សម្ដេចតេជោនាយករដ្ឋមន្ត្រី ស្នើឱ្យអាជ្ញាធរយកចិត្តទុកដាក់ទប់សា្កត់ការឆ្លងជំងឺអេដស៍ និងគ្រប់គ្រងសំរាមឱ្យបានល្អក្នុងឱកាសបុណ្យជាតិខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យ​អា​ជ្ញា​ធរពាក់ព័ន្ធ យកចិត្តទុកដាក់ទប់សា្កត់ការឆ្លង ពិសេសការរីករាលដាលជំងឺអេដស៍ និងគ្រ​ប់​គ្រងសំរាមឱ្យបានល្អ ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យ អុំទូក  បណ្ដែត​ប្រ​ទី​ប អកអំបុក និងសំ​ពះ​ព្រះខែ ដែលនឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ។

ក្នុងពីធីផ្សព្វផ្សាយ និ​ង​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រ​អភិវឌ្ឍ​ន៍​​​ជាតិ ២០១៩-​២០២៣» នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព​.​ស. ២៥៦៣ ត្រូវនឹង​ថ្ងៃទី​០​៧​ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេ​ច​តេ​ជោ ហ៊ុន សែន បានថ្លែ​ង​ថា ថ្ងៃទី០៩ ខែវិច្ឆិកានេះគឺជាថ្ងៃបុណ្យឯករាជ្យជាតិ បន្ទាប់ពីថ្ងៃបុណ្យជាតិ ហើយ​បន្ទា​ប់​​មកគឺថ្ងៃបុណ្យអុំទូក អកអំបុក សំពះព្រះខែ  និងលយប្រទីប។ ដូច្នេះសុំឱ្យ អាជ្ញាធរ​គ្រប់​​​លំ​ដា​ប់ថ្នា​ក់​ ដែលបញ្ជូនទូក និងកីឡាករមកកាន់រាជធានីភ្នំពេញ ត្រូវមាន ការ ទទួលខុសត្រូវខ្ពស់ ជា​មួយនឹ​ងសុខទុក្ខរបស់កីឡាករ ដែលមកចូលរួមប្រកួតនៅទីក្រុងភ្នំពេញ​នៅក្នុងស្ថាន​ភា​ព​ដែ​ល​យើងតែងតែជួបប្រទះជារៀងរាល់ឆ្នាំ។ សម្ដេចតេជោបន្ដថា បញ្ហាជំងឺ​អេដស៍ ដែលវាអាចឆ្លងរីករាល​ដា​លនៅក្នុងការលៈទេសៈនោះ ហើយដែលជារៀងរាល់ឆ្នាំ ក្រសួងសុខាភិបា​លតែ​ងតែ​ធ្វើ​ស​កម្ម​ភាពច្រើន នៅក្នុងការចែកចាយ ឬការអប់រំ។ ចំណុចនេះ សម្ដេចតេជោក៏សូមអំពាវនាវ​ដល់កីឡារដែល​មក​​ចូលរួមអុំទូកទាំងអស់សូមកុំ​នាំជំងឺអេដស៍​ទៅ​កាន់ក្រុមគ្រួសារ។ ទាក់ទងនឹងការគ្រប់​គ្រង​សំ​​រា​ម សម្ដេចតេជោនាយករដ្ឋមន្ត្រីមាន​ប្រសាសន៍ថា   «ខ្ញុំបានដឹងថា អភិបាលរាជ​ធានីភ្នំពេ​ញ​​បា​ន រួមសហការជាមួយនឹងក្រសួង​បរិស្ថាន រួមសហការជាមួយនឹងក្រុមយុវជន មាន​ទាំង​​យុវ​ជន​សហភាពសហព័ន្ធ​យុវជន​កម្ពុជា អាចឈរជើងនៅតាមបណ្តាទីតាំងមួយចំនួន ព្រោះ​​បញ្ហានេះ ក្នុងរយៈពេល​៣ថ្ងៃ ឬ៤ថ្ងៃ រាប់ទាំងថ្ងៃបុណ្យ គឺសំរាមច្បាស់ជាមានចំនួនច្រើន ​​ដូច្នេះ​​ត្រូវរកវិធីគ្រប់គ្រងសំរាមនេះ ឱ្យបានហ្មត់ចត់ នៅក្នុងពេលវេលា ដែលយើងមានបុណ្យ​ទា​ននេះ»។ សម្ដេតេជោ ក៏បានបង្ហាញក្តីសង្ឃឹមថា សម្រាប់ ព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រ​ទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០​១៩​នេះ នឹងទទួលបាន​ភាពល្អ​ប្រសើរជាងបណ្តាលឆ្នាំមុនៗ ព្រោះមានការចូលរួមពីសំ​ណាក់អង្គ​ភា​ព និងស្ថានប័ន​ពាក់​ព័ន្ធទាំងអស់ ដើម្បីធ្វើការលើរឿងសំរាមនៅក្នុងរដូវបុណ្យទាន ក្នុងរាជធានី​ភ្នំ​ពេ​ញ និង បាន​អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមកលេងកម្សាន្ត នៅរាជធានី​ភ្នំ​ពេ​ញក្តី ឬនៅ​តាមរមណីយដ្ឋាននានាក្តី សូមចូលរួមធ្វើអនាម័យសំរាម ដែលខ្លួនបាន​ទទួ​ល​ទា​ន​ហើយ។ ជាមួយគ្នានេះ សូម​កុំបោះចោលសំរាមពាសវាលពាសកាល ពោលត្រូវទុកដាក់​ក្នុងធុងសំរាម ជាពិ​សេ​សត្រូវចូលរួមទាំងអស់គ្នា ដើម្បីឱ្យក្លាយខ្លួនជាម្ចាស់ប្រទេសដែល​មានភាព​អនាម័យ និ​ង​ស្អា​ត​សម្រាប់យើងទាំងអស់គ្នា៕

ដោយ ជឹម ណារី