ឯកឧត្តម អូស្មាន ហាស្សាន់ បានអញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ​ឆ្នាំ២០១៩ — នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចប្រកបដោយជោគជ័យនៅសាធារណរដ្ឋឥណ្ឌូណេស៊ី រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ២០១៩ ។

បើតាមមន្ត្រីខុទ្ទការល័យទេសរដ្ឋមន្ត្រីដែរអមដំណើរបានឱ្យដឹងថា នៅក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល ០៤ថ្ងៃនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចូលរួមជាវាគ្មិន ក្នុងវេទិកាហ្សាកាត់ពិភពលោកលើកទី៨ នៅទីក្រុងបាន់ឌុង សាធារណរដ្ឋឥណ្ឌូណេស៊ីដែលមានអ្នកចូលរួមប្រមាណ ៣៥០នាក់ រួមមាន វាគ្មិន អ្នកស្រាវជ្រាវ ថ្នាក់ដឹកនាំស្ថាប័នហ្សាកាត់ផ្សេងៗ មកពី ៣៥ប្រទេស ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត Ma’ruf Amin អនុប្រធានាធិបតីឥណ្ឌូណេស៊ី។

បន្ទាប់ពីវេទិកាហ្សាកាត់ពិភពលោកលើកទី៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Ma’ruf Amin អនុប្រធានាធិបតីឥណ្ឌូណេស៊ីផងដែរ។ បន្ទាប់ពីពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ  មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីនឹករលឹកនិងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ជូនចំពោះឯកឧត្តម Ma’ruf Amin ។ ឯកឧត្តម អូស្មាន ហាស្សាន់ បានលើកឡើងថា សន្តិភាព​ និងការរីកចម្រើននៅកម្ពុជា កើតឡើងបានដោយការដឹកនាំដ៏ត្រឹមត្រូវរបស់រាជ រដ្ឋាភិបាលកម្ពុជា និងការរួមចំណែករបស់មិត្តឥណ្ដូណេស៊ី។ ឯកឧត្តមបានបន្តថា ក្រោយពី សង្គ្រាមរ៉ាំរ៉ៃជាច្រើនឆ្នាំ ប្រទេសជាតិមួយដែលមានតែបាតដៃទទេ ក្រោមការដឹកនាំរបស់រាជ  រដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យប្រទេសមួយនេះប្រែក្លាយខ្លួនជាប្រទេសដែលជាប់ចំណាត់ថ្នាក់ទី៧ នៅក្នុងពិភពលោក ដែលមានការអភិវឌ្ឍលឿនបំផុត នឹងមានកំណើនសេដ្ឋកិច្ចជាង ៧ភាគរយ ក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះ។ លើសពីនេះក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលបានធ្វើឱ្យមានសុខដុមបនីយកម្មជាតិសាសន៍ ដែលជាគំរូដ៏ប្រពៃសម្រាប់ពិភពលោក ដោយបានបើកទូលាយសិទ្ធិសេរីភាពជំនឿសាសនា ក្នុងនោះចំពោះសហគមន៍ឥស្លាម រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានទីកន្លែងថ្វាយបង្គំតាមទីសាធារណៈ ក្រសួងស្ថាប័នរដ្ឋ និងឯកជន ផ្ដល់សិទ្ធិដល់សិស្សនិស្សិតឥស្លាមជានារី នូវការពាក់ហ៊ីហ្ជាប (សម្លៀកបំពាក់នារីឥស្លាម)ចូលសាលា និងតាមក្រសួងស្ថាប័ននានា បង្កើតឱ្យមានកម្មវិធីស្រាយបួសថ្នាក់ជាតិ ការប្រឡងសូត្រគម្ពីរអាល់គូរអានថ្នាក់ជាតិ។ លើសពីនេះក៏បានដាក់បញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមចំនួន១.៥០០នាក់ ក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ដែលទទួលប្រាក់បៀវត្សពីរាជរដ្ឋាភិបាលតាំងពីឆ្នាំ ២០១៥មកម៉្លេះ។ ទាំងនេះសុទ្ធសឹងជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងនោះសហគមន៍ឥស្លាមក៏ជាចំណែកមួយផងដែរ ដែលបានប្ដេជ្ញាសាមគ្គីគ្នាជាធ្លុងមួយ ដើរតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានបន្តទៀតថា ប្រទេសឥណ្ឌូណេស៊ី ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមស្វែងរកសន្តិភាពនៅកម្ពុជា ទាំងក្នុងដំណាក់កាលចរចាផង និងដំណាក់កាលកិច្ចព្រមព្រៀងទីក្រុងប៉ារីសផង បានពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយបានជួយហ្វឹកហាត់ដល់កងទ័ព​ និងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា បានចូលរួមចំណែកបញ្ជូនកងទ័ព UNTAC មកកាន់កម្ពុជា ផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា ក្នុងនោះរួមមាននិស្សិតខ្មែរឥស្លាមផងដែរ។ មិនតែប៉ុណ្ណោះ សាធារណរដ្ឋឥណ្ឌូណេស៊ី បានជួយជ្រោមជ្រែងសហការផ្ដួចផ្ដើមបង្កើតសហភាពបញ្ញវន្តមុស្លិមកម្ពុជា ដើម្បីចូលជាសមាជិកសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ានផងដែរ។ ដោយឡែកសហគមន៍ខ្មែរឥស្លាមកម្ពុជា បានស្គាល់ឥណ្ឌូណេស៊ីច្បាស់ តាមរយៈទំនាក់ទំនង វប្បធម៌ ប្រពៃណី និងសាសនា កម្ពុជាបានចាត់ទុកសាធារណរដ្ឋឥណ្ឌូណេស៊ី ជាមិត្តដ៏ល្អ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តមបណ្ឌិត Ma’ruf Amin អនុប្រធានាធិបតីឥណ្ឌូណេស៊ី អំពីការប៉ុនប៉ងអាក្រក់របស់ក្រុមប្រឆាំងក្រៅច្បាប់ក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល និងរំលាយរបបរាជានិយមនៅកម្ពុជាផងដែរ។ ក្នុងនាមសមាជិករាជរដ្ឋាភិបាល ឯកឧត្តម អូស្មាន ហាស្សាន់ បានស្នើដល់ភាគីឥណ្ឌូណេស៊ី ជួយទប់ស្កាត់នូវរាល់សកម្មភាព របស់ក្រុមនេះឱ្យខាងតែបាន។

ឯកឧត្តម Ma’ruf Ameen បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដាំផ្ញើនូវការនឹករលឹកដល់ឯកឧត្តម ហើយឯកឧត្តមក៏សូមជូនពរនិងលើកទឹកចិត្តដល់​សម្ដេចតេជោ សូមមានសុខភាពល្អ ដើម្បីបន្តថែរក្សាសុខសន្តិភាពនៅកម្ពុជា និងសូមអបអរសាទរចំពោះសហគមន៍ឥស្លាមនៅកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ។ ឯកឧត្តម Ma’ruf Amin បានប្ដេជ្ញាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រប់ស្ថានការណ៍ និងគ្រប់កាលៈទេសៈ ទាំងទ្វេភាគី ក្នុងតំបន់ និងលើឆាកអន្តរជាតិ ៕

ដោយសួស សំរិត