អភិបាលរងខេត្តកណ្ដាលចូលរួមក្នុងវេទិកាសាធារណៈ នៅក្រុងតាខ្មៅ 

AKP កណ្តាល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់តាខ្មៅ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណ: នៅសង្កាត់តាខ្មៅ នាព្រឹកព្រហស្បតិ៍ ១១កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ក្នុងវេទិកាសាធារណ:នេះ បញ្ហាប្រឈម និង ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់តាខ្មៅ ត្រូវបានលើកឡើងក្នុងនោះមាន បញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ការកកស្ទះចរាចរណ៍ ការដាក់ធុងសំរាម ការស្នើសុំដាក់ប្រព័ន្ធលូ និង ប្រព័ន្ធទឹកស្អាត ការស្នើសុំឱ្យដាក់បង្គោលភ្លើង រួមនឹងការស្នើសុំផ្លូវបេតុង៣ខ្សែមានប្រវែងសរុប ៨៩០ម៉ែត្រ ដែលផ្លូវទាំងនេះ ពិបាកក្នុងការធ្វើដំណើរទៅមកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងភូមិថ្មី ភូមិថ្មី២ និងភូមិព្រែកសំរោង៣ ។

រាល់គ្រប់បញ្ហាប្រឈម និង សំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាសាធារណ:នេះ ត្រូវបានលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់តាខ្មៅ រួមនឹងចៅសង្កាត់តាខ្មៅ និងក្រុមការងារជំនាញ បានធ្វើការដោះស្រាយជូនប្រជាពលរដ្ឋរួចរាល់អស់ហើយផងដែរ។

ឆ្លៀតឱកាសនេះដែរ លោកជំទាវអភិបាលរងខេត្ត បានធ្វើការផ្សព្វផ្សាយ ឱ្យប្រជាពល រដ្ឋទូទាំងសង្កាត់តាខ្មៅទាំងអស់គ្នា ចូលរួមទទួលទានអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រួមជាមួយនឹងការពន្យល់ណែនាំប្រជាពលរដ្ឋ កុំឱ្យចាញ់បោកឧបាយកលរបស់ជនខិលខូច ដែលតែងតែធ្វើសកម្មភាពញុះញង់ និងបង្កអសន្តិសុខ និងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយការធ្វើបដិវត្តន៍ពណ៌ និងធ្វើចលនាផ្សេងៗ ៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាខេត្តកណ្តាល )