អភិបាលខេត្តកណ្តាលបើកការដ្ឋានផ្លូវបេតុង១ខ្សែ នៅស្រុកអង្គស្នួល

AKP កណ្តាល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានរៀបចំពិធីបើកការដ្ឋានផ្លូវបេតុងមួយខ្សែ ប្រវែង ១.៤៩២ម៉ែត្រ នៅភូមិព្រៃទន្លាប់ ភូមិចុងបង្គោល ភូមិមនោរម្យ និង ភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលអភិបាលរងស្រុក មន្ត្រីរាជការ និងប្រជាពលរដ្ឋ ប្រមាណ ១.០០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ភិរុណ បានមានប្រសាសន៍ថា នេះជាចំណងដៃថ្មីបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋក្នុងឃុំបែកចាន ស្រុកអង្គស្នួល ឱ្យមានការអភិវឌ្ឍឈានឡើង ហើយនិងផ្តល់សារៈសំខាន់ជាទីបំផុត បម្រើឱ្យផលប្រយោជន៍ ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ ដឹកទំនិញ ផលិតផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល ធ្វើឱ្យបងប្អូនប្រជាជនមានទឹកចិត្តសប្បាយរីករាយ ហើយមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

ឯកឧត្តម បានអំពាវនាវ សូមឱ្យប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ និងរស់នៅអមសងខាងផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវឱ្យបានល្អប្រសើរផង ដើម្បីជាប្រយោជន៍រួម ហើយក៏ដូចជាការធ្វើដំណើរចរាចរណ៍ត្រូវមានការប្រុងប្រយ័ត្នចៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយយថាហេតុណាមួយ ៕

ដោយ ណយ នឿន (ប្រភពៈ រដ្ឋបាលខេត្តកណ្តាល)