រដ្ឋបាលខេត្តកែប ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីជំនួយស្មារតីដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ

AKP កែប ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប ដែលរៀបចំឡើង ដោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកែប សហការជាមួយគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំពិធីផ្សព្វផ្សាយ និងបំពាក់មួកសុវត្ថិភាពជូនដល់ អ្នកដំណើរនៅលើដងផ្លូវជាតិលេខ៣៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ព្រុំ គន្ធិ អភិបាលរងខេត្តកែប លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ ផ្លូវគោក និងលោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប។ លោក ព្រុំ គន្ធិ អភិបាលរងខេត្តកែប បានលើកឡើងថា ការបើកបរត្រូវហាមពិសា គ្រឿងស្រវឹងដែលបណ្តាលឱ្យមានអត្រាជាតិអាល់កុលចាប់ពី០,២៥ មីលីក្រាមក្នុង មួយលីត្រខ្យល់ ឬចាប់ពី០,៥ ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ និងមិនត្រូវប្រើទូរស័ព្ទនៅពេលកំពុងបើកបរឡើយ។
លោកបន្តថា ទោចក្រយានយន្តអាចផ្ទុកមនុស្សពីរនាក់ និងអាចបន្ថែមបាន កុមារម្នាក់។ អ្នកបើកបរ និងអ្នករួមដំណើរ ព្រមទាំងកុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅ គឺត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ។ចំណែកអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រ យានយន្តសណ្តោងរ៉ឺម៉ក ក៏ត្រូវពាក់មួកឱ្យបានត្រឹមត្រូវផងដែរ។
លោកអភិបាលរងខេត្តបានបន្ថែមថា ចំពោះការបើកបរនៅក្នុងទីប្រជុំជន អ្នកបើកបរឬអ្នកជិះកៅអីមុខនៃរថយន្ត ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ ធ្វើបែបនេះដើម្បីបញ្ជៀសនូវហានិភ័យ ផ្សេងៗដែលអាចនឹងកើតឡើងជាយថាហេតុ។
ជាមួយគ្នានេះ លោក ព្រុំ គន្ធិ ក៏បានណែនាំដល់អ្នកដំណើរ ទាំងឡាយសូមកុំបើកបរទន្ទឹមគ្នាលើទ្រូងផ្លូវ ឬគន្លងផ្លូវតែមួយ ហើយអ្នកបើកបរ មិនត្រូវបើកបរកាត់ ឬជែងក្បួនយោធា ក្បួននគរបាល ក្បួនគណៈប្រតិភូ ឬក្បួនដង្ហែផ្លូវការណាមួយឡើយ។ លើសពីនេះ ចំពោះអ្នកបើកបរយានយន្តណា នៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹងដោយមានជាតិអាល់កុលចាប់ពី ០,៤០ មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ៨០០.០០០រៀល ទៅ ៤.០០០.០០០ រៀល៕

ដោយ ប្រាក់ លាង