នាវាកងទ័ពជើងទឹករុស៊្សី០១គ្រឿង បានចាកចេញពីដែនសមុទ្រកម្ពុជាប្រកបដោយសុវត្ថិភាព

AKP ព្រះសីហនុ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី0៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នាវាកងទ័ពជើងទឹករុស្ស៊ី ០១គ្រឿង បានធ្វើដំណើរចាកចេញពីដែន សមុទ្រកម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលចតបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ០៣ថ្ងៃរួចមក ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រកប ដោយជោគជ័យ ។ ដោយមានការស្វាគមន៍ជូនដំណើរដោយលោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយរងសេនាធិការមូលដ្ឋានសមុទ្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។   នាវាហ្វឹកហ្វឺនកងទ័ពជើងទឹករុស្ស៊ី ប្រចាំតំបន់ Baltic បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ឱ្យកាន់តែល្អប្រសើរថែមទៀត ។

នាវា PEREKOP មានបណ្តោយ ១៣៨ម៉ែត្រ ទទឹង ១៧.២ម៉ែត្រ ជម្រៅទឹក ៥.៥៣ម៉ែត្រ -ទំងន់ផ្ទុក ៧.២៧០តោន មាននាវិកចំនួន  ៣៩៩នាក់ ដឹកនាំដោយមេបញ្ជាការនាវា និងជាប្រធានប្រតិភូលោកវរនាវីឯក CHEROKOV Vladimir ។

សូមរម្លឹកថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណ: ប្រតិភូនាវាកងទ័ពជើងទឹករុស្ស៊ី បានចូលជួបសម្ដែងការគួរសមជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម និងលេងកីឡាជាមិត្តភាពរវាងកងទ័ពជើងទឹកទាំងពីរនៅមូលដ្ឋានសមុទ្ររាម មានដូចជា បាល់ទាត់ បាល់ទះ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពរវាងនាវិក កងទ័ពជើងទឹកនៃប្រទេសទាំងពីរ កម្ពុជា -រុស្ស៊ី ឱ្យកាន់តែជិតស្និទ្ធថែមទៀត ៕

ដោយ ងូ សុមុនី