ឯកឧត្តម ប្រាក់ សុវណ្ណ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្តព្រះវិហារ  បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នៅសាលាខេត្តព្រះវិហារ កាលពីរសៀលថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាល មេបញ្ជាការកង កម្លាំងទាំងបី មេបញ្ជាការតាមបណ្តោយព្រំដែន ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមេប៉ុស្តិ៍ជាច្រើនរូបទៀត។

ឯកឧត្តម ប្រាក់ សុវណ្ណ បានមានប្រសាសន៍សង្កត់ធ្ងន់លើសភាពការណ៍ទូទៅ និងស្តាប់នូវផែនការរបស់កងកម្លាំងទាំងបីក្នុងខេត្ត លើការបង្ការទប់ស្កាត់បទល្មើសនានា សភាពការណ៍តាមបណ្តោយព្រំដែន ជាពិសេសផែនការបង្ការ ទប់ស្កាត់ពីពួកអមិត្ត ទាំងក្នុងនិងខាងក្រៅ ដែលគ្រោងប្រមូលកម្លាំងបង្កចលាចលសង្គមនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីរក្សាសន្តិភាព រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក្នុងអំឡុង ថ្ងៃបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងព្រះរាជពិធីបុណ្យអុំទូក។

នាឱកាសនោះ ឯកឧត្តមក៏បានដាក់បទបញ្ជាឱ្យគ្រប់គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ កងកម្លាំង សមត្ថកិច្ចត្រូវអនុវត្តន៍សេចក្តីជូនដំណឹងលេខ២៧១៨ សជណ របស់ក្រសួង មហាផ្ទៃ ស្តីពីការបង្កើនសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក ដែលចូលមកដល់នាពេលឆាប់ៗខាងមុខនេះ៕

ដោយ ទិត ស្រ៊