មន្រ្តីជាន់​ខ្ពស់ក្រសួង​អប់រំបង្ហាញថា ការ​ប្រើ​ប្រាស់​ប្រព័ន្ធព័ត៌​មានឌីជីថលគ្រប់​គ្រងសិស្ស​អាហារូ​​បករណ៍ គឺជាចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍវិស័យ​អប់រំនៅ​កម្ពុជា

AKPខេត្តសៀមរាប ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម សាន្ត វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ ស្តីពីការ​ប្រកាស​ដាក់ឱ្យប្រើ​ប្រាស់​ប្រព័ន្ធព័ត៌​មានគ្រប់​គ្រងសិស្ស​អាហារូ​​បករណ៍​ និងណែនាំពីរបៀបប្រើប្រាស់ប្រព័ន្ធនៅ​ខេត្ត​សៀមរាប​​ នា​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា នៅ​ក្នុង​រយៈពេល​២ឆ្នាំកន្លងមកនេះ ​ក្រសួងអប់រំ យុវជន និងកីឡាបាន​សហការ​ជាមួយកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ បាន​បង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​ព័ត៌មានមួយ ដើម្បី​ពិនិត្យតាម​ដាន​ទៅ​លើការ​អនុវត្ត​ផ្តល់អាហា រូបករណ៍ជូន​សិស្ស ដោយបានចាប់ផ្តើមអនុវត្តការប្រើប្រាស់ដំបូង​​នៅខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង។

ឯក​ឧត្តមបាន​បន្តថា បច្ចុប្បន្ននេះចំនួន​សិស្សចេះតែច្រើនឡើងៗ ហើយ​បែបផែន នៃការ​គ្រប់​គ្រ​ង​ គឺកាន់តែមាន​ភាព​ពិបាក​ គោលនយោបាយរបស់យើង​កាន់តែមាន​ភាព​ស៊ីជម្រៅជាងមុន ដូច្នេះយើងចាំបាច់ត្រូវសម្រេចជ្រើសរើសឧបករណ៍មួយមកជំនួយតាម បែបឌីជីថល ហើយការ​ប្រើ​ប្រាស់​ប្រព័ន្ធព័ត៌​មានឌីជីថលគ្រប់​គ្រងសិស្ស​អាហារូ​​បករណ៍នេះ គឺជាចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍវិស័យ​អប់រំនៅ​កម្ពុជា ខណៈដែលក្រសួង​អប់រំកម្ពុជា មាន​គោលដៅឈានឆ្ពោះទៅធ្វើការ​អប់រំឌីជីថល និងជាចំណែកមួយ ជំរុញកម្ពុជាឱ្យមាន ការភិវឌ្ឍសេដ្ឋកិច្ចបែបឌីជីថលផងដែរ។ ឯក​ឧត្តម​បាន​បញ្ជាក់ថា បន្ទាប់ពីការ​ប្រើ​ប្រាស់​ប្រព័ន្ធព័ត៌​មានគ្រប់​គ្រងសិស្ស​អាហារូ​​បករណ៍ នៅខេត្តទាំង​បីនេះទទួលបានជោគជ័យ ក្រសួងអប់រំក៏មាន​គោលដៅពង្រីកកម្មវិធីនេះឱ្យបានទូទាំង​ប្រទេសផងដែរ។

លោក កែវ គ្រឹស្នា មន្រ្តីកម្មវិធីស្បៀងអាហារពិភពលោក បាន​លើកឡើងដែរថា កម្មវិធីស្បៀងអាហារពិភពលោកបាន និងកំពុងគាំទ្រដល់​ការ​បង្កើត ​និងប្រើប្រាស់​ដំណោះស្រាយបែបឌីជីថល ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​ជាក់​ស្ដែង​របស់​ដៃគូ​ររាជរដ្ឋាភិបាល ដែល​ទទួល​បន្ទុក​លើ​កិច្ច​ការអប់រំ ​​គ្រប់គ្រងគ្រោះមហន្តរាយ សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភជាដើម។ ក្នុងនោះដែរ កម្មវិធីស្បៀងអាហារពិភពលោក​ក៏បាននិងកំពុងរួមចំណែក​ដល់​ការ​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​ព័ត៌មាន ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន​ថ្នាក់​ជាតិ ដោយ​សហការ​យ៉ាងជិតស្និទ្ធ​ជាមួយក្រសួង​ពាក់ព័ន្ធនានា​ ដូចជា ក្រសួងអប់រំ យុវជន និងកីឡា ​គណៈ​កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងផែនការ ក្រសួងកសិកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាដើម។​

ចំពោះក្រសួងអប់រំយុវជននិងកីឡា ដោយបានរចនា និងអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មាន​គ្រប់ គ្រងសិស្សអាហារូបករណ៍​នៅ​បឋមសិក្សា ទៅតាមតម្រូវការជាក់ស្តែងរបស់អ្នក ប្រើប្រាស់នៅ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយចាប់ផ្តើមអនុវត្តន៍ការប្រើប្រាស់ដំបូង​​នៅខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង។ ប្រព័ន្ធគ្រប់គ្រងព័ត៌មាននេះ ត្រូវបានអភិវឌ្ឍន៍ឡើងដោយផ្អែក លើបច្ចេកវិទ្យាកូដចំហ (Open Source)ចុងក្រោយ ស្របតាមគោលការណ៍របស់ក្រសួង អប់រំយុវជន និងកីឡា និងងាយស្រួលសម្រាប់អ្នកអភិវឌ្ឍន៍កម្មវីធីកុំព្យូទ័ររបស់ក្រសួងយកទៅ អភិវឌ្ឍន៍បន្ត និងបង្កើនវិសាលភាពនៃការប្រើប្រាស់។ ពិសេសប្រព័ន្ធនេះត្រូវបាន អភិវឌ្ឍឡើងដោយមាន Application Programming Interface (API) ដើម្បីចែកចាយទិន្នន័យ សំខាន់​ៗ របស់សិស្សអាហារូបករណ៍ ទៅកាន់ប្រព័ន្ធគ្រប់គ្រងព័ត៌មានដទៃទៀតរបស់ ក្រសួងអប់រំ ដោយស័្វយប្រវត្តិងាយស្រួល និងរហ័ស។ ដូចជាការចែកចាយទិន្នន័យអំពី លទ្ធផលសិក្សារ​បស់សិស្សអាហារូបករណ៍ទៅកាន់ប្រព័ន្ធ EMIS ក្រសួងហិរញ្ញវត្ថុជាដើម៕

ដោយ ឃុត សៅ