អាជ្ញាធរ និងកងកម្លាំង​ប្រដាប់អាវុធខេត្តស្រះកែវ ប្រទេសថៃ ផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ចូលរួមអនុវត្តន៍យ៉ាងតឹងរឹង ការទប់ស្កាត់ បង្រ្កាបក្រុមឧទ្ទាមក្រៅច្បាប់ទណ្ឌិតសម រង្ស៊ី

AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ឯកឧត្តម ​ Mr. WORAPHAN SUWANNUS បានទទួលសំណើរ និងសហការអនុវត្តន៍ ការទប់ស្កាត់មេក្រុមឧទ្ទាមក្រៅច្បាប់ ទណ្ឌិត​សម រង្ស៊ី និងបក្សពួកដែលប្រកាសយកទឹកដីប្រទេសថៃ ដោយឡែកខេត្តស្រះកែវ ដែលជាប់ព្រំដែនជាមួយខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ជាច្រកមូលដ្ឋាន ចូលមកកម្ពុជា ក្នុងគោលដៅផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ។

ការប្រកាសជំហរយ៉ាងដូច្នេះរបស់អភិបាលខេត្តស្រះកែវ បានធ្វើឡើងតាមសំណើរ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបប្រជុំទ្វេ ភាគីរវាងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃពុធ ១០ កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នៅស្នាក់ការ គយថៃទល់មុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការចូលរួមពីមេបញ្ជាការកង​​កម្លាំងគ្រប់កងឯកភាព និងអាជ្ញាធរក្រុង ស្រុកជាប់ព្រំដែន នៃភូមិសាស្ត្រខេត្តទាំងពីរ ជា ខេត្តសម្ព័ន្ធមេត្រីភាព សហប្រតិបត្តិការនោះ ។

ក្នុងជំនួបពិភាក្សាយ៉ាងយកចិត្តទុកដាក់​ដែលដឹកនាំដោយអភិបាលនៃខេត្តទាំងពីរនេះ ​​ បានផ្តោតសំខាន់​លើការពង្រឹងថែរក្សាការពារសន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ និង កិច្ចសហប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែន។ ​
​ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានសុំឱ្យអាជ្ញាធរខេត្តស្រះកែវ​កងកម្លាំងគ្រប់ប្រភេទរបស់ថៃ ជួយសហការផ្តល់ព័ត៌មានរហ័ស និងចូលរួមទប់ស្កាត់ បង្រ្កាប ក្រុមឧទ្ទាមក្រៅច្បាប់ទណ្ឌិត សម រង្ស៊ី ដែលប្រកាសយកទឹកដីប្រទេសថៃដោយឡែក​ខេត្ត ស្រះកែវជាប់នឹងច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមូលដ្ឋាន និងគោលដៅចូលមកប្រ ទេសកម្ពុជាក្នុងគោលដៅធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ។

ឯកឧត្តម ​ Mr. WORAPHAN SUWANNUS អភិបាលខេត្តស្រះកែវ បានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មាន និងតាមរយៈសំណើរបស់ឯកឧត្តម អ៊ុំ រាត្រី នាពេលនេះ ​ឯកឧត្តមនឹង ណែនាំដល់គ្រប់កងកម្លាំង អាជ្ញាធរស្រុកជាប់ព្រំដែនទាំងអស់ ឱ្យមានវិធានការតឹងរឹង ដើម្បី សហការ ផ្តល់ព័ត៌មាន និងទប់ស្កាត់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលសមត្ថកិច្ចកម្ពុជាបិទ និង បង្ហាញនៅតាមច្រកទ្វារព្រំដែន ៕

ដោយ ឈុន សារ៉ាត