សម្ដេចតេជោ ហ៊ុន សែន៖ ចរន្តនៃទីផ្សារការងារ និងដំណើរចល័តនៃកម្លាំងពលកម្មអន្តរជាតិ ធ្វើឱ្យកើន​នូវ​អំពើជួញដូរមនុស្សជាយថាហេតុ ក្នុងប្រទេសអាស៊ាន និងក្នុងតំបន់

AKP សៀមរាប ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា តា​ម​រយៈចរន្តនៃទីផ្សារការងារ និងដំណើរចល័តនៃកម្លាំងពលកម្មអន្តរជាតិ បានធ្វើឱ្យកើននូវ​អំពើជួ​ញ​ដូ​រមនុស្ស  ជាយថាហេតុនៅ​ក្នុងប្រទេសសមាជិកអាស៊ានរួមទាំងបណ្ដា​ប្រទេសនៅ​ក្នុងតំ​បន់​ផ​​ង​ដែរ។

ថ្លែងក្នុងពីធីបើកបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី ១២ ក្រោមប្រធា​ន​ប​ទ​«​តួ​​នាទី​ព្រះរាជអាជ្ញា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់» នាព្រឹកថ្ងៃទី០៦ ខែ​វិច្ឆិ​កា​ ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន បាន​​លើកឡើងថា  ភាពជឿ​ន​លឿ​​ននៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មានក្នុងយុគសម័យ​ទំនើប​នេះ បានធ្វើឱ្យចរន្តសេដ្ឋ​កិ​ច្ច​ពិភព​លោកមានការវិវត្តយ៉ាងលឿន។ ទន្ទឹមនេះ ការរីកចម្រើន​ទីផ្សារការងារក្នុងពិភពលោក ក៏​ដូចជានៅក្នុងប្រទេសអាស៊ាន បានជំរុញឱ្យប្រទេសសមាជិក​អាស៊ាន និងប្រទេសក្នុងតំ​បន់​ទ​ទួលបាននូវកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ​ក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់ និងបានបង្កើតឱ្យមានទីផ្សារការងារយ៉ាងច្រើនសន្ធឹក​សន្ធាប់។ សម្ដេចតេជោបានគូសបញ្ជាក់ថា  ជា​​មួ​យគ្នានេះ ការកេងប្រវ័ញ្ចគ្រប់រូបភាព ពីស្ថាន​ភាពស្វែងរកការងារ និងការធ្វើ​ចំណាក​ស្រុ​ក​ទៅ​ក្រៅប្រទេស ធ្វើឱ្យឧក្រិដ្ឋជនឆ្លៀតឱកាស​បង្កើតឱ្យមាន «អំពើជួញដូរមនុស្ស» ការកេង​ប្រ​វ័​ញ្ចពលកម្ម ជួញដូរផ្លូវភេទ ជួញដូរទារក​និងកុមារ និងការជួញដូរ សរីរាង្គមនុស្ស ដែល​ជា​ឧក្រិ​ដ្ឋកម្មដ៏ធ្ងន់ធ្ងរ ចាំបាច់តម្រូវឱ្យប្រទេស​សមាជិកអាស៊ាន និងចិនផ្តោតការយកចិត្តទុក​ដា​ក់​ខ្ពស់​​និងត្រូវរួមគ្នាទប់ស្កាត់ឱ្យបានទាន់​ពេលវេលាប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ទាំង​នៅ​ក្នុងតំបន់ និងក្នុងពិភពលោក ។

សម្ដេចតេជោបានលើកឡើងថា ជាក់ស្តែង  អំពើជួញដូរមនុស្ស នៅកម្ពុជាបច្ចុប្បន្ន​ក៏ដូច​ជា​​បណ្ដាឆ្នាំកន្លងមក ត្រូវបានរាជរដ្ឋាភិបាលចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប​បាន​ទាន់​ពេលវេលា តាមរយៈការពង្រឹងច្បាប់ ការអនុវត្តនូវគោលនយោបាយបង្ការ ទប់ស្កាត់ និ​ង​ការ​ពារជនរងគ្រោះ ជាមួយការអនុវត្តច្បាប់ព្រហ្មទណ្យ៉ាងខ្លាប់ខ្លួន។ ជាបន្តបន្ទាប់ ដោ​យ​មានកិច្ចសហការល្អ រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ ជាមួយនឹង​ក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថាប័នអយ្យការ និងតុលាការ ធ្វើឱ្យកម្ពុជាទទួលបាននូវលទ្ធផល​គួរ​ជា​ទីមោទនៈ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនកន្លងមក។ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​បាន​ប​ន្ថែ​មថា ការប្រយុទ្ធប្រឆាំង «អំពើជួញដូរមនុស្ស» គឺជាបញ្ហាសកលលំបាក និងស្មុគស្មាញ គឺ​ជា​បទល្មើសឆ្លងដែនខុសច្បាប់ និងជាឧក្រិដ្ឋកម្ម ដែលមានវិសាលភាពទាំងក្នុងតំបន់អាស៊ាន និងសកលលោក។ សម្ដេចតេជោបានបន្ដថា ដើម្បីដោះស្រាយបញ្ហាសកលនេះ​ឱ្យបានទាន់​ពេលវេលា បណ្ដាប្រទេស​សមា​ជិកអាស៊ាន- ចិន ត្រូវមានគោលការណ៍រួមមួយ ឯកភាពគ្នា សហការគ្នាយ៉ាងជិតស្និទ្ធ ប្រ​ក​ប​ដោយប្រសិទ្ធភាព និងតម្លាភាព។ ក្នុងនោះ អគ្គព្រះរាជ​អាជ្ញាអាស៊ាន-ចិន ត្រូវរួម​គ្នា​ធ្វើ​កិ​ច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធជាមួយបណ្ដាស្ថាប័ន និង​ប្រទេសពាក់ព័ន្ធនឹង «អំពើជួ​ញ​ដូ​រ​​មនុស្ស» ជាពិសេសនៅក្នុងប្រទេសឆ្លងកាត់ និងប្រទេស​គោលដៅ ដើម្បីឆ្លើយតបនិង​ដោះ​ស្រា​យឱ្យបានទាន់ពេលកំណត់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។  លើសពីនេះទៀត អគ្គព្រះរាជអាជ្ញាអា​ស៊ា​ន-ចិនត្រូវរួមគ្នាពិនិត្យ និងវាយ​តម្លៃបញ្ហា « អំពើជួញដូរមនុស្ស » តាមរយៈស្មារតី​ទទួល​ខុ​ស​ត្រូវខ្ពស់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពជាមួយប្រទេស និងស្ថាប័នពាក់ព័ន្ធ ដូច​មា​ន​ចែងក្នុងកិច្ចព្រមព្រៀង ឬ អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខា​កន្លង​មក​។ 

សម្ដេចតេជោបានបន្ថែមថា អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន និងស្ថាប័នពាក់ព័ន្ធត្រូវរួម​គ្នាបន្ត និងបង្កើនកិច្ចសហការ​ឱ្យ​បានទូលំទូលាយ បង្កលក្ខណៈងាយស្រួល និងចូលរួមផ្តល់​ធនធានសម្រាប់ប្រតិបត្តិការ​ជា​ប្រ​ព័ន្ធ​ដើម្បីអាចឆ្លើយតបបញ្ហាបានទាន់ពេលវេលាស្តីពី «អំពើ​ជួញដូរមនុស្ស» ប្រកបដោយ​ប្រ​សិទ្ធភាព​ខ្ពស់។  ទន្ទឹមនេះ ​អគ្គព្រះរាជអាជ្ញាអាស៊ាន- ចិនត្រូ​វ​រួមគ្នាធ្វើកំណត់ត្រា ​និងចងក្រងរបាយ​កា​​រ​ណ៍ ​ជាមួយនឹងភស្តុតាងជាក់ស្តែង ដើម្បីបង្ហាញ​អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា​ជា​មួ​យ​ស្ថា​ប័ន​​ពាក់ព័ន្ធ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើជួញ​ដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មបង្កគ្រោះថ្នាក់​ដ​ល់​សង្គមជាតិ និងកំពុងប៉ះពាល់ដល់កិច្ច​ដំណើរ​ការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចនៅក្នុងតំបន់ និងសកលលោក ។

លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃអយ្យការអមតុលាការកំពូល បានឱ្យដឹងថា សន្និ​សីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្ដីពី​តួ​នា​​​​ទីរបស់អគ្គព្រះរាជអាជ្ញា ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សក្នុងតំបន់»។ លោក​ជំទាវ​បន្ដ​ថា កិច្ចប្រជុំ​អគ្គ​ព្រះ​រាជ​អាជ្ញាអាស៊ាន-ចិន គឺជាយន្តការ នៃកិច្ចសហប្រតិបត្តិការ​អន្តរជាតិពហុតំបន់ ក្នុងវិស័យ​អ​យ្យ​ការ ហើយដែលបានផ្ដួចផ្ដើម និងគាំទ្រដោយអយ្យការ​​ប្រជា​ជនកំពូលនៃ​សាធារណរដ្ឋ​ប្រ​ជាប្រជាមានិតចិន ក្នុងស្មារតី​និងការប្ដេជ្ញាចិត្ត បង្កើន​សមត្ថភាពស្ថាប័នអាយ្យការ ក្នុងគោ​ល​ដៅ​ប្រយុទ្ធប្រឆាំងរាល់បទល្មើសឆ្លងដែន រក្សាសុខ​លាមភាពសង្គម រក្សាសន្តិសុខ សន្តិភាព និង​ស្ថេរភាព នៃបណ្ដាប្រទេសក្នុងតំបន់។ រហូតមក​ដល់ បច្ចុប្បន្ននេះ សន្និសីទ​អគ្គ​ព្រះ​រា​ជ​អា​ជ្ញា​អាស៊ាន-ចិន បានរៀបចំធ្វើចំនួន ១១លើករួច​មកហើយ គឺលើកទីមួយ បានប្រារព្ធធ្វើនៅខែ​កក្ក​ដា ឆ្នាំ២០០៤នៅទីក្រុង គុនមីង ខេត្ត​យូណាន់ សាធារណរដ្ឋប្រជាមានិតចិន ដោយ​លើ​ក​យ​ក​ប្រធានបទ ការក្សាស្ថិរភាពក្នុងតំបន់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ លោកជំ​ទា​វ​បានឱ្យដឹងទៀតថា  គណៈប្រតិភូនៃ​អគ្គព្រះរាជអាជ្ញាដែលបានចូលរួមក្នុងសន្និសីទនេះ បា​​ន​អញ្ជើញមកពីគ្រប់បណ្ដាប្រទេស​អាស៊ាន សាធារណរដ្ឋប្រជាមានិតចិន និងតំបន់រដ្ឋ​បាល​ពិ​សេសហុងកុង និងតំបន់រដ្ឋបាល​ពិសេសម៉ាកា​វផងដែរ៕

ដោយ ជឹម ណារី