សម្ដេចតេជោ ហ៊ុន សែន រម្លឹកការឈឺចាប់ដែលមិនអាចបំភ្លេចបានកាលពី៤៣ឆ្នាំមុន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរម្លឹកពី​ការ​ឈឺចាប់ដែលមិនអាចបំភ្លេចបានកាលពី៤៣ឆ្នាំមុន ក្នុងពេលដែលសម្ដេចបាត់បង់​កូន    ប្រុ​ស​​ជាទីស្រឡាញ់ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃសុក្រ ១២កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ​បាន​សរសេរថា អាស្រ័យដោយឆ្នាំនេះថ្ងៃ១០ ខែ​វិច្ឆិកា ត្រូវចំថ្ងៃដំបូងនៃព្រះរាជ​ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អ​ក​​អំ​បុក ខ្ញុំមិនចង់យករឿងឈឺចាប់របស់ខ្ញុំ រៀបរាប់នាថ្ងៃសប្បាយរីករាយ​នោះ​ឡើ​​យ។ ដូចនេះខ្ញុំជ្រើសរើសយកថ្ងៃទី០៨ ខែវិច្ឆិកានេះ ដើម្បីបង្ហោះអត្ថបទដែលខ្ញុំ បង្ហោះជារៀងរាល់ឆ្នាំ​ជំនួ​ស​​​វិញ។ កូនប្រុសដ៏កំសត់របស់ពុក នៅសល់តែ២ថ្ងៃទៀតគឺដល់ខួប ៤៣ឆ្នាំ នៃការស្លាប់​យ៉ា​ងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០​១៨)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើត ឡើងចំពោះរូបកូន ព្រ​មទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង “អនិច្ចារកូន​កំសត់​ប្រវ​ត្តិ​ម្ដាយកម្ម” “ទំនួញកំសត់ប្រវត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់” ដែល ពុកម៉ែបានធ្វើ​ឡើង​ក្នុ​ង​​បំណងរម្លឹកដល់វិញ្ញាណក្ខន្ធកូន និងការឈឺចាប់នាពេលនោះ។

សម្ដេចតេជោបានបន្តថា ពុក​នៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ក្រោយពេល​កូ​ន​ប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ ពីដៃត្រូវនឹងជ្រុងគ្រែ ​ធ្វើឱ្យកូនបាក់​ឆ្អឹង​ខ្នងធ្លាក់ដល់ដី គាប់ជួនពុកបានធ្វើដំណើរពីភូមិកោះថ្ម ឃុំទន្លូង ទៅដល់មន្ទីរពេទ្យ​តំបន់​ដែ​ល​តាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លង ទន្លេម្នាក់ឯងដោយមិនមានពុក​នៅ​មើ​លថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេសមានសិទ្ធិតិចជាងសត្វឆ្កែ ឬឆ្មា ទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ធិការពារ​កូ​ន​​វាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំឱ្យ ពុកបានធ្វើដំណើរ​ជាមួយមេបញ្ជាការ​ទៅ​កាន់ស្រុកត្បូងឃ្មុំនាពេលនោះ ដែលពុកមានឱកាស ចូលមើលម្តាយកូននៅមន្ទីរពេទ្យ​ប្រ​ចាំ​ស្រុកមេមត់។ ភាពតក់ស្លុតបានកើតឡើងចំពោះរូបពុក នៅពេលដែល​ពុកឈានជើងចូល​ដ​ល់​​មន្ទីរពេទ្យ ហើយត្រូវអ្នកជំងឺដែលសម្រាកជាមួយម្តាយ កូនស្រែកប្រាប់ថា “ រ៉ានីឆ្លងទន្លេ ហើ​យ​​កូនស្លាប់ហើយ ”។ ពុកប្រឹងរត់ទៅរកកូនឃើញឈាម កូនកំពុងហូរចេញតាមមាត់ ពុកប្រឹង​ស្រែ​កឱ្យគេជួយដើម្បីសង្គ្រោះជីវិតកូន ក្នុងពេលដែល ម្តាយកូនសន្លប់មិនទាន់ដឹងខ្លួន និងមិ​ន​ទាន់​ដឹងថាកូនស្លាប់នៅឡើយ អាស្រ័យដោយនៅ បន្ទប់នៅផ្សេងគ្នា។ ពុកអត់ធ្វើអ្វីបានទេកូន ពុក​បានសុំមេបញ្ជាការឃោរឃៅ ដើម្បីយកសព កូនទៅកប់នឹងនៅមើលថែទាំម្តាយកូនក្រោ​យ​ឆ្លងទន្លេ។ មិនត្រឹមតែមិនបានទទួលការ អនុញ្ញាតប៉ុណ្ណោះទេ តែពុកត្រូវរងនូវ​ការប្រ​មា​ថ​យ៉ា​ង​ធ្ងន់ធ្ងរទៀតផង “ កម្មសិទ្ធិមនោសញ្ចេត នាក្រាស់” “ មិត្តឯងមិនមែនគ្រូពេទ្យទេ” “ បើមិត្តឯង​នៅ​ក៏អាកូននេះមិនរស់ឡើងវិញដែរ” “មានពេទ្យយកខ្មោចកូននេះទៅកប់ហើយ មិនបាច់​កប់​ខ្លួ​នឯងទេ” “ការងារអង្គការសំខាន់ ជាងការងារបុគ្គល” ។ល។ ឈឺចាប់ណាស់កូន តែពុក​ត្រូវ​ទ្រាំ​អត់ធ្មត់ ព្រោះការងារដែលពុក ត្រូវធ្វើ គឺរំដោះប្រជាជនកម្ពុជាទូទាំង​ប្រទេសចេញពីរបប​ឃោ​រឃៅនេះ។ ពុកពុំមានអ្វីផ្តល់ឱ្យ កូនក្រៅតែពីក្រមា១ ដែលដោះចេញពី ក ពុក​ដើម្បីរុំខ្មោ​ច​កូ​ន​នោះទេ។ ពុកខំប្រឹងទៅរកម្តាយ កូនដែលទើបដឹងខ្លួនបន្ទាប់ពីសន្លប់ ហើយប្រាប់គាត់ថា កូន​ស្លា​ប់ហើយនឹងដាក់ឈ្មោះកូនថា “កំសត់”។ ឈ្មោះនេះនៅជាប់ជានិច្ចក្នុងវិញ្ញាណពុក ហើយ​កូន​ កំសត់នេះហាក់តាមថែរក្សា ពុកម៉ែគ្រប់ពេលវេលា។ ពួកគេបង្ខំឱ្យពុកចាក​ចេញពីម្តាយ​កូន​និ​ងខ្មោចកូនទាំងការឈឺចាប់ជា មួយទឹកភ្នែករាប់ម៉ឺនដំណក់។ ៣ថ្ងៃក្រោយមកទើបពុក​បាន​ការ​​អនុញ្ញាតទៅជួបម្តាយកូនសារ ជាថ្មីដែលកំពុងមានជំងឺជាទម្ងន់ ដែលខ្មែរយើងនិយម​ហៅ​ថា​ ”សល់សុក”។ ពុកត្រូវយកម្តាយ កូនចេញពីពេទ្យ​ដើម្បីឱ្យឆ្មបបុរាណខ្មែរកាយទម្លាក់សុក​ចេ​ញ​ ទើបសង្គ្រោះជីវិតម្ដាយកូនបាន ។ ពុកសុំទោសកូន ដែលពុកមិនដឹងថា សាកសពកូន​គេ​យ​ក​​ទៅកប់ ឬបោះចោលនៅទីណា ព្រោះការងារបន្ទាន់របស់ពុក គឺត្រូវយកម្តាយកូនចេញពី​ម​ន្ទីរ​ពេ​ទ្យទៅព្យាបាលតាមបែប បុរាណវិញ។ ពុកពុំមានពេលស្វែងរកសាកសពកូននៅពេល​នោះ​ទេ​ សង្ឃឹមថាកូនយោគយល់ ហើយមកនៅផ្នូរដែលពុកម៉ែបានសាងសង់​សម្រាប់កូនតាំង​ពីទ​ស​​វត្ស​ឆ្នាំ១៩៨០មក។ រៀង រាល់ពេលដែលពុកនឹកដល់រឿងដ៏ឈឺចាប់នេះ ទឹកភ្នែកពុក​តែង​តែ​ហូរចេញមក នេះជាទឹក ភ្នែកនឹកដល់កូនកំសត់ ជាទឹកភ្នែកនឹកដល់ការឈឺចាប់លើស​ពីការ​អ​ត់​ធ្មត់បានរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជារាប់លាននាក់ ​ដែលត្រូវពួកប៉ុ​ល​ព​ត​ សម្លាប់ និងធ្វើបាបដូច ក្រុមគ្រួសារយើងដែរ។ កន្លងមកប្អូនប្រុសប្អូនស្រី និងក្មួយៗរបស់​កូន​បានទៅដល់ផ្នូរកូន ហើយពុកម៉ែក៏បានរៀបចំបង្សុកូលឱ្យកូនផងដែរ។ កូន កំសត់ សូម​ព្រ​លឹ​ងកូនបន្តតាមថែ រក្សាពុក ម៉ែ ប្អូនៗ និងក្មួយៗរបស់កូនតទៅទៀត។ ពុកនៅតែសូម​ការ​យោ​គ​យល់ពីកូន ដែល មិនបានយកសពកូនទៅបញ្ចុះដោយខ្លួនឯង។ ពុកត្រូវអត់ធ្មត់និងធ្វើតាម​ប​ញ្ជា​ររបស់ពួកឃាត ករ តែការអត់ធ្មត់នោះហើយដែលរក្សាជីវិតពុកនិងម៉ែកូន ព្រមទាំង​ផ្ត​ល់​ឱ​កា​​ស​ឱ្យពុករួម ចំណែកដឹកនាំចលនាតស៊ូរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុ​ល​ ពត និង កសាងប្រទេសបានរីកចម្រើនរហូតដល់សព្វថ្ងៃនេះ៕

ដោយជឹម ណារី