គិតត្រឹមខែកញ្ញាឆ្នាំ២០១៩នេះការវិនិយោគរបស់ជប៉ុននៅកម្ពុជាមាន ១៤១គម្រោង ទុនវិនិ យោគប្រមាណ ២.៥ប៊ីលានដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តី​ប្រតិ​ភូអ​មនា​យករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI )ឯកអគ្គរាជ ទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បាន​ដឹក​នាំកិច្ចប្រជុំលើកទី១៨ នៃ គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីតំណា​ង​ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល ទីភ្នាក់ងារសហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ ​នៃ​ប្រ​​ទេសជប៉ុន(JICA) អង្គការ ពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) សមាគមធុរ​កិច្ចជប៉ុន​នៅ​កម្ពុជា(JBAC) និងតំណាង ក្រុមហ៊ុនជប៉ុន ដែលមានសកម្មភាពវិនិយោគនៅកម្ពុជា ប្រមាណ​១០​០នាក់។

កិច្ចប្រជុំនេះគឺជាផ្នែកមួយ នៃយន្តការថែទាំវិនិយោគក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង​រវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្មការជំរុញ និងការការពារវិនិ​យោគ ដែលផ្តល់ឱកាសឱ្យមានការសន្ទនាដោយផ្ទាល់ រវាងតំណាងក្រសួង ស្ថាប័ន នៃរាជ រដ្ឋាភិ​បាលកម្ពុជា និងអ្នកវិនិយោគជប៉ុន ដើម្បីឈ្វេងយល់ពីបញ្ហាប្រឈមនានា សំដៅស្វែង រកដំណោះស្រាយ ដ៏សមស្របជូនអ្នកវិនិយោគជប៉ុន។

កិច្ចប្រជុំលើកទី១៨នេះ បានផ្តោតការពិភាក្សាលើចំណុចមួយចំនួន ទាក់ទងនឹងបរិ យាកាសវិនិយោគនៅកម្ពុជា រួមមាន៖ (១) តម្លៃ និងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី។ (២) ការទូ ទាត់ប្រាក់បំណាច់អតីតភាពការងារ។ (៣) ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា ។ (៤) សេវាឡូជីស្ទិក និងការបញ្ចេញទំនិញពីគយ ។ (៥) អាករពិសេសលើទំនិញ និងសេវា មួយចំនួន។

ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នក​វិនិយោ​គ​ជប៉ុ​ន ​ដែលជានិច្ចកាលតែងផ្តល់ទំនុកចិត្ដខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានានូវស្ថិរភាពនយោបាយ និងបរិស្ថានអនុគ្រោះគ្រប់បែបយ៉ាងជូនអ្នកវិនិយោគគ្រប់ ជាតិសាសន៍ ដែលមានប្រតិបត្តិការនៅកម្ពុជា។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិ​និយោគរ​បស់អ្នក​វិនិ​យោគ​ជប៉ុន​ទាំង​អស់ ជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាល មិនមែនវាយនភណ្ឌ ដូចជាការផលិត    បរិក្ខារ អេឡិចត្រូនិក និងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្ត ជាដើម ដែលបាននិងកំពុង ដើ​រតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា កា​រអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យធ្វើការកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សា ហកម្មអតិពលកម្ម ទៅឧស្សាហកម្មដោយប្រើប្រាស់ជំនាញ។

ឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិ វឌ្ឍន៍កម្ពុជា ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបជាវិជ្ជ មាន ចំពោះក្ដីកង្វល់ និងសំណូមពររបស់អ្នកវិនិយោគជប៉ុន។ សកម្មភាពនេះបានបង្ហាញ យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែ​ទាំវិនិ​យោគ​ដែលផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគដែលមានស្រាប់ និងដល់អ្នកវិនិយោគដែលមានបំ​ណ​ង ពិចារណាបណ្តាក់ទុននៅកម្ពុជាផងដែរ។

ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់បន្ថែមទៀតថា យើងត្រូវធ្វើការ​ខិតខំ​ទាំង​អស់​គ្នា​បន្ថែមទៀត ធ្វើឱ្យអ្នកវិនិយោគដែលកំពុងមានសកម្មភាព សប្បាយចិត្តនឹងប្រតិបត្តិការ ធុរកិច្ច​របស់ពួកគេ ហើយដែលនេះជាសញ្ញាវិជ្ជមានដ៏ល្អមួយ សម្រាប់ធ្វើការទាក់ទាញអ្នកវិនិ យោគថ្មីឱ្យមកបណ្តាក់ទុនបន្ថែមទៀត។ ទន្ទឹមគ្នានេះក្រុមហ៊ុនជប៉ុនដែលមានគម្រោងពង្រីក ការវិនិយោគរបស់គេ ក៏នឹងពិនិត្យផងដែរ ទៅលើដំណោះស្រាយនៃបញ្ហាប្រឈម ដែលពួក គេបាននិងកំពុងជួបប្រទះពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។

គួររម្លឹកថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជី គម្រោងវិនិយោគជប៉ុនចំនួន ១៤១គម្រោង ក្នុងទុនវិនិយោគប្រមាណ ២.៥ប៊ីលានដុល្លារអាម៉េ រិក ក្នុងនោះគម្រោងចំនួន ៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគ ប្រមាណ ៣៤០លានដុល្លារអាម៉េរិក ៕

ដោយ គង់ សិរីរ័ត្ន