រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធមិទ្ទីងរម្លឹកខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩

AKP កំពង់ឆ្នាំង ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — កាលពីថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីលានវិមានឯករាជ្យ ខេត្តកំពង់ឆ្នាំង មានរៀបចំប្រារព្ធមិទ្ទីង ដើម្បីរម្លឹកខួបលើកទី៦៦ ថ្ងៃបុណ្យឯករាជ្យជាតិថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ – ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្ត ព្រះសង្ឃ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ គរុសិស្ស សិស្សានុសិស្សនិង ប្រជាពលរដ្ឋប្រមាណ ៣.៤២៩ អង្គ/នាក់។

ឯកឧត្តម ឈួរ ច័ន្ទឌឿន  បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៩) ដែលប្រព្រឹត្តទៅស្របជាមួយទិវារម្លឹកខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ គឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា របស់ប្រជាជាតិខ្មែរ ដើម្បីរម្លឹកគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យពីអាណានិគមនិយមបារាំង និងរម្លឹកគុណដល់វីរកុលបុត្រកុលធីតា កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទនៅគ្រប់ជំនាន់ ដោយបានឆ្លងកាត់គ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមានការ តស៊ូដណ្តើមឯករាជ្យ ការពុះពារឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់យ៉ាង រហូតដល់បច្ចុប្បន្ននេះ។ ដូច្នេះដើម្បីបន្តនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ សូមកងកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកងយោធពលខេមរភូមិន្ទ សូមបន្តការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ ថែរក្សារាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សស្ថិតស្ថេរ រួមចំណែក កសាង អភិវឌ្ឍន៍ប្រទេសជាតិឱ្យបានរីកចម្រើនរុងរឿង ក្នុងឯករាជ្យ សន្តិភាព ស្ថិរភាព និងរួបរួមក្នុងមហាសាមគ្គីជាតិដ៏ទូលំទូលាយ ដោយគ្មានការកើតឡើងជាថ្មីទៀត នូវសង្គ្រាមសោកនាដកម្ម និងគ្រោះមហន្តរាយដូចអតីតកាល។

ឯកឧត្តម អភិបាលខេត្តបានប្រសាសន៍បន្តថា ទិវាបុណ្យឯករាជ្យជាតិ និងទិវាខួបកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ បានឆ្លុះបញ្ចាំងពីជោគជ័យក្នុងកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយ ប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើន។ជាពិសេស ឆ្លងកាត់រយៈពេល ៦៦ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឺនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធរបស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជាជាដរាបតរៀងមក និងយូរអង្វែងផងដែរ។

ជាថ្មីម្ដងទៀតក្នុងនាមអង្គពិធីទាំងមូល ទូលព្រះបង្គំខ្ញុំសូមសម្ដែងនូវកតញ្ញូតាធម៌និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ អតីតព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី នឹងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាណជម្នះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ផ្សះផ្សាជាតិ ភាពចម្រុងចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្ត៕

ដោយ បៃ ស៊ីថុន