ឯកឧត្តម អូស្មាន ហាស្សាន់ ចូលជួបសម្តែងការគួរសម និង​ ពិភាក្សាការងារជាមួយឯកឧត្តម បណ្ឌិត ម៉ាក់រូហ្វ អាមីន អនុប្រធានាធិបតីឥណ្ឌូណេស៊ី 

AKP ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ –​ បន្ទាប់ពីពិធីបើកវេទិកា ហ្សាកាត់(ទ្រព្យបរិច្ចាគទាន) ពិភពលោកលើកទី៨ (World Zakat Forum) ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបសម្តែងការគួរសម និង​ ពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិត ម៉ាក់រូហ្វ អាមីន (Ma’ruf Ameen) អនុប្រធានាធិបតីឥណ្ឌូណេស៊ី នៅសណ្ឋាគារ​ Crown Plaza Hotel ក្រុងបាន់ឌុង​ សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ ដើម្បីរឹតចំណងសាមគ្គីភាព មិត្ដភាព រវាងកម្ពុជា និងឥណ្ឌូណេស៊ីឱ្យកាន់តែល្អបន្ថែមទៀត ។ ជំនួបនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃអង្គារ ៩កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងជំនួបនេះ ឯកឧត្ដម អូស្មាន ហាស្សាន់ ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីនឹករលឹកនិង​មនោសញ្ចេតនាដ៏ជ្រាលជ្រៅ ជូនឯកឧត្តមអនុប្រធានាធិបតី និង​ជម្រាបជូនអំពីស្ថានការណ៍នយោបាយនៅកម្ពុជា ដែលទទួលបានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យមានសុខដុមនីយកម្មសាសនា ប្រជាជនត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដោយមិនរើសអើងពូជសាសន៍។ ក្នុងនោះសហគមន៍ឥស្លាមទទួលបានសិទ្ធិសេរីភាព ក្នុងការប្រតិបត្តិសាសនា សិទ្ធិធ្វើនយោបាយ និងសិទ្ធិរស់នៅដោយស្មើមុខស្មើមាត់ក្នុងសង្គម។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី ក៏បានស្នើសុំផ្តល់អាហារូករណ៍​ដល់និស្សិតកម្ពុជា ដើម្បីបន្តការ សិក្សានៅសាធារណរដ្ឋឥណ្ឌូណេស៊ី លើមុខជំនាញផ្សេងៗ ជាពិសេសផ្នែកជំនាញបច្ចេក ទេស ។

ឯកឧត្ដម ទេសរដ្ឋមន្រ្ដីក៏បានជម្រាបជូនអំពីក្រុមដែលចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា និងស្នើសុំភាគីឥណ្ឌូណេស៊ីបន្តកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនេះបន្តទៅទៀត ក្នុងនាមជាប្រទេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានជួយកម្ពុជាក្នុងដំណាក់កាលចរចា និងក្នុងដំណាក់កាលកិច្ចព្រមព្រៀងសម្រេចជាស្ថាពរ ពោលគឺមិត្តឥណ្ឌូណេស៊ី បានខិតខំស្វែងរកសុខសន្តិភាពជូនដល់ប្រទេសកម្ពុជា ។

ជាការឆ្លើយតប ឯកឧត្ដម ម៉ាក់រូហ្វ អាមីន (Ma’ruf Ameen) ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដាំផ្ញើការនឹករលឹកដល់រូបឯកឧត្តម ។ ឯកឧត្តមក៏សូមជូនពរនិងលើកទឹកចិត្តដល់សម្ដេចតេជោ សូមមានសុខភាពល្អ ដើម្បីបន្តថែរក្សាសុខសន្តិភាពនៅកម្ពុជា និងសូមអបអរសាទរចំពោះសហគមន៍ឥស្លាមនៅកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ សួស សំរិត