Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា៖ ទោះបីជាប្រកួតជាមួយក្រុមខ្លាំង ឬខ្សោយ ក៏ត្រូវខិតខំឱ្យ​អស់ពី​សមត្ថភាព

Published

on

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​បានផ្តាំផ្ញើ​ដល់ក្រុមកីឡាករបាល់ទាត់ទាំងអស់ថា ទោះបីជាការប្រកួតត្រូវប៉ះជាមួយក្រុមខ្លាំងក៏ដោយ ខ្សោយក៏ដោយ សំខាន់បំផុតគឺត្រូវខិតខំឱ្យអស់ពីសមត្ថភាព។ ការលើកឡើងរបស់​ឯកឧត្តម​នេះ គឺនៅក្រោយបញ្ចប់ការប្រកួតយកឈ្នះក្រុមយុវជនថៃ ២-១ នៅកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះវគ្គជម្រុះក្នុង ពូល G ព្រឹត្តិការណ៍ AFC U-19 Championship 2020។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា សម្រាប់ការប្រកួតប្រកួត​ចុងក្រោយ​នៃវគ្គសន្សំពិន្ទុ ពូល G នេះត្រូវប្រឹងប្រែង និងដណ្តើមឱ្យបាននូវជ័យជម្នះគ្រាប់​ច្រើន​ទៀត គឺរិតតែល្អ។ ឯកឧត្តមប្រធានសហព័ន្ធបាល់ទាត់កម្ពុជាសម្តែងការស្តោកស្តាយ ដែលកម្ពុជាចាញ់ក្រុមម៉ាឡេស៊ី ថ្ងៃបើកឆាក ហើយប្រសិនប្រកួតនោះ​យើងតាមតាមស្មើ​បាន១ពិន្ទុ​គឺជារឿងល្អ ប៉ុន្តែទោះយ៉ាងនេះក្តី ឯកឧត្តមបានលើកទឹកចិត្តដល់កីឡាករជម្រើស​ជាតិកម្ពុជាត្រូវខិតខំប្រឹងប្រែងបន្តទៀត ដោយនិយាយពីរឿងឈ្នះសិន នាប្រកួតចុងក្រោយ​ជាមួយក្រុមព្រុយណេ។ នៅក្នុងការជួបសំណេះសំណាលលើកទឹកចិត្តនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានស្នើសុំឱ្យកីឡាករជំទង់គោព្រៃកម្ពុជា ត្រូវលេងដោយឈរ​លើស្មារតីមិត្តភាព សាមគ្គីភាព ទុកចិត្តគ្នា ដោយបាល់ទាត់លេងម្នាក់ឯងមិនកើតទេ គឺត្រូវ​លេងរួមគ្នាជាក្រុម ត្រូវជួយគ្នា ហើយអ្នកដែលមិនទទួលការបន្ទោសនោះ ក៏ត្រូវដឹងថាខ្លួនឯង​ត្រូវធ្វើអ្វីឱ្យល្អទៅមុខទៀត។ ឯកឧត្ដមបានបញ្ជាក់ពីចំណុចសំខាន់១ទៀត គឺទាក់ទងនឹង​បច្ចេកទេសត្រូវបូកជាមួយកម្លាំង ប្រសិនបើគ្មានកម្លាំង ក៏ប្រើបច្ចេកទេសមិនកើតដែរ ហើយ​អ្វីដែលពិសេសគឺដាច់ខាតកុំមើលស្រាលគូប្រកួត។ ជាក់ស្តែងដូចការប្រកួតជាមួយក្រុម​យុវជនថៃ ថ្ងៃនេះ គឺខាងថៃគេសំឡឹងមកយើងថាអាចយកឈ្នះយើង ប៉ុន្តែលទ្ធផលចុង​​ក្រោយផ្ទុ​យពីការរំពឹងទុករបស់គេ។ សម្រាប់ការប្រកួត នៅវគ្គទី១ ក្រុមយុវជនកម្ពុជាលេង​បានយ៉ាងល្អ ដោយសម្រេចបាន២គ្រាប់ នៅនាទីទី១៥ ដោយកីឡាករ មិត សាម៉ើយ និងនៅនាទីទី២៥ ដោយកីឡាករ សៀង ចន្ធា ហើយនៅវគ្គទី២ ក្រុមកីឡាករថៃធ្វើសម្រេច​តាម បាន១គ្រាប់វិញ ដោយកីឡាករ Channarong នៅនាទី៨០។ ជាមួយគ្នានេះ ឆ្លងកាត់៣​ប្រកួត ក្រុមម៉ាឡេស៊ី កំពុងឈរបណ្តោះអាសន្ន នៅចំណាត់ថ្នាក់លេខ១ ដោយឈ្នះ៣ប្រកួត មាន៩ពិន្ទុ ខណៈម្ចាស់ផ្ទះកម្ពុជា ឈរនៅលេខ២ ដោឈ្នះ២ប្រកួត និងចាញ់១ប្រកួត​ជាមួយ​ក្រុមម៉ាឡេស៊ី ថ្ងៃបើកឆាកដំបូង មាន៦ពិន្ទុ។ រីឯក្រុមថៃ ឈរនៅលេខ៣ មាន៦ពិន្ទុដែរ ស្របពេលដែលក្រុមព្រុយណេ ឈរលេខ៤ មាន៣ពិន្ទុ ដោយឈ្នះ១ប្រកួត និងចាញ់២ប្រកួត ហើយក្រុមកោះម៉ារីណាខាងជើងឈរនៅលំដាប់បាតតារាងក្នុងពូល G ដោយ៤ប្រកួតចាញ់​ទាំង៤ប្រកួត។

លោក Koji Gyotoku គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ​បញ្ជាក់ថា ការប្រកួតថ្ងៃនេះ គឺជាការប្រកួតដ៏ស្វិតស្វាញមួយ ហើយកូនក្រុមរបស់លោកលេង​បានល្អគ្រប់ៗគ្នា ដោយសមនឹងទទួលបានលទ្ធផលល្អបែបនេះ។ លោកបានបន្ថែមថា “យើងនៅសល់ការប្រកួត​មួយទៀត ដូច្នេះយើងត្រូវរៀបចំឱ្យបានល្អ ព្រោះពួកយើងចង់ឡើង​ទៅវគ្គបន្ទាប់”។ លោកបានបន្ដទៀតថា កីឡាកររបស់ថៃ គឺលេងបានល្អទាំងការ​សហការគ្នា​ជាក្រុម និងលេងជាបុគ្គល ប៉ុន្តែពួកយើងធ្វើបានល្អជាង ដែលជាហេតុធ្វើឱ្យ​ទទួលបាន​៣ពិន្ទុថ្ងៃនេះ។ លោកក៏សូមអរគុណដល់អ្នកគាំទ្រកម្ពុជាទាំងអស់ ដែលតែងតែមកគាំទ្រ​ពួក​យើង ដោយផ្ទាល់ និងគាំទ្រនៅគេហដ្ឋានផងដែរ៕

ដោយ ហេង ណាលីន

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន