សណ្ឋាគារនៅខេត្តសៀមរាប​ ប្រកាសបញ្ចុះតម្លៃសេវាស្នាក់នៅ ៣០ភាគរយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ 

AKP សៀមរាប ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — លោកជំទាវ ឆាយ សៀវលីន  ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បាន​ថ្លែង​ប្រាប់អ្នកសាព័ត៌មាន​នៅខេត្ត​សៀមរាប​កាល​ពី​រសៀលថ្ងៃទី​០៥ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ថា ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តសៀមរាបឱ្យបាន​កាន់តែច្រើន ​សមាគមទី ភ្នាក់ងារទេសចរណ៍កម្ពុជា និងសមាគមក្លិបប្រតិបត្តិករទេសចរសៀមរាប ដោយមាន​ការ​គាំទ្រពីរដ្ឋបាលខេត្តសៀមរាប បានធ្វើការបញ្ចុះតម្លៃសេវាធ្វើដំណើរតាមជើងហោះហើរ និងសេវាស្នាក់នៅខេត្តសៀមរាប ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រហូតដល់ទៅ៣០ភាគរយ។

លោក ហ្វីលីប កៅ ប្រធានសមាគមក្លិបប្រតិបត្តិករទេសចរសៀមរាប បានលើក ឡើងដែរថា ខេត្តសៀមរាប គឺ​ជាខេត្ត​មួយដែល​មាន​សក្តានុពលទេសចរណ៍​សម្បូបែបទាំង​ផ្នែកវប្បធម៌ ប្រាសាទបុរាណ និងធនធានធម្មជាតិ ដែលសក្តានុពលទាំង​នេះក្រៅពី អ្នកទេសចរបរទេសអ្នកទេសចរជាតិក៏ចង់មកទស្សនាកម្សាន្តផងដែរ។ ដូច្នេះដើម្បី​ផ្តល់សេវាជូនពួកគាត់ប្រកបដោយការពេញចិត្តនោះ សណ្ឋាគារធំៗមួយចំនួន រួមជាមួយនឹង បូទិចបាន​សម្រេច​បញ្ចុះតម្លៃស្នាក់នៅរហូតដល់៣០ភាគរយ នៅក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។

លោកបានបន្តថា អ្នកទេសចរដែលមកកម្សាន្តនៅខេត្តសៀមរាប​នៅ​ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះនឹងទទួល បានការសប្បាយរីករាយ ព្រោះក្រៅពីបានដើរ​កម្សាន្តរមណីយដ្ឋានហើយនោះ ពួកគាត់អាចសប្បាយរីករាយនៅតាមសណ្ឋាគារ ដែលពួកគាត់ស្នាក់នៅដោយ​នៅ​តាម​សណ្ឋាគារស្ទើរតែទាំងអស់នៅខេត្តសៀមរាប និង​មាន​រៀបចំកម្មវិធីសប្បាយៗជាច្រើន ជាពិសេសការដាល់អំបុកដោយប្រើប្រាស់ឧបករណ៍បុរាណ ស្លៀកពាក់ពីបុរាណ បង្ហាញ​ពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ ដើម្បីឱ្យអ្នកទេសចរបរទេស បាន​ឈ្វេងយល់ផងដែរ។

លោក ង៉ូវ សេងកាក់​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​ បានមានប្រសាសន៍ថា នូវរាល់ពិធីបុណ្យជាតិធំៗនៅខេត្តសៀមរាប​មិនដែលមានការឡើងថ្លៃកន្លែងស្នាក់នៅ ឬម្ហូបអា ហារឱ្យហួសហេតុនោះទេ មិនតែប៉ុណ្ណោះ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ មាន​ការបញ្ចុះតម្លៃកន្លែងស្នាក់នៅ ថែមទៀតផង។ លោកបាន​ថ្លែង​អំណរគុណចំពោះ​វិស័យឯក​ជន​ដែល​បាន​រួម​គ្នា​ធ្វើ​ការ​បញ្ចុះតម្លៃកន្លែងស្នាក់នៅនេះ ដែលកត្តាទាំង​នេះ​នឹង​ធ្វើ​ឱ្យ​អ្នកទេសចរមាន​ការ​ពេញចិត្ត​។

លោកបាន​បញ្ជាក់ថា ខេត្តសៀមរាប​គឺមាន​ការរៀបចំ បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក  ទន្ទឹមគ្នាជាមួយនៅរាជធានី​ភ្នំពេញ​ដែរ ប៉ុន្តែអ្នកទេសចរ ដែលមកកម្សាន្តនៅក្នុង​ខេត្ត​សៀមរាប​ នឹងទទួលបាន​ការសប្បាយរីករាយច្រើន​ដោយ​សារ​នៅ​ពេលថ្ងៃអ្នកទេសចរទាំង​អស់​អាច​ទស្សនាការប្រណាំង​ទូក​នៅ​ស្ទឹង​សៀមរាប និង​បាន​ទៅ​ទស្ស​នា​ប្រាសាទ​​បុរាណ ​រមណីយ​ដ្ឋាន​ធម្មជាតិ ដែល​មាន​ច្រើនសម្បូរបែប​ ហើយនៅ​ពេល​រាត្រី​អ្នក​ទេសចរអាច​មក​ជុំគ្នាសប្បាយ​នៅ​តំបន់​ផាប់ស្ទ្រីត (PUB STREET) និងនៅមជ្ឈ មណ្ឌលកម្សាន្តផ្សេងៗជាច្រើនទៀត រួមទាំងក្នុងកម្មវិធី​ដែលសណ្ឋាគារនីមួយៗបានរៀបចំ ផងដែរ។ ​សម្រាប់ឆ្នាំនេះនៅខេត្តសៀមរាប​មាន​កម្មវិធីសប្បាយៗជាច្រើន ដែលនឹងធ្វើឱ្យភ្ញៀវ ទេសចរដែលបានមកកម្សាន្តនៅខេត្តសៀមរាប​មិនខកបំណងឡើយ៕

ដោយ ឃុត សៅ