ជម្រើសជាតិកង់ភ្នំ២នាក់ ដែលចូលរួមប្រកួត MTB 2019 មានបច្ចេកទេសកើនឡើង ដើម្បីត្រៀមស៊ីហ្គេម នៅហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន លោក នូ ចំរើន បានអះអាងថា ការប្រកួត​កង់ភ្នំប្រចាំឆ្នាំ២០១៩ ជុំទី៤ Cambodia MTB Series 2019 នៅតំបន់ភ្នំប្រសិត កាល ពីពេលថ្មីៗនេះ ដែលមានកីឡាករចូលរួមប្រកួត១៦០នាក់ ក្នុងនោះមានកីឡាករជម្រើស​ជាតិ២នាក់ ដែលត្រៀម ស៊ីហ្គេម ចុងឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនបានកើនឡើងនូវគុណ ភាពបច្ចេកទេសកាន់ តែប្រសើរ។

លោកអគ្គលេខាធិការបានបញ្ជាក់ថា កីឡាករកង់ភ្នំជម្រើសជាតិ២នាក់ ដែលត្រៀមចូលរួម ស៊ីហ្គេម នៅប្រទេស ហ្វីលីពីន មានកម្រិតបច្ចេកទេស និងប្រសិទ្ធផលកើនឡើងខ្លាំង បើធៀប​នឹងការចូលរួមប្រកួតកង់ភ្នំ ៣ជុំកន្លងទៅ នៅរាជធានីភ្នំពេញ ខេត្តកែប និងខេត្តកំពង់ស្ពឺ។ កីឡាករ២នាក់នេះ គឺ ហ៊ត លយរស្មី និង សាំង សីហា ដែលត្រៀមទៅចូលរួមព្រឹត្តិការណ៍ ស៊ីហ្គេម នៅប្រទេសហ្វីលីពីនលើវិញ្ញាកង់ភ្នំ។ ការប្រកួតកីឡាកង់ភ្នំ ដែលមាន៥ជុំ គឺជា​ព្រឹត្តិ​ការណ៍ដែលសហព័ន្ធយកមកវាស់ស្ទង់កម្រិតបច្ចេកទេស សម្រាប់ដុះខាត់ចំណុចខ្វះខាត ដើម្បីពង្រឹងសមត្ថភាពឈានទៅប្រជែងដណ្តើមមេដាយជូនកម្ពុជាពីលើឆាកអន្តរជាតិ។

លោក ព្យែ អ៊ីវកាទ្រី អគ្គលេខាធិការរង សហព័ន្ធបញ្ជាក់ដែរថា នៅក្នុងអាស៊ីអាគ្នេយ៍​យើង​នៅមាន កម្រិតពិបាកប្រជែងយកបានមេដាយខ្លាំងណាស់ ខណៈកីឡាករដែលចូលរួម​សុទ្ធ​តែខ្លាំងៗ ដូចជាថៃ វៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌូណេ​ស៊ីជាដើម។ ប៉ុន្តែលោក​សង្ឃឹមជឿជាក់ថា ការចូលរួមស៊ីហ្គេមលើកនេះ អត្ត ពលិកទាំង២រូបនេះនឹងប្រជែងបានលទ្ធ​ផលល្អជូនជាតិ។

សូមបញ្ជាក់ថា ចំពោះលទ្ធផលការប្រកួតកង់ភ្នំជុំទី៤ Cambodia MTB Series 2019 Class A កីឡាករ សាំង សីហា ចំណាត់លេខ១  និងហួត លយរស្មី លេខ២ ក្នុងនោះមាន​កីឡាករ កីឡាការិនីចូលរួម សរុប១៥០នាក់ប្រកួតលើ១២វិញ្ញាសា៕

ដោយ ហេង ណាលីន