ឯកឧត្ដម សរ សុវណ្ណ ចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ដល់សម្បទានិក​ចំនួន​១០៥គ្រួសារ​ នៅស្រុកចិត្របុរី ខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្ដម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់សម្បទានិក ចំនួន១០៥គ្រួសាររបស់គម្រោង​បែងចែក​ដី ​ដើម្បី​សង្គម​កិច្ច ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​២​ស្ថិតក្នុង​ឃុំ​ថ្មី​ ស្រុក​ចិត្របុរី​ ខេត្តក្រចេះ​កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត ទទួលបន្ទុកជាប្រធានគណៈកម្មាធិការដោះ ស្រាយវិវាទដីធ្លីខេត្តក្រចេះបានឱ្យដឹងថា ថ្ងៃនេះក្រុមការងារខេត្តបានធ្វើការផ្តល់ ប័ណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុដល់សម្បទានិក​ចំនួន​១០៥គ្រួសារ​ ស្មើ​នឹង​១៣៥ប័ណ្ណ​ និង​ប័ណ្ណចំនួន៤៨​ផ្សេងទៀត សម្រាប់​ដី​រដ្ឋ​បាល​នៅក្នុងគម្រោង​បែងចែក​ដី​ដើម្បី​សង្គម​កិច្ច​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​២​ (LASED II)​ ក្នុង​ឃុំ​ថ្មី​ ស្រុក​ចិត្របុរី​ ខេត្តក្រចេះ​។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ចាប់​ពី​ឆ្នាំ​២០១៦​មកដល់​បច្ចុប្បន្ន​ រដ្ឋបាល​ខេត្តក្រចេះ​សម្រេច​ជ្រើសរើស​យក​ស្រុក​គោលដៅ​ចំនួន​២​ គឺ​ស្រុក​ចិត្របុរី​ មាន​ឃុំគោលដៅ​ចំនួន​៤​ គឺឃុំ​សំបុក​ ឃុំ​ចង្ក្រង់​ ឃុំដារ​ និង​ឃុំថ្មី​ និង​ស្រុក​ព្រែក​ប្រសព្វ​ មាន​ឃុំគោលដៅ​ចំនួន​១​ គឺឃុំ​ចំបក់​។

លោកបញ្ជាក់ទៀតថា​ ការ​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​នាថ្ងៃ​នេះ ​ធានា​ដល់​សុវត្ថិភាព​អ្នក​កាន់​កាប់​ដីធ្លី​ (ម្ចាស់​កម្មសិទ្ធិ​)​ មាន​ន័យ​ថា​ប្រជាពលរដ្ឋ​ជាសម្បទានិក​មាន​លក្ខខណ្ឌ​ស្របច្បាប់​ក្នុង​ការ​វិនិយោគ​លើដីធ្លី​ដែល​ពួកគាត់​បាន​រស់​នៅ​ និង​ប្រើប្រាស់​ស្របតាមច្បាប់ត្រឹមត្រូវ។

ឯកឧត្ដម​ សរ​ សុវណ្ណ​ ​បាន​លើកឡើងថា​ អ្វីទាំង​អស់ដែលយើងបាន​ធ្វើថ្ងៃនេះ បានរួម​ចំណែក​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ លើក​កម្ពស់​កម្រិត​ជីវភាព​រស់​នៅ​របស់​សម្បទានិក​ និងកាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន​បាន​មួយ​កម្រិត​ធំស្របតាមគោលនយោបាយរបស់​រាជរដ្ឋាភិបាល​។

ឯកឧត្ដមបញ្ជាក់ថា សមិទ្ធផលទាំង​អស់​នេះបាន​មកពីការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជាដែល​មាន​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ ជាប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិ​បណ្ឌិត ​និងជាស្ថាបនិក​នៃ​ស្ថិរភាព​នយោបាយ​ សន្តិសុខសង្គម​ និង​ជាមគ្គុទ្ទេសក៍​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ជាប្រវត្តិ​សាស្ត្រ​។

ជាមួយគ្នានេះដែរ​ ប្រមុខ​រាជរដ្ឋាភិបាល​បាន​បង្កើត​ឱ្យ​មាន​មូលដ្ឋាន​យុទ្ធសាស្ត្រ​ចតុ កោណ​របស់​ជាតិ​ដ៏​រឹងមាំ​នៅគ្រប់​នីតិកាល​នីមួយៗ​នៃ​រដ្ឋសភា​ ដែល​ជ្រុង​មួយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ជាតិ​នេះ​ គឺការ​ធ្វើ​កំណែទម្រង់​ដីធ្លី​ និង​នគរូបនីយកម្ម​ស៊ីជម្រៅ​ជាមួយ​នឹង​ការ​បង្កើត​ឱ្យ​មាន​នូវ​គោល​នយោបាយ​ដីធ្លី​ដោយ មាន​សរសរ​ស្ដម្ភ​បី​ធំៗ​ គឺរដ្ឋបាល​ដីធ្លី​ ការរៀបចំ​នគ រូបនីយកម្ម​ និង​ការ​បែង​ចែក​ដីធ្លី​ប្រកបដោយ​សមធម៌។

ឯកឧត្ដម​រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បាន​ផ្តាំផ្ញើ​ដល់​សម្ប ទានិក​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នៅពេល​នេះ​ មិន​ត្រូវ​យកទៅបញ្ចាំ​ ឬលក់ដូរ​ឡើយ​ ព្រោះ​វា​ជា​អាយុជីវិត​របស់​បងប្អូន​។ ឯកឧត្តម​ក៏បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ព្យាយាម​ស្វែងរក​ប្រភព​ចំណូល​ និង​បង្កបង្កើនផល​បន្ថែម​ទៀត​ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាពប្រសើរ​ជាង​យក​ដី​ទៅ​បញ្ចាំ​ ឬលក់​៕

ដោយ ជួន សុជាតិ