ក្រុមបឹងកេត គ្រងម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៩ ក្រោយឈ្នះព្រះខ័នរាជស្វាយរៀង វគ្គផ្តាច់ព្រ័ត្រ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្រុមបឹងកេតបានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផលប៉េណាល់ទី ៥ទល់៤ ក្រោយពីរក្សាលទ្ធផលស្មើគ្នាពេញ១២០នាទី ១ទល់១ កាលពីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Smart RSN ដោយបានឈ្នះជើងឯកពានរង្វាន់ សម្តេចអគ្គមហា​សេនាបតី តេជោ ហ៊ុន សែន លើកទី១៣ ថ្នាក់ជាតិ រដូវកាល ២០១៩។

នៅក្នុងការប្រកួតនៅវគ្គទី១ ក្រុមប្រជែងជើងឯកទាំងពីររក្សាលទ្ធផលស្មើគ្នា ១ទល់១ ហើយនៅវគ្គទី២ នាទី៤៨ កីឡាករ ម៉ុន វ៉ាន់ដា បើកការនាំមុខ ១ទល់០ ហើយនៅនាទី៧០ កីឡាករ នុប តុលា របស់ព្រះខ័នរាជ ស្វាយរៀងធ្វើ សម្រេចតាមបានស្មើ ១ទល់១ វិញ ដោយ​បាល់ពិន័យប៉េណាល់ទី ដោយលទ្ធផលស្មើគ្នានេះ បញ្ចប់ដល់៩០នាទី និងបន្ត១៥​នាទី២​ដងទៀត នៅតែស្មើដដែល ដែលធ្វើឱ្យក្រុមទាំងពីរត្រូវបានកាត់សេចក្តី ដោយបាល់១១​ម៉ែត្រ។ ជាលទ្ធផលបាល់១១ម៉ែត្រកាត់សេចក្តីនេះ គឺក្រុមបឹងកេតបានយកឈ្នះព្រះខ័នរាជ ស្វាយរៀង ៥ទល់៤ ហើយបឹងកេតដណ្តើមបានពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល​២០១៩នេះជាលើកដំបូង ខណៈព្រះខ័នរាជស្វាយរៀង ដែលទើបឈ្នះជើងឯកលីគ​កំពូល​កម្ពុជា រដូវកាល ២០១៩នេះដែរ បានត្រឹមជើងរងប៉ុណ្ណោះ។

ចំពោះក្រុមជ័យលាភី រួមមាន៖ ក្រុមម្ចាស់ជើងឯក ដែលគ្រប់គ្រងដោយបឹងកេត ទទួលបានពាន១ មេដាយមាស អមដោយប្រាក់រង្វាន់ចំនួន៨០លានរៀល ខណៈក្រុមរង​ជើងឯក ព្រះខ័នរាជស្វាយរៀង ទទួលបានមេដាយប្រាក់ អមដោយប្រាក់រង្វាន់ចំនួន ៤០លាន​រៀល។ រីឯក្រុមវិសាខា និងភ្នំពេញក្រោន ដែលជាក្រុមចំណាត់ថ្នាក់លេខ៣ និងលេខ៣ស្ទួន ទទួលប្រាក់រង្វាន់ចំនួន១០លានរៀលដូចៗគ្នា។ ចំពោះកីឡាករ បឹងកេត ហ៊ុល គឹមហ៊ុយ ជាប់​ជាកីឡាករល្អជាងគេប្រចាំការប្រកួត។

គួរបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជា និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភដល់ព្រឹត្តិការណ៍​កីឡាបាល់ទាត់នេះចំនួន៥ម៉ឺនដុល្លារអាមេរិក៕

ដោយ ហេង ណាលីន