អ្នកនាំពាក្យក្រសួងយុត្ដិធម៌ឆ្លើយតបទៅនឹងក្តីបារម្ភរបស់អ្នកស្រី Rhona Smith និងអង្គទូត មួយ​ចំនួននៅកម្ពុជា លើករណីសំណុំរឿង លោក កឹម សុខា

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ — អ្នកនាំពាក្យក្រសួងយុត្ដិធម៌បានឆ្លើយតបទៅនឹងក្តីបារម្ភក៏ដូចជាសំណូមពររបស់អ្នកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅកម្ពុជា និងអង្គទូតមួយចំនួននៅកម្ពុជា លើករណីសំណុំរឿង លោក កឹម សុខា បានគូសបញ្ជាក់អំពីទិដ្ឋភាពច្បាប់ជាតិ និងអន្តរជាតិពាក់ព័ន្ធករណីនេះ។ នេះបើតាមការ​បញ្ជាក់​របស់ឯកឧត្ដម ជិន ម៉ាលីន អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌។

ឯកឧត្ដម ជិន ម៉ាលីន បានលើកឡើងថា ការបង្ហាញនូវក្តីបារម្ភក៏ដូចជាសំណូមពរ​របស់​អ្នកស្រី Rhona Smith និងអង្គទូតមួយចំនួននៅកម្ពុជា គឺជាសិទ្ធិសេរីភាពក្នុងការសម្ដែងមតិ និងការយល់ឃើញផ្ទាល់ខ្លួនរបស់ពួកគាត់ តែអ្វីៗត្រូវអនុលោមតាមបញ្ញត្តិច្បាប់ជាតិរបស់​កម្ពុជា​ដែល​មានជាធរមាន។ ទន្ទឹមនេះ ចៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋ​អធិបតេយ្យ ដែលត្រូវបានហាមប្រាមដោយច្បាប់អន្តរជាតិ រួមមានធម្មនុញ្ញអង្គការសហ​ប្រជាជាតិ និងបញ្ញត្តិច្បាប់អន្តរជាតិផ្សេងៗទៀតស្តីពីទំនាក់ទំនងការទូត និងនីតិវិធីពិសេស​របស់អង្គការសហប្រជាជាតិ។ ឯកឧត្ដមបានបន្ដថា ​ផ្អែកលើបញ្ញត្តិច្បាប់ជាតិរបស់កម្ពុជា ដែល​មានជាធរមាន ស្ថានភាពលោក កឹម សុខា បច្ចុប្បន្ននេះ មិនដូចស្ថានភាពរបស់ពលរដ្ឋ​និងអ្នកនយោបាយទូទៅនោះទេ ព្រោះគាត់កំពុងជាប់ពិរុទ្ធនិងបទចោទ និងស្ថិតក្នុងដំណាក់​កាល​នីតិវិធីនៃការស៊ើបសួររបស់តុលាការ ហើយត្រូវបានតុលាការសម្រេចដោះលែងឱ្យ​នៅ​ក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលក្នុងដំណាក់កាលនេះ ច្បាប់អនុញ្ញាត​ឱ្យ​តុលាការអាចធ្វើការកម្រឹតនូវសិទ្ធិសេរីភាពមួយចំនួន រួមទាំងសិទ្ធិនយោបាយផងដែរ ដើម្បីជាប្រយោជន៍នៃការស៊ើបសួរ។ ឯកឧត្ដមបានបន្ថែមថា ក្នុងដំណាក់កាលនីតិវិធីនៃ​ការស៊ើបសួរ និងរបបនៃការដាក់ឱ្យនៅក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ ច្បាប់មិនបានកំណត់អំពីរយៈពេលអតិបរិមាឡើយ ពោលគឺអាស្រ័យលើចៅក្រម​ស៊ើបសួរជា​អ្នកកំណត់ដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេត។ ជាមួយគ្នានេះ ផ្អែកលើបញ្ញត្តិនីតិវិធី​ច្បាប់ជាតិ​របស់កម្ពុជាដែលមានជាធរមាន ការសម្រេចទម្លាក់ចោលបទចោទ ឬមិនទម្លាក់ ជាសិទ្ធិរបស់តុលាការដែលជាស្ថាប័ន​ឯករាជ្យ ហើយត្រូវធ្វើឡើងដោយផ្អែក​លើមូលដ្ឋាន​ច្បាប់​និងលទ្ធផលនៃការស៊ើបអង្កេត ដោយមិនត្រូវទទួលរងសម្ពាធ​និងការបង្គាប់បញ្ជារបស់​ភាគី​ណា​មួយឡើយ រួមទាំងស្ថាប័នអន្តរជាតិ និងអង្គទូតផងដែរ៕

ដោយ អ៊ុន រិទ្ធី