សាខាកាកបាទក្រហមខេត្តសៀមរាប រៀបចំពិធីអប់រំផ្សព្វផ្សាយ ស្តីពី សុវត្ថិភាពចរាចរណ៍ក្នុងព្រះរាជពិធីបុណ្យអុំទូក

AKP សៀមរាប ថ្ងៃទី​​​០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សាខាកាកបាទក្រហមខេត្តខេត្តសៀមរាប បានសហការជាមួយក្រុមហ៊ុន APISWA រៀបចំពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ ក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយផ្តោតលើផលប៉ះពាល់ នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។

ពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាល័យ១០មករា ១៩៧៩ ក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងមានការ អញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីនគរបាលចរាចរខេត្ត តំណាងអង្គការ សិស្សានិសុស្ស  យុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធិ ដែលសរុប ចំនួន១៥០។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន ឱ្យដឹងថា ក្នុងរយៈពេលមួយឆមាសទី១ ឆ្នាំ២០១៩នេះ ករណីគ្រោះថ្នាក់ចរាចរផ្លូវគោកមាន ការកើនឡើងបណ្តាលឱ្យមានមនុស្សស្លាប់១ពាន់៣៣នាក់ របួសចំនួន ៣ពាន់២២៤នាក់ បើ ប្រៀបធៀបរយៈពេលដូចគា្នក្នុងឆ្នាំ២០១៨ ចំនួនអ្នកស្លាប់កើន១០៣នាក់ ស្មើ១១ភាគរយ និងរបួសកើន៨២៥នាក់ ស្មើ៤ភាគរយ។

នាឱកាសនោះ កញ្ញា អ៊ុច ធារី តំណាងក្រុមហ៊ុន APISWA បានបញ្ជាក់ថា យុទ្ធនាការ នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ តាមរយៈការ ផ្សព្វ ផ្សាយពីសុវត្ថិភាពចរាចរណ៍ ដោយបានផ្តោតលើហានិភ័យ នៃការបើកបរក្រោម ឥទ្ធិពលនៃ គ្រឿងស្រវឹង និងដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយការ គ្រោះថ្នាក់ចរាចរ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩នេះ។

លោកជំទាវ ទាង អេង បានគូសបញ្ជាក់ថា ការរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងមិនបានពាក់មួកសុវត្ថិភាព ដ៏មានសារៈសំខាន់នេះឡើង គឺដើមី្បផ្សព្វផ្សាយតាមរយៈការចែកខិត្តប័ណ្ណដល់បងប្អូន អ្នកបើកបរ ក៏ដូចប្រជាពលរដ្ឋទូទៅ ក្នុងការបង្កើននូវចំណេះដឹង និងការដាស់តឿន ក្រើនរម្លឹកដល់បងប្អូន អំពីផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធពលគ្រឿងស្រវឹង និងមិនពាក់ មួកសុវត្ថិភាព ក្នុងគោលបំណងចូលរួមកាត់បន្ថយអត្រាស្លាប់ ពិការដោយគ្រោះថ្នាក់ចរាចរ សំខាន់ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ។

លោកជំទាវ ទាង អេង បានធ្វើការកត់សម្គាល់ថា យោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានបង្ហាញពីចំនួននៃអត្រាគ្រោះ ថ្នាក់ចរាចរ ដែលបណ្តាលឱ្យមានបាត់បង់ជីវិត និងរងរបួស ហើយបានបន្សល់សង្គមជាតិនូវ ជនពិការ ស្ត្រីមេម៉ាយ ក្មេងកំព្រាជាដើម។ កត្តាទាំងនេះកើតឡើងដោយការបើកបរបញ្ជា យានយន្តមិនគោរពច្បាប់ចរាចរណ៍ រួមមានការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិគ្នា អធ្យាស្រ័យគ្នា មិនប្រកាន់ស្តាំ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងមិនពាក់មួកសុវត្ថិ ភាពជាដើម។

លោកជំទាវក៏បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតរបស់ សិស្សសាលាម្នាក់ ដែលត្រូវបានរថយន្តបើកបុកកាលពីម្សិលមិញ។ លោកជំទាវក៏បាន ចូលរួមរំលែកទុក្ខជាមួយអាណាព្យាបាលសិស្សនោះផងដែរ។ ដើមី្បឆ្លើយតបចំពោះ ករណីគ្រោះថ្នាក់ចរាចរ លោកជំទាវក៏បានសំណូមដល់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ប្រជាការពារភូមិ ត្រូវរួមសហការគ្នា ជំរុញធ្វើការផ្សព្វផ្សាយតាមរយៈយុវជនកាក បាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិ និងសហភាព សហព័ន្ធយុវជនកម្ពុជា អ្នកស្ម័ត្រចិត្ត ធ្វើការផ្សព្វផ្សាយបន្តទៅគ្រប់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន សហគមន៍ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក របៀបពាក់មួកសុវត្ថិភាពផងដែរ។

គួរបញ្ជាក់ថា ក្នុងសកម្មភាពបើកយុទ្ធនាការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នេះ ក៏មានរៀបចំក្បួនដង្ហែទៅតាមដងវិថីនានាក្នុងក្រុងសៀមរាប ព្រមទាំងមានការស្រែក ពោលនូវពាក្យនៃខ្លឹមសារអប់រំថា ថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរ  មួកមួយជីវិតម្នាក់ ពិសារគ្រឿងស្រវឹងកុំបើកបរ រួមគ្នាគោរពច្បាប់ចរាចរណ៍។ ក្នុងនោះដែរក៏មានធ្វើការចែក នូវខិត្តប័ណ្ណអប់រំដល់បងប្អូនអ្នកធ្វើដំណើរតាមម៉ូតូ រថយន្ត ម៉ូតូកង់បី និងចូលទៅក្នុង ទីផ្សារធំថ្មី ព្រមទាំងធ្វើការប្រកាសអប់រំឱ្យប្រជាពលរដ្ឋ អ្នកធ្វើដំណើរឱ្យបានយល់ដឹង ពី ឥរិយាបថខុសឆ្គង ដែលបណ្តាលនាំឱ្យមានគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ និងចៀសវាងការ ប្រព្រឹត្តកំហុសទាំងនោះទៀតផង៕

ដោយ​ ហង្ស សៀក