អាជ្ញាធរជាតិអប្សរារៀបចំដាំស្រូវ ដំឡើងត្បាល់ក្តឿងនៅទីលានជល់ដំរីសម្រាប់ដាល់អំបុក និងទទួលទានអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ 

AKP សៀមរាប ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិ​អប្សរា បានឱ្យដឹងថា ដើម្បីអបអរសាទរពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាបុណ្យប្រពៃណីជាតិរបស់ប្រជាជនខ្មែរ អាជ្ញាធរជាតិអប្សរាសហការជាមួយ វិស័យឯកជន កាលពីរសៀលព្រហស្បតិ៍ ១១កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចាប់ផ្តើមរៀបចំ ដាំស្រូវ និងដំឡើងត្បាល់ក្តឿងនៅទីលានជល់ដំរីសម្រាប់ដាល់អំបុក និងទទួលទានអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃសៅ ១៣កើត រហូតដល់ថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបរិវេណព្រះលានជល់ដំរី ក្រុងអង្គរធំនៃរមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងចូលរួមបង្ហាញពីសុខសន្តិភាព ការគោរពស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ ដោយមានការនិមន្តចូលរួមពីព្រះសង្ឃក្នុងនិងក្រៅប្រទេសជាង ៥០០អង្គ និងពុទ្ធបរិស័ទជិតឆ្ងាយជាងពីរពាន់នាក់ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិខ្មែរទៅតាមរដូវកាល។ ជាពិសេសកម្មវិធីនេះនឹងមានការរៀបចំពិធីសាសនាមួយចំនួន ព្រមទាំងសកម្មភាពជាក់ស្តែងជាច្រើនពាក់ព័ន្ធនឹងការច្រូតស្រូវ ដាល់អំបុក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។

លោកជំទាវបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិឌ្ឍន៍ បាន​មាន​ប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជាបាន​ប្រកាសកំណត់យកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាកម្មវិធីទទួលទានអំបុកខ្មែរថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ ហើយដើម្បីចូលរួមធ្វើកម្មវិធីនេះលោកជំទាវបានសហការជាមួយអាជ្ញាធរជាតិអប្សរា បានរៀបចំដាល់អំបុក និងទទួលទានអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រនៅទីលានជល់ដំរី ដោយមានការដាំស្រូវ និងដំឡើងត្បាល់ក្តឿង ដែលជាឧបករណ៍ដាល់អំបុកពីបុរាណ បង្ហាញឱ្យភ្ញៀវទេសចរបានឃើញនិងឈ្វេងយល់ផងដែរ។

លោកជំទាវបានបន្តថា ក្នុងកម្មវិធីនេះក៏មានធ្វើពិធីបួងសួងសុំសេចក្តីសុខចម្រើន ការសម្តែងសិល្បៈល្ខោនបុរាណខ្មែរចំនួន២រាត្រី នៅរាត្រីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ ដោយឡែកនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នឹងមានរៀបចំពិធីរាប់បាត្រ។ លោកជំទាវបណ្ឌិត សៀង ចាន់ហេង បានអំពាវនាវ និងសូមគោរពអញ្ជើញសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមក្នុងពិធីទទួលទានអំបុករួមគ្នាដើម្បីអបអរសាទរ ការស្រឡាញ់សុខសន្តិភាពចូលរួមជាមួយសកម្មភាពជាក់ស្តែង និងទស្សនាសិល្បៈល្ខោនបុរាណខ្មែរឱ្យបានច្រើនកុះករ៕

ដោយ ឃុត សៅ