ឯកឧត្តម ថោង ខុន ជាប់ឆ្នោតដឹកនាំជាប្រធានសហព័ន្ធកាយសម្ព័ន្ធកម្ពុជា អាណត្តិថ្មី ២០១៩-២០២៣

AKP ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម ថោង ខុន រដ្ឌមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយ​សម្ព័ន្ធ​កម្ពុជា​អាណត្តិចាស់បានជាប់ឆ្នោតដឹកនាំជាប្រធានអាណត្តិថ្មី ២០១៩-២០២៣ តាម​រយៈ​ការ​បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសំឡេងឆ្នោតគាំទ្រពេញ១០០ភាគរយ នៅក្នុង​មហា​សន្និ​បាត​បញ្ចប់អាណត្តិចាស់ទី៥ និងបន្តអាណត្តិថ្មីទី៦ កាលពីល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការគណ:កម្មាធិការ ជាតិអូឡាំពិកកម្ពុជា។

អង្គមហាសន្និបាតសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ចប់សមាសភាពអាណត្តិ ចាស់ និងបានរៀបចំតាមទម្រង់គោលការណ៍ សម្រាប់អាណត្តិថ្មី ២០១៩-២០២៣ ដោយមាន​សមាសភាពសមាជិកប្រតិបត្តិចំនួន ៩រូប។ លទ្ធផលនៃការបោះឆ្នោតរួមមាន៖ ឯកឧត្តម ថោង ខុន បន្តដឹកនាំជាប្រធានសហព័ន្ធ, លោកឧកញ៉ា សុខ ហុង អនុប្រធាន, លោក ណយ ផាណា អគ្គលេខាធិការ, លោក មាស សារ៉េត អគ្គលេខាធិការរង និង លោក ខៀវ ចិន្តា ជាអគ្គហិរញ្ញិក ព្រមទាំងសមាជិក៤រូប គឺអ្នកស្រី ដួង សាម៉ៃ, អ្នកស្រី ពេជ្រ យូ, លោក ជុំ រ៉ាទី និងលោក អៀម វ៉ាងឌុល។

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានជម្រាប​អង្គមហាសន្និបាតនូវសកម្មភាពការងារបញ្ហាប្រឈម ក៏ដូចជាសមិទ្ធផលដែលសម្រេចបាន សម្រាប់អាណត្តិទី៥ ក្នុងរយ:ពេល ពេញ៤ឆ្នាំ (២០១៥-២០១៩) យ៉ាងលម្អិតលើចំណុចធំៗ​ដូចជា ការងារទំនាក់ទំនងសហប្រតិបត្តការអន្តរជាតិ កិច្ចប្រជុំក្នុង និងក្រៅប្រទេស ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុង និងក្រៅប្រទេស, ការប្រកួតជាតិ-អន្តរជាតិ, ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធជាដើម ដោយចំណុចខ្លាំងសហព័ន្ធទទួលបានលទ្ធផលល្អប្រសើរ។ ចំពោះចំណុចខ្សោយសន្និបាតបានលើកឡើងនូវកង្វះខាតផ្នែកថវិកា ក្នុងការជំរុញ​ដល់ការ​អភិវឌ្ឍ ក្នុងការបញ្ជូនមន្ត្រីបច្ចេកទេស ចៅក្រម គ្រូបង្វឹក កីឡាករ កីឡាការិនីចេញ​ទៅទទួល​ការបណ្តុះបណ្តាល និងការហ្វឹកហាត់ក្រៅប្រទេស។

ចំពោះទិសដៅសកម្មភាពការងារបន្តសម្រាប់អាណត្តិថ្មី ៤ឆ្នាំបន្ទាប់ លោក ណយ ផាណា បានលម្អិតនៅក្នុងរបាយការណ៍របស់ខ្លួន ក្នុងនោះមានដូចជាបណ្តុះបណ្តាលមន្ត្រី រដ្ឋបាល មន្ត្រីបច្ចេកទេសថ្នាក់មូលដ្ឋាន គ្រូបង្វឹកកម្រិត១ និងគ្រូកម្រិត២ ចៅក្រមកម្រិតថ្នាក់​ជាតិ ដើម្បីរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣៕

ដោយ ហេង ណាលីន