Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ខេត្តកំពង់ធំប្រារព្ធទិវាបុណ្យឯករាជ្យ៩វិច្ឆិកា 

Published

on

AKP កំពង់ធំ ថ្ងៃទី ០៩ ខែវិច្ឆិកា​​ ឆ្នាំ២០១៩ ​– រដ្ឋបាលខេត្តកំពង់ធំបានប្រារព្ធបុណ្យឯករាជ្យជាតិ ( ៩វិច្ឆិកា ១៩៥៣ – ៩វិច្ឆិកា ២០១៩ ) និងទិវារម្លឹកខួបអនុស្សាវរីយ៏លើកទី៦៦ថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទនាព្រឹ​ក​ថ្ងៃសៅរ៍ ១៣កើត​ ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិង ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ស្ថិតក្នុង​បរិវេណវិមានឯករាជ្យនិងពិធីពិសាអំបុកសាមគ្គី អំបុកខ្មែរថែ ជាតិ សាសនា ព្រះមហាក្សត្រ ក្រោមអធិ​ប​តី​ភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំនិងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តមន្ត្រីការកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋ សិស្សានុសិស្សប្រមាណជិត៥០០០នាក់។

ឯកឧត្តម សុខ លូ បានលើកឡើងថា ការប្រារព្ធទិវាឯករាជ្យជាតិ៩ វិច្ឆិកានិងទិវាកំណើតកងយោធពលខេមរភូមិន្ទនេះគឺដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី៦៦ទិវាបុណ្យឯករាជ្យជាតិ(៩វិច្ឆិកា១៩៥៣-៩ វិច្ឆិកា២០១៩)និងទិវាកំណើតនៃ កងយោធពលខេមរភូមិន្ទ ដែលជាទិវាប្រវត្តិសាស្ត្រមានតម្លៃបំផុតនៃមាតុភូ​មិ​ក​ម្ពុជាយើងដែលបានទទួលនូវឯករាជ្យបរិបូណ៌និងសិទ្ធិសេរីភាពដ៏ពិសិដ្ឋពីអាណានិគមនិយមបារាំងក្រោ​មព្រះរាជបូជនីយកិច្ចដ៏ឧត្ដុងឧត្ដមរបស់ព្រះមហាវីរក្សត្រព្រះនរោត្ដម សីហនុព្រះវររាជបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ឯកឧត្តមបានរំម្លឹកថា នៅក្នុងឆ្នាំ១៩៥២ចលនាព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យពេញទី នៃកម្ពុជា ត្រូវបានបង្កើតឡើង ប្រជារាស្ត្រកម្ពុជាគ្រប់ភូមិឋានបានចូលរួមក្នុងចលនាជីវពលនារី ក្លាហានហើយបានមករួមរស់ជាមួយនឹងព្រះករុណាព្រះមហាវីរក្សត្រព្រះ នរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងតំបន់រំដោះខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបាត់ដំបង។

នៅពេលនោះដោយឃើញថា ខ្លួនអាចជួបប្រទះនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជានិងនៅប្រទេសវៀតណាមខាងជើងផងនោះបារាំងក៏បានយល់ព្រមធ្វើការជាមួយនឹងខ្មែរដើម្បីផ្ទេរថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយើងនូវអំណាចនិងសមត្ថកិច្ចលើវិស័យណាដែលខ្លួនមិនទាន់បា​នផ្ទេរមកជូនកម្ពុជា។

ទន្ទឹមនេះឥស្សរជននិងជំនាញការសំខាន់ៗបារាំងនិងខ្មែរបានខិតខំធ្វើការដ៏ត្រឹមត្រូវនៅរាជធានីភ្នំពេញរហូតដល់ថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ១៩៥៣ទើបបានលទ្ធផលដែលជាទីពេញចិត្តនៃភាគីខ្មែរ។ ជាមួយគ្នានេះសម្រាប់ថ្ងៃនោះលោកអគ្គមេបញ្ជាការសេនាធិការ ព្រមទាំងកងទ័ពបារាំងជើងគោក ជើងអាកាសជើង​ទឹកនិងសហភាពបារាំងបានថ្វាយបង្គំលាព្រះករុណាព្រះមហាវីរក្សត្រព្រះនរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានចាកចេញជាដាច់ខាតដោយមិនវិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញឡើយ។ដូច្នេះចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ១៩៥៣ ព្រះរាជាណាចក្រកម្ពុជាយើងមានឋានៈស្មើនឹងសាធារណរដ្ឋបារាំងគឺមានឋានៈជារដ្ឋឯករាជ្យពេញបរិបូរណ៍។

ឯកឧត្តមមានប្រសាសន៍ទៀតថា រយៈពេលកន្លងមកនេះមាតុភូមិកម្ពុជានិងប្រជាពលរដ្ឋយើងមានការ​ប្រែប្រួលមុខមាត់ថ្មីគួរឱ្យកោតសរសើរក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន​ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃបាន ដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវបាននាំមកនូវសុខសន្តិភាព សាមគ្គីភាពឯកភាពជាតិ និងកិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ។

លើសពីនេះទៀតយើងកំពុងតែ សប្បាយរីករាយនិងទទួលផលជាវិជ្ជមានដែលផ្ដើមចេញពីកម្លាំងកសាងនិងការពារជាតិមាតុភូមិ ប្រកបដោយសុខដុមរមនារបស់ជនរួមជាតិយើង។

ឯកឧត្តម ​សុខ លូ ​បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរួមគ្នាសាមគ្គីជាធ្លុងមួយក្រោ​ម​ដំ​បូលរដ្ឋធម្មនុញ្ញនិងច្បាប់រដ្ឋដើម្បីចូលរួមចំណែកការពារនិងកសាងមាតុភូមិលើគ្រប់វិស័យ។ ក្រោយពីបានប្រារព្ធពិធីបុណ្យឯករាជ្យជាតិរួចមករដ្ឋបាលខេត្តកំពង់ធំក៏បានរៀបពិធីពិសាអំបុកសាមគ្គីថែជាតិ សាសនា ព្រះមហាក្សត្រ និងចែកជូនអំបុកដល់ប្រជាពលរដ្ឋនៅសួនស្ទឹងសែនក្នុងបរិយាកាសសប្បា​យ​រី​ករាយក្រោមម្លប់សន្តិភាព៕

ដោយ ស៊ុម វណ្ណា

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន