កាយសម្ព័ន្ធដាក់គោលដៅឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស៊ីហ្គេម នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធបានដាក់គោលដៅធ្វើយ៉ាង ណាប្រឹងប្រែងឱ្យឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងស៊ីហ្គេម លើកទី៣០ នៅ​ប្រទេសហ្វីលីពីន ដែលនឹងគ្រោងចាប់ផ្តើមពិធីបើកជាផ្លូវការ ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

លោកអគ្គលេខាធិការរូបនេះបញ្ជាក់ជូនថា ប្រភេទកីឡាកាយសម្ព័ន្ធមានការលំបាក​ក្នុងការប្រជែងមេដាយ ដោយសារតែនៅក្នុងទ្វីបអាស៊ីមានប្រទេសខ្លាំងៗ ហើយនៅអាស៊ីអា​គ្នេយ៍នេះដែលមានប្រទេសខ្លាំងៗ ប្រកួតជម្រុះជាប់អូឡាំពិកហ្គេម ដូចជាហ្វីលីពីន សិង្ហបុរី វៀតណាម ម៉ាឡេស៊ី ជាដើម ដែលមានគុណភាព បច្ចេកទេសខ្ពស់ខ្លាំងណាស់។ ប៉ុន្តែទោះ​យ៉ាងនេះ ក៏លោកមានក្តីរំពឹងផងដែរលើអត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា នៅក្នុងការប្រកួត ប្រជែងដើម្បីឱ្យឈានដល់ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬផ្តាច់ព្រ័ត្រ។

លោកបានបន្ថែមថា ការដាក់គោលដៅនេះគឺអាស្រ័យលើហេតុផលចម្បងៗមួយចំនួន ដូចជាការ​ខិតខំហ្វឹកហាត់ត្រៀម នៅក្នុងស្រុក និងការបញ្ជូនកីឡាករចេញទៅហ្វឹកហាត់នៅ​សាធារណរដ្ឋប្រជាមានិតចិន ជាពិសេសគឺកីឡាករ កីឡាការិនីជម្រើសជាតិកាយសម្ព័ន្ធ​បាន​ចូលរួមប្រកួតត្រៀមស៊ីហ្គេម នៅសារធារណរដ្ឋកូរ៉េ កន្លងទៅថ្មីៗនេះ ដោយពួកគេសុទ្ធតែ ប្រជែង​បាន​លទ្ធផលល្អដោយអាចឆ្លងផុតវគ្គជម្រុះ ឈានដល់ជុំផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា ប្រភេទកីឡាកាយសម្ព័ន្ធកម្ពុជា ស្ថិតនៅក្នុងចំណោម៣០ប្រភេទកីឡា ដែលក្រសួងអប់រំ យុវជន និងកីឡាបានត្រៀមចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម នៅ​ប្រទេស​ហ្វីលីពីន នាចុងវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្នុងនោះក្រសួងអប់រំ បានចាត់ចំណាត់ថ្នាក់៩​ប្រភេទកីឡាគឺជាប្រភេទកីឡាសក្តានុពល៕

ដោយ ហេង ណាលីន