វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — កាលពីថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមការងារថ្នាក់ជាតិចុះ ជួយខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិទួលពង្រ ឃុំល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ  ដោយមានការអញ្ជើញជាអធិបតី ពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរមួយចំនួន អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ និង ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុង ស្រុក ជាច្រើននាក់ផងដែរ។

ឯកឧត្តម អ៊ុក ប្រជា  បានលើកឡើងថា ការធ្វើវេទិកានេះ ថ្នាក់ដឹកនាំ​រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត រួម​ជាមួយ​រដ្ឋបាល​ក្រុង​ ស្រុក ឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ជាដើម បាន​ចូលរួម​ចែករំលែកនូវ​បទពិសោធន៍ និង​ផ្ដល់​ប្រឹក្សា អំពី​អាទិភាព​នៃ​ការអភិវឌ្ឍ​មូលដ្ឋានក្នុងខេត្ត ឱ្យមានកំណើន​សេដ្ឋកិច្ចល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យបន្តទៀត។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា សមាជិកក្រុមប្រឹក្សា មានពីតួនាទីភារកិច្ចទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត។ ក្នុងវេទិកានេះសូមឱ្យប្រជាពលរដ្ឋដែលមានបញ្ហា ក៏ដូចជាមានសំណូមពរ ត្រូវលើកឡើងជាព័ត៌មាន ដើម្បីឱ្យក្រុមប្រឹក្សាជួយដោះស្រាយបញ្ហានានា។

ឯកឧត្តម បានអំពាវនាវឱ្យអាជ្ញាធរដែនដីសហការជាមួយសមត្ថកិច្ច ត្រូវរួមគ្នាផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់កុំឱ្យកើតបទល្មើសក្នុងមូលដ្ឋានរបស់ខ្លួនបើកើតមានបទល្មើសខុសច្បាប់ត្រូវបង្រ្កាបឱ្យបានទាន់ពេលវេលា។ ឯកឧត្តមបានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនវេទិកាសាធារណៈ ចុះឱ្យដល់មូលដ្ឋាន ដើម្បីទទួលយកនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងផ្ដល់អាទិភាពឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម អ៊ុក ប្រជា  បានលើកឡើងផងដែរថា ការងារសន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម (អំពី​ការអនុវត្តគោល​នយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​សុវត្ថិភាព​ចរាចរណ៍)  កិច្ចការ​អភិវឌ្ឍន៍មូល​ដ្ឋាន​  ការ​ផ្ដល់​សេវា​រដ្ឋបាល​ របស់​រដ្ឋបាល​ថ្នាក់ក្រោមជាតិ ការគ្រប់គ្រង​សោភណ​ភាព អនាម័យ បរិស្ថាន ធនធានធម្មជាតិ​ និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តមបានបញ្ជាក់នៅក្នុង​វេទិកានេះថា សូមប្រជាពលរដ្ឋលើក​ជាសំណួរ និង​សំណូម​ពរ​ដោយផ្ទាល់មាត់ និងលាយលក្ខណ៍​ជាអក្សរ​ ក្នុង​នោះ​ថ្នាក់ដឹកនាំ មន្ត្រីជំនាញ​ និងអាជ្ញាធរពាក់ព័ន្ធ បានបកស្រាយ​បំភ្លឺ​ជូន រីឯបញ្ហាដែលនៅសេសសល់បានទទួលយកសម្រាប់ចុះពិនិត្យ សិក្សាឱ្យបានច្បាស់លាស់ជាបន្តទៀត ដើម្បីស្វែងរកដំណោះស្រាយឱ្យមានប្រសិទ្ធភាព ។

ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យអាជ្ញាធរដែនដី និងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋទាំងអស់ចូលរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាព ឱ្យបានគង់វង្សទុកឱ្យក្មេងជំនាន់ក្រោយ និង ប្រឆាំងដាច់ខាត់រាល់ឧបាយកលពួកជនអគតិដែលចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជាបច្ចុប្បន្ន ៕

ដោយ បៃ ស៊ីថុន