រដ្ឋមន្រ្ដីក្រសួងកសិកម្មជំរុញឱ្យសាកលវិទ្យាល័យភូមិន្ទកសិកម្ម ត្រូវធ្វើកំណែទម្រង់​ប្រព័ន្ធ សិក្សា និងកម្មវិធីសិក្សា ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញដល់សាកលវិទ្យាសល័យ​ភូមិន្ទ​កសិកម្ម ត្រូវខិតខំធ្វើកំណែទម្រង់ប្រព័ន្ធសិក្សាឱ្យបានកាន់តែល្អប្រសើរ កែលម្អ និងអភិវឌ្ឍន៍ កម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន និងមធ្យោបាយសម្ភារបង្រៀន ព្រមទាំងឯកសារបង្រៀន ឱ្យបានកាន់តែសមស្រប ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ក្នុង​យុគសម័យឧស្សា-ហកម្មជំនាន់ទី៤ សម័យបច្ចេកវិជ្ជាឌីជីថល និងសម័យបញ្ញាសិប្ប​និមិ្មត។ ការលើកឡើងរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញារង បរិញ្ញា និងបរិញ្ញាជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាកលវិទ្យា ល័យភូមិន្ទកសិកម្ម។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមាន ប្រសាសន៍ថា សាកលវិទ្យាល័យត្រូវខិតខំពង្រឹងនិងពង្រីកសមត្ថភាព និងគុណភាពស្រាវ ជ្រាវបច្ចេកទេសនិងវិទ្យាសាស្រ្ត នវានុវត្តន៍ថ្មីៗ ផ្តោតលើបច្ចេកវិទ្យាទំនើប ទាន់សម័យ មាន ភាពវៃឆ្លាត និរន្តរភាព និងបរិយាប័ន្ន ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យ កសិកម្មឱ្យកាន់តែមាន ការរីកចម្រើន។ ទន្ទឹមនេះ ត្រូវខិតខំកសាងសមត្ថភាពមន្ទីរពិសោធន៍ និងលើកកម្ពស់​សមត្ថភាព​ធនធានសាស្រ្តា។ ជាមួយគ្នានេះ សាកលវិទ្យាល័យត្រូវតែយកចិត្តទុកដាក់ខ្ពស់ ប្រើប្រាស់ឱ្យអស់លទ្ធភាពរបស់គម្រោងស្តីពីការពង្រឹងគុណភាពឧត្តម សិក្សា (Higher Education Improvement Project– HEIP) ជាមួយអគ្គនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីទ្បា ចាប់ពីឆ្នាំ២០១៩នេះតទៅ ដើម្បីកែលម្អ និងលើកកម្ពស់សមត្ថភាព និង គុណភាព​នៃការអប់រំ ការស្រាវជ្រាវ ការងាររដ្ឋបាល ការគ្រប់គ្រងមន្រ្តីសាស្រ្តាចារ្យ និង និស្សិត កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ព្រមទាំងការគ្រប់គ្រងគណនេយ្យហិរញ្ញវត្ថុ ឱ្យបានល្អប្រសើរ។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានណែនាំដល់និស្សិតជ័យលាភីទាំងអស់ ត្រូវខិតខំបំពេញ ភារកិច្ច របស់ខ្លួនឱ្យបានល្អប្រសើរ ដោយយកចំណេះដឹងដែលសន្សំបានពីការសិក្សារៀនសូត្រ ទៅ អនុវត្តន៍ក្នុងវិជ្ជាជីវៈរបស់ខ្លួនឱ្យបានជោគជ័យ ហើយត្រូវប្រកាន់ខ្ជាប់ផងដែរ នូវអត្តចរិកជា បុគ្គលិក ឬជាមន្ត្រីដ៏ល្អម្នាក់ មានវិន័យថ្លៃថ្នូរ ឧស្សាហ៍ព្យាយាម និងមានសីលធម៌ល្អប្រពៃ។

ជាមួយគ្នានេះ ដើម្បីដើរឱ្យទាន់នូវសភាពការណ៍វិវឌ្ឍន៍ជាសកលក្នុងបរិបទនៃបដិវត្តន៍ ឧស្សាហកម្មទី៤ និងឌីជីថលភាវូបនីយកម្មនេះ ក្មួយៗក៏មិនត្រូវភ្លេចការសិក្សារៀនសូត្រ និង ស្រាវជ្រាវបន្តដើម្បីដើរឱ្យទាន់ទៅនឹងការវិវឌ្ឍឥតឈប់ឈរ នៃបច្ចេកទេសវិទ្យាសាស្រ្តដើម្បី ជួយអភិវឌ្ឍន៍ប្រទេសយើងឱ្យមានការរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបាន​លើក​ឡើងថា  ក្នុងឆ្នាំ២០១៩នេះ មាននិស្សិតជ័យលាភីចំនួន ១.០៥៦នាក់ ដែលក្នុងនោះស្រ្តី ៣០៤នាក់ ដោយចែកចេញជាបរិញ្ញាបត្ររង ៤៣នាក់ បរិញ្ញាបត្រ១.០០០នាក់ និងបរិញ្ញាបត្រ​ជាន់ខ្ពស់១៣នាក់ ទៅតាមជំនាញ រួមមាន វិទ្យាសាស្រ្តកសិកម្ម វិទ្យាសាស្ត្រព្រៃឈើ វិទ្យា​សាស្ត្រ​ជលផល វិទ្យាសាស្ត្រសត្វ វេជ្ជសាស្រ្តសត្វ កសិឧស្សាហកម្ម រៀបចំដែនដីនិងរដ្ឋបាល ដីធ្លី វិទ្យាសាស្ត្រកៅស៊ូ និងសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ឯកឧត្ដមបានបន្ដថា  ក្នុងចំណោមនិស្សិតជ័យលាភីក្នុងឆ្នាំនេះ ៩៥ភាគរយ គឺមានការងារធ្វើទៅហើយ។ ជាមួយគ្នា​នេះ ចាប់តាំងពីឆ្នាំ១៩៨៥ មកទល់ពេលបច្ចុប្បន្ន សាកលវិទ្យាល័យភូមិន្ទកសិកម្ម​បានផលិត​ធនធានមនុស្សផ្នែកវិស័យកសិកម្មសរុបចំនួន១០.៦១០នាក់ ដែលកំពុងបម្រើការនៅតាម​ស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ អន្តរជាតិ សហគ្រាស និងធ្វើអាជីវកម្មផ្ទាល់ខ្លួន៕

ដោយ ឡុង ស៊ីវ៉ាន់