារីតំណាងផែនលេខ១ ឈ្មោះសំហេង​មហាសែនតេជៈ​បា​រ​មី​សារាវ័នតេជោ។

ជាមួយគ្នានេះដែរ សម្រាប់ទូកដែលទទួលបានចំណាត់ថ្នាក់ផ្នែកសោភ័ណភាព មាន៣​ទូក រួមមាន ទូកអុំបុរស ឈ្មោះ ភ្នែកស តេជោសែនជ័យ មកពីរាជធានីភ្នំពេញ ទូកអុំបុរស​ឈ្មោះ នរិន្ទរង្សី ស្រីស ពិជ័យចិត្របុត្រ មកពីខេត្ដបាត់ដំបង និងទូកអុំបុរសឈ្មោះ សុវណ្ណរាជ​សីហ៍បារមីបន្ទាយមហានគរ មកពីខេត្ដបន្ទាយមានជ័យ៕

អត្ថបទ៖ គង់ សិរីរ័ត្ន, រូបភាព៖ ខឹម សុវណ្ណារ៉ា