Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ការប្រកួតរូបថតអាស៊ីអាគ្នេយ៍ស្តីពីអ្នកកសិកម្មវ័យក្មេង នឹងបើកទទួលសម្រាប់អ្នកប្រកួត ប្រជែងថតរូបកម្ពុជា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ

Published

on

AKP ភ្នំពេញថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ — មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការសិក្សា និងស្រាវជ្រាវផ្នែកកសិកម្ម (SEARCA) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា អ្នកថតរូបកម្ពុជាទាំងអ្នកស្ម័គ្រចិត្ត និង​អ្នកជំនាញគ្រប់វ័យទាំងអស់មានពេលរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលជាថ្ងៃផុត​កំណត់នៃការដាក់ស្មើរូបថតសម្រាប់កម្មវិធីប្រកួតប្រជែងរូបថតឆ្នាំ ២០១៩ របស់មជ្ឈមណ្ឌល​តំបន់​អាស៊ីអាគ្នេយ៍សម្រាប់ការសិក្សា និងស្រាវជ្រាវផ្នែកកសិកម្ម(SEARCA)។

ក្នុងសេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ការប្រកួតប្រជែងរូបថតនេះ​ត្រូវបាន​បើក​សម្រាប់ជនជាតិទាំងអស់នៃប្រទេសកម្ពុជា ព្រុយណេដារូសាឡឹម ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម។ ជាមួយនឹង​​ប្រធាន បទ «អ្នកកិសកម្មវ័យក្មេងនៃការដាំដុះអាស៊ីអាគ្នេយ៍» នៃការប្រកួតប្រជែងរូបថតរបស់ SEARCA នៅក្នុងឆ្នាំនេះ មានការពង្រីកបន្ថែមទៅលើរូបភាពរស់រវើកដែលពិពណ៌នាអំពី យុវជនដែលមានលក្ខណៈច្នៃប្រឌិតនៅអាស៊ីអាគ្នេយ៍ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងវិស័យ កសិកម្មនាពេលបច្ចុប្បន្ន និងអនាគត។

លោកបណ្ឌិត Glenn B. Gregorio នាយកមជ្ឈមណ្ឌល​តំបន់​អាស៊ីអាគ្នេយ៍សម្រាប់​ការសិក្សា និងស្រាវជ្រាវផ្នែកកសិកម្ម(SEARCA) បានគូសបញ្ជាក់ថា សហគ្រិនកសិកម្ម ឬ «អ្នកកសិកម្ម» គឺជាមនុស្សដែលរួមបញ្ចូលគ្នានូវឱកាសអាជីវកម្មជាមួយកសិកម្ម និងបង្កើត​អាជីវកម្មផ្ទាល់ខ្លួនដើម្បីបង្កើតប្រាក់ចំណូល និងឱកាសការងារ។ លោកបណ្ឌិតបន្ដថា ការ ប្រកួតប្រជែងរូបថតនេះនឹងផ្តល់រង្វាន់ដល់រូបភាពនៃការធ្វើកសិកម្មប្រកបដោយភាពច្នៃប្រឌិត សហគ្រិនភាពកសិកម្ម ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និងគមនាគមន៍វិទ្យា (ICT) ព្រមទាំងការផ្សាភ្ជាប់វិស័យកសិកម្ម និងអប់រំ។ លោកបណ្ឌិតបន្ដទៀតថា គោលបំណង​នៃកម្មវិធីនេះ គឺដើម្បីបង្ហាញអំពីសក្តានុពលរបស់យុវជនក្នុងការផ្លាស់ប្តូរទេសភាព កសិកម្ម នៅ​​អាស៊ីអាគ្នេយ៍ និងជំរុញភាពរីករាយក្នុងចំណោមយុវជនឱ្យចូលរួមក្នុងវិស័យកសិកម្ម។

បណ្ឌិត Gregorio បានបន្ថែមថា «ដោយសារតែយុវជនគឺជាទំពាំងស្នង​ឫស្សីនាពេល អនាគតរបស់ប្រទេសនីមួយៗ ដូច្នេះពួកគេគួរតែត្រូវបានវិនិយោគ ណែនាំ និងត្រួសត្រាយផ្លូវ ដើម្បីឱ្យពួកគេក្លាយជាអ្នកដឹកនាំល្អ និងជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌»។ លោកបណ្ឌិតបានបញ្ជាក់បន្ថែមទៀតថា SEARCA ចង់ឱ្យយុវជនអាស៊ីអាគ្នេយ៍​មើលឃើញវិស័យកសិកម្មជាវិស័យទាក់ទាញអាជីវកម្ម ដែលនឹងទទួលបានប្រាក់ចំណូល​សមរម្យ ហើយធ្វើឱ្យពួកគេអាចរស់នៅជាមួយគ្រួសាររបស់ពួកគេ និងជាវិស័យដែលនឹង​បង្កើត​សេដ្ឋកិច្ចរស់រវើកនៅក្នុងសហគមន៍របស់ពួកគេបាន។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា មានតែរូបថតពណ៌ច្បាប់ដើមប៉ុណ្ណោះ​ដែលត្រូវបានពិចារណា។ រូបថតចំនួន ៥សន្លឹកនឹងត្រូវជ្រើសរើស។ អ្នកដែលទទួលបាន​ចំណាត់​ថ្នាក់លេខ ១ នឹងទទួលបានទឹកប្រាក់១.០០០ដុល្លារអាម៉េរិក ជ័យលាភីចំណាត់​ថ្នាក់​លេខ ២ និងលេខ ៣ នឹងទទួលបានទឹកប្រាក់ ៨០០ដុល្លារអាម៉េរិក និង៥០០ដុល្លារអាម៉េរិក ចំណែករង្វាន់រូបថតប្រជាប្រិយនឹងទទួលបានទឹកប្រាក់២០០ដុល្លារអាម៉េរិកផងដែរ។ ជាមួយ គ្នានេះ ពួកគេក៏នឹងទទួលបានរង្វាន់ពិសេសសម្រាប់ ការជ្រើសរើសរបស់រដ្ឋមន្រ្តី​ក្រសួងអប់រំ​ហ្វីលីពីន និងការជ្រើសរើសរបស់នាយក SEARCA ផងដែរ។ ចំពោះអ្នកថតរូបដែល​មាន បំណងចូលរួមកម្មវិធីនេះ ត្រូវផ្ញើរូបថតតាមប្រព័ន្ធអ៊ិនធឺរណែតតាមរយៈគេហទំព័រ https://photocontest.searca.org/ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩។ សម្រាប់ បេក្ខជនម្នាក់ៗអាចដាក់រូបថតចូលរួមបានច្រើន តែត្រូវតែជារូបថតដែលមិនធ្លាប់ត្រូវ បានដាក់ ចូលរួមកម្មវិធីប្រកួតរូបថត និងមិនដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅកន្លែងណាមួយ ពីមុនមក៕

បកប្រែដោយ៖ យា ចិន្តាខន្តី

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន