ឯកឧត្តម គួច ចំរើន អញ្ជើញកាត់ខ្សែបូសម្ពោធកាស៊ីណូ ប៉ាវឌីង

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — ព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញកាត់ខ្សែបូសម្ពោធកាស៊ីណូ ប៉ាវឌីង ដែលមានទីតាំងនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា កាស៊ីណូ ប៉ាវឌីង ដែលត្រូវសម្ពោធនៅពេលនេះ ជាសមិទ្ធផលថ្មីមួយទៀតដែលក្រុមហ៊ុនសម្រេចចិត្តធ្វើការវិនិយោគនៅក្រុងព្រះសីហនុ ពិតជាបានរួមចំណែកលើកកម្ពស់ការវិនិយោគក្នុងខេត្តព្រះសីហនុរបស់យើង ផ្តល់ការងារដល់យុវជន។ ដូច្នេះយើងត្រូវប្រើប្រាស់សក្តានុពលសេដ្ឋកិច្ច ទេសចរណ៍របស់យើងឱ្យកាន់តែប្រសើរថែមទៀត នេះជាការឆ្លើយតបទៅនឹងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ដែលមានការជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគ ពិសេសអ្នកវិនិយោគមកពីប្រទេសចិន ដែលមកបណ្តាក់ទុនវិនិយោគនៅខេត្ដព្រះសីហនុ ច្រើនជាងគេ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដោយសារតែស្ថានភាពផ្លូវក្នុងក្រុងរបស់យើងមានការខូចខាតយ៉ាងច្រើន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រដល់ការសាងសង់ផ្លូវ ៣៤ខ្សែ មានប្រវែង ៨៤.៥គីឡូម៉ែត្រ ដើម្បីរួមចំណែកសម្រួលចរាចរដល់ភ្ញៀវទេសចរ  ក៏ដូចជាការលើកទឹកចិត្តដល់វិនិយោគិនមកបណ្តាក់ទុនវិនិយោគនៅខេត្ដព្រះសីហនុកាន់តែច្រើន ទទួលបានផលល្អ ។ ម្យ៉ាងទៀតក្នុងកិច្ចប្រជុំអាស៊ាន នៅប្រទេសថៃ ជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងពីការជំរុញអភិវឌ្ឍន៍ឱ្យកាន់តែខ្លាំងក្លាថែមទៀតនៅខេត្តព្រះសីហនុ ។ តាមរយៈនៃជំនួបពិភាក្សាដ៏មានសារៈសំខាន់ នៅពេលខាងមុខក្រុមការងារជំនាញនឹងចុះមកធ្វើការសិក្សា ប្រជុំពិភាក្សា ដើម្បីជំរុញការអភិវឌ្ឍ និងការវិនិយោគនៅខេត្តព្រះសីហនុ ហើយនេះក៏ជាដំណឹងរីករាយសម្រាប់អ្នកវិនិយោគនៅខេត្ដព្រះសីហនុ របស់យើងនៅពេលខាងមុខ ៕

ដោយ ងូ សុមុនី