ស្ថាប័នចំនួន៣ ដាក់បង្ហាញកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ 

AKP ភ្នំពេញ ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — ស្ថាប័នចំនួន៣រួមមាន វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា​ អង្គការ UNDP និងវិទ្យាស្ថានគណនេយ្យករជំនាញនៃចក្រភពអង់​គ្លេ​ស ​(ICAEW) បានសហការណ៍ រៀបចំកម្មវិធីស្ដីពី “ការបង្ហាញអំពីកម្មវិធីសិក្សាបចេ្ចកទេ​ស​​គ​ណនេ​យ្យ (ATQ) នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យនេះ ត្រូវបានបង្កើតឡើងដោយ វិទ្យាស្ថានគណ​នេយ្យ​ករជំនាញនៃចក្រភពអង់​គ្លេ​ស ​(ICAEW)  និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា​ ដោយមានការគាំទ្រជាមូលនិធិពីUNDP។​

កម្មវិធីនេះ មានជាភាសាខ្មែរ និងអង់គ្លេស​ ដើ​ម្បី​ជួយគាំទ្រដល់សាកលវិទ្យាល័យ ក៏ដូចជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដែលទទួលស្គាល់ដោយវិទ្យាស្ថានគណនេយ្យករជំនាញនិងស​​វ​​នករកម្ពុជានិងសិស្ស និស្សិតទូទាំងប្រទេសកម្ពុជា។​ កម្មវិធីនេះនឹង ជួយបង្កើនលទ្ធភាពរកកា​​​រ​ងារធ្វើរបស់យុវជន តាមរយៈការបណ្ដុះបណ្ដាលគណ នេយ្យករជំនាញយ៉ាងតិច ៥០០នាក់ត្រឹមឆ្នាំ២០២០ ដើម្បីផ្គត់ផ្គង់តម្រូវការអាជីវកម្ម គ្រប់វិស័យនៃសេដ្ឋកិច្ច។​

លោកស្រី Sonali Dayaratne តំណាង UNDP Cambodia បានលើកឡើងថា បញ្ហា ​កង្វះគណនេយ្យករជំនាញគឺជាក្ដីបារម្ភមួយសម្រាប់និរន្តភាពនៃកំ​ណើ​​នសេដ្ឋកិច្ច។ ទោះជា យ៉ាងណា​ក៏ដោយ វាជាឱកាសដ៏ល្អមួយសម្រាប់ បង្កើត និង ផ្ដល់ឱកាសការងារជូន ដល់យុវជនកម្ពុជា។

UNDP បានផ្ដួចផ្ដើមកិច្ចសហការណ៍ជាមួយក្រុមប្រឹក្សាជាតិគណនេយ្យ (NAC) វិទ្យាស្ថា​នគណនេយ្យករជំនា​ញ​និងសវនករកម្ពុជានិងវិទ្យាស្ថានគណ​នេយ្យ​ករជំនាញនៃ ចក្រភពអង់​​គ្លេ​ស ​(ICAEW)  ​ ដើម្បីបង្កើតកម្មវិធីសិក្សាបច្ចេកទេស គណនេយ្យដែលទទួលស្គាល់ជាអន្ត​រ​​​ជា​តិ និងជាកម្មវិធីសិក្សាសម្រាប់យុវជននៅកម្ពុជា ដែលរួមមានសិស្សដែលរៀនចប់វិទ្យាល័យ​ឡើងទៅ ឬនិយោជិកដែលកំពុងស្វែងរក ឱកាសពង្រឹងសមត្ថភាព និងជំនាញរបស់ខ្លួនសម្រា​​ប់ឱកាសការងារ។​

ឯកឧត្ដម ងី​ តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាជាតិគណនេយ្យបានលើកឡើងថា ការបង្កើតកម្មវិធីសិក្សា បច្ចេកទេស គណនេយ្យនេះ បានកើ​ត​ឡើងក្នុងពេលវេលាដ៏សមស្រប និងឆ្លើយតបទៅនឹងចក្ខុវិស័យ និងសកម្មភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានលើកឡើងនៅក្នុង យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០​១​៦​-២០២៥ និងគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៦-២០២៥ រួមមានដូចជា ការលើកទឹកចិត្តឱ្យ សហគ្រាសធុនតូច៨០ ភាគរយ ធុនមធ្យម៩៥ភាគរយ ត្រូវចុះបញ្ជីជាផ្លូវការ  និងដើម្បីធានាថាសហគ្រាសធុនតូចចំនួន៥០ភាគរយ និងសហគ្រាសធុនមធ្យមចំនួន៧​០​ភាគរយ មា​ន​បញ្ជីការគណនេយ្យ និងតារាងតុល្យការត្រឹមត្រូវ។

លើសពីនេះទៀត អាចនឹងកសាងសមត្ថភាពដើម្បីធ្វើការតាមដាននិងត្រួតពិនិត្យ សរុបកា​​រ​​កា​រពារប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ពីការប្រើប្រាស់ជាមធ្យោបាយសម្រាប់ការសម្អាតប្រា​ក់ និងហិរញ្ញប្រទានភេរវកម្ម និងការលើកកម្ពស់​អភិបាលកិច្ចល្អ​ គុណភាពទិន្នន័យ ប្រពន្ធ័គណនេយ្យនិងសវនកម្ម ក៏ដូចជាការវាយតម្លៃលើអចលនទ្រព្យ សេវាកម្មអចលនទ្រព្យ និងទីផ្សារអចនលវត្ថុ៕

ដោយ គង់ សិរីរ័ត្ន​