ប្រភេទកីឡាចំបាប់កម្ពុជា វិលចូលស៊ីហ្គេម ២០១៩ឡើងវិញ ក្រោយខកខានស៊ីហ្គេម៣លើក

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រភេទកីឡាចំបាប់កម្ពុជា ដែលស្ថិតនៅក្នុងបញ្ជី៩ប្រភេទ កីឡាសក្តានុពលក្នុងការប្រជែង មេដាយសម្រាប់ស៊ីហ្គេម លើកទី៣០ ចុងឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា បាន វិលត្រឡប់ចូលប្រ កួតប្រជែងមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ២០១៩នេះឡើងវិញ បន្ទាប់ពីប្រភេទ កីឡា ចំបាប់នេះខកខានស៊ីហ្គេម ៣លើកស្មើនឹង៦ឆ្នាំ ដោយសារបណ្តាម្ចាស់ផ្ទះស៊ីហ្គេម ៣ដង កន្លងទៅនោះមិន មាន ដាក់ប្រភេទកីឡាចំបាប់នេះ។

លោក កាង ដែនពិសិទ្ធ គ្រូបង្វឹកកីឡាចំបាប់បញ្ជាក់ថា ចំបាប់កម្ពុជាខកខានស៊ីហ្គេម ៣លើក ពោលគី ចាប់តាំងពីឆ្នាំ២០១៣ មកម្លេះ ហើយសម្រាប់ស៊ីហ្គេម នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩នេះ ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិចំបាប់កម្ពុជាបានហ្វឹកហាត់ត្រៀមខ្លួនចូល ប្រជែងមេដាយឡើងវិញ ដោយមានកីឡាករ ៩នាក់ និងកីឡាការិនី៣នាក់ កំពុងហ្វឹកហាត់​បង្កើន​គុណភាពបច្ចេកទេសក្នុង១ថ្ងៃៗ ៦ម៉ោងកន្លះ ដែលចែក ចេញជា៣វេន។ គ្រូបង្វឹករូប​នេះ​បានបន្ដថា ដោយសារការប្រមូលផ្តុំហ្វឹកហាត់ត្រៀមនេះ មានមួយចំនួនសុទ្ធសឹង តែជា​កីឡាករ កីឡាការិនីថ្មីៗ ដោយយើងមិនដាក់ក្តីសង្ឃឹមខ្ពស់ពេកទេ ប៉ុន្តែលោកបានដាក់ក្តី​សង្ឃឹមក្នុងការប្រជជែងមេដាយលើកីឡាករប្រភេទទម្ងន់ធ្ងន់ៗ និងកីឡាការិនី ដែលចេញទៅ ហ្វឹក​ហាត់ នៅប្រទេសចិន រយៈពេល៦ខែ ដោយពួកគាត់មានបទពិសោធន៍ច្រើន និងមាន ដៃគូហ្វឹកហាត់ច្រើន។

ចំណែកឯ កីឡាករ កែវ សុភ័ក្រ្ត ដែលជាបេក្ខភាពស៊ីហ្គេម ២០១៩នេះដែរបញ្ជាក់ថា ការហ្វឹកហាត់ ត្រៀមនេះមានការហ្វឹកហាត់ច្រើន ដើម្បីបង្កើនបច្ចេកទេសកាន់តែល្អប្រសើរ។ សុភ័ក្ត្រធ្លាប់ចូលរួមប្រកួតជើង ឯកកីឡាចំបាប់អាស៊ីអាគ្នេយ៍ម្តង នៅប្រទេសហ្វីលីពីន កន្លង​ទៅ ដោយដណ្តើមបានមេដាយប្រាក់១គ្រឿង និងសំរឹទ្ធិ១គ្រឿង។ កីឡាកររូបនេះ​មិនធ្លាប់​ចូល​រួមប្រកួតក្នុងស៊ីហ្គេមនៅឡើយទេ ប៉ុន្តែបានប្តេជ្ញាចិត្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បី​ដណ្តើមមេដាយយកមកជូនជាតិ។

កីឡាករ ហេង វុទ្ធី បាននិយាយដែរថា ខ្លួនមិនធ្លាប់ចូលស៊ីហ្គេមទេ ប៉ុន្តែសម្រាប់​ការ​ប្រកួតជើងឯកអាស៊ី អាគ្នេយ៍កន្លងមក ធ្លាប់ឈ្នះមេដាយប្រាក់២ និងសំរឹទ្ធិ៦ និងមេដាយ​មាស១ ប្រាក់២គ្រឿង ពីជើងឯកនគរបាល ពិភពលោក ថ្មីៗនេះ នៅប្រទេសចិន។ វុទ្ធី ដាក់ក្តីសង្ឃឹម៨០ភាគរយ ក្នុងការប្រជែងមេដាយក្នុងកម្រិតណាមួយ ប៉ុន្តែ សហព័ន្ធបានដាក់​គោល​ដៅឱ្យរូបគេដណ្តើមឱ្យបានមេដាយមាស៕

ដោយ ហេង ណាលីន