អ្នករៀបចំទិវាពាក់កណ្តាលម៉ារ៉ាតុងបូកគោ នាំយកថវិកាសប្បុរសធម៌ជូនមន្ទីរពេទ្យគន្ធបុប្ជា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — តំណាងសណ្ឋាគារឋានសួគ៌សុខា ដែលជាអ្នករៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើភ្នំបូកគោ កាលពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ បាននាំយកថវិកាសប្បុរសធម៌ដែលបានមកការរៀបចំនេះ​ជូនដល់មន្ទីរពេទ្យ​គន្ធបុប្ជា កាលពីល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក កែវ សិទ្ធ ប្រធានផ្នែកលក់ក្រុមហ៊ុនឋានសួគ៌សុខាបានឱ្យដឹងថា ថវិកាសប្បុរស​ធម៌​នេះមានចំនួន៥.០០០ដុល្លារអាម៉េរិក និងទឹកបរិសុទ្ធចំនួន១០០កេស ជូនដល់មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដើម្បីជួយគាំទ្រ និងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៌ ជាពិសេសគឺជួយដល់កុមារ​កម្ពុជាទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅក្នុងមន្ទីរពេទ្យគន្ធបុប្ចានេះ។ លោកបាន​គូស​បញ្ជាក់ថា អ្នកឧកញ៉ា សុខ គង់ បានអនុញ្ញាតឱ្យ បង្កើតព្រឹត្តិការណ៍កីឡាសប្បរសធម៌​នេះឡើង ដើម្បីប្រមូលថវិកាពីការរត់ប្រណាំងអន្តរជាតិ និងប្រណាំងកង់ទាំងអស់ជូន​ដល់​មន្ទីរពេទ្យគន្ធបុប្ផា ជាពិសេសឆ្លុះបញ្ចាំងនូវឆន្ទៈចូលរួម ក្នុងស្មារតីសាមគ្គីភាពខ្ពស់ពី​សំណាក់​ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ផងដែរ។

ក្នុងនាមជាអ្នករៀបចំកម្មវិធី លោកពិតជារីករាយយ៉ាងខ្លាំង ដែលចំនួនអ្នកចូលរួម​បាន​កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្នុងឆ្នាំនេះបានកើនឡើងដល់១.៦០២នាក់ ហើយលោក​ជឿ​ជាក់យ៉ាងខ្លាំងថា ចំនួនអ្នកចូលរួមនឹងបន្តកើនឡើងជាលំដាប់ នាឆ្នាំបន្តបន្ទាប់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំង​កង់លើភ្នំបូកគោ លើកទី៦ ឆ្នាំ២០១៩នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលប្រារព្ធធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ក្រោមការរៀបចំពីសណ្ឋាគារឋានសួគ៌សុខា សហការជាមួយគណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាទោចក្រយាន និងសហព័ន្ធកីឡាអត្តពលកម្ម​ស្ម័គ្រ​ចិត្ដ។ ក្នុងរយៈពេល៦ឆ្នាំមកនេះ ព្រឹត្តិការណ៍អន្តរជាតិទាំងពីរនេះ ប្រមូលបានថវិកា​សប្បុរស​ធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា សរុបចំនួន ២៧.៧០០ដុល្លារអាម៉េរិក៕

ដោយ ហេង ណាលីន