ឯកឧត្តម វង្សី វិស្សុត៖ សេដ្ឋកិច្ចឌីជីថល គឺជាឃ្នាស់ថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា បានអញ្ជើញជាអធិ​ប​តី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ក្រោមប្រធានបទ ការប្រមើលមើលពីការ ប្រែក្លាយសេដ្ឋកិច្ចនៅ​កម្ពុជា៖ ក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ កិច្ចប្រជុំពិគ្រោះយោបល់នេះសហ​ការរៀប​ចំដោ​យក្រសួ​ងសេដ្ឋកិច្ចនិងហិរ​ញ្ញ​វត្ថុ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា វិទ្យាស្ថាន ODI និងCDRI នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ។

 

ឯកឧត្តម វង្សី វិស្សុត  អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជារដ្ឋលេខាធិការ ប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំពិគ្រោះ យោលបល់នេះ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀត បន្ទាប់ពីក្រុមការងារបានធ្វើទស្សន កិច្ចសិក្សាទៅតំបន់ស៊ីលីខុនវ៉ាលេ និងការរៀបចំកិច្ចប្រជុំតុមូលជាមួយ WB នៅសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការរៀបចំក្របខ័ណ្ឌសេដ្ឋកិច្ចកម្ពុជា ដើម្បីបន្តផ្តល់នូវវេទិកា សម្រាប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ធ្វើការពិភាក្សា និងផ្លាស់ប្តូរគំនិតទស្សនៈ ក្នុងគោលដៅកំណត់ឱ្យបាននូវក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសា​ស្រ្ត​​ដ៏ត្រឹមត្រូវមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ក្នុងរយៈពេលវែង។

ឯកឧត្តមបន្តថា​ បច្ចុប្បន្នយើងកំពុងតែរស់នៅក្នុងយុគសម័យនៃបដិវត្តន៍បច្ចេកវិទ្យា ព័ត៌​មា​ន និងទំនាក់ទំនង ឬហៅថា បដិវត្តន៍ឧស្សាហកម្មទី៤ (IR 4.) ដែលមានបច្ច័យយ៉ាង ធំធេងមកលើការអភិវឌ្ឍ និងការរស់នៅរបស់មនុស្សជាតិក្នុង គ្រប់ទិដ្ឋភាព។ បដិវត្តន៍ឧស្សាហកម្មទី៤ នឹងផ្តល់នូវកាលានុវត្តន៍យ៉ាងច្រើនដល់បណ្តា ប្រទេសកំពុងអភិ​វ​ឌ្ឍ​ន៍​ដូចកម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ធ្វើការពង្រួញផ្លូវ និងពន្លឿនការអភិ​វឌ្ឍ​ប្រទេស ការបង្តើនផលិតភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែង។ ក៏ប៉ុន្តែបដិវត្តន៍ឧស្សាហកម្មទី៤នេះ ក៏នឹងនាំមកនូវបញ្ហាប្រឈមថ្មីៗ​ បន្ថែមពីលើបញ្ហាប្រឈម នានាដែលមានស្រាប់ថែមទៀត។ ក្នុងបរិបទនេះ កម្ពុជាចាំបាច់ត្រូវគិតគូរ ឱ្យបានគ្រប់ជ្រុងជ្រោយនូវយុទ្ធសាស្រ្តនៃការអភិវ​​ឌ្ឍ​​របស់ខ្លួន ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយបរិយាប័ន្ន និងធន់រឹងមាំ ពិសេសការសម្រេចបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តម វង្សី វស្សុត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីលើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសហគ្រិនភាពនៅកម្ពុជាដូចជា៖ ១.ការបង្កើតនិងដាក់ឱ្យដំណើរការមូល និធិអភិវឌ្ឍន៍ជំនាញ(SDF), ២.ការបង្កើតនិងដាក់ឱ្យដំណើរការមជ្ឈមណ្ឌល បណ្តុះធុរកិច្ចថ្មីតេជោ, ៣.ការបង្កើតនិងដាក់ឱ្យដំណើរការមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) និងមជ្ឈមណ្ឌលលើកកម្ពស់សហគ្រិនភាព (EPC) និង ៤.ការរៀបចំបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) ជាដើម។ ជាលទ្ធផល ជាក់ស្តែង ការរៀបចំថ្នាល និងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការបង្កើតធុរកិច្ចថ្មី និងសហគ្រិនភាព កំពុងតែមានវឌ្ឍនភាពទៅមុខគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ វប្បធម៌ស​ហ​​គ្រិនភាពកាន់តែត្រូវបានលើកកម្ពស់ ក្រុមហ៊ុនមួយចំនួនចាប់ផ្តើមជំរុញនវានុវត្តន៍ និងធ្វើឌីជីថលភាវូបនីយកម្មនៅក្នុងអាជីវកម្មរបស់ខ្លួន ហើយក៏មានគ្រឹះស្ថាន បណ្តុះបណ្តាលនិងសក​ល​​​វិទ្យាល័យខ្លះបានដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញ និងសហគ្រិនភាពជាបណ្តើរៗផងដែរ។

ឯកឧត្តម វង្សី​ វិស្សុត បានស្នើដល់អង្គប្រជុំធ្វើពិភាក្សាឱ្យកាន់តែស៊ីជម្រៅ ដោយផ្តោតលើអាទិភាព និងយុទ្ធសាស្រ្តចំនួន ០៥  សម្រាប់ជាមូលដ្ឋាន ក្នុងការរៀបចំក្របខ័ណ្ឌគោលន​យោ​បាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជា​ ដែលរួមមាន៖ ១.ការរៀបចំ និងដាក់ឱ្យដំណើរការរដ្ឋាភិបាលឌីជីថលគ្រប់ជ្រុងជ្រោយ ដើម្បី ពង្រឹងការផ្តល់សេវាសាធារណៈប្រកប​ដោយគុណភាព ប្រសិទ្ធភាព និងតម្លភាពផង និងម្យ៉ាងវិញទៀត ដើម្បីបង្កើតនូវបរិស្ថាន និងជាឃ្នាស់សម្រាប់ជំរុញសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ផងដែរ។ ២.ការជំរុញវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជា ខែ្សកាបអុបទិច ខ្សែកាបអុបទិកតាមបាតសមុទ្រ មជ្ឈមណ្ឌលទិន្នន័យ និងការតភ្ជាប់បណ្តាញសេវាដល់អ្នកប្រើប្រាស់ និងធុរកិច្ច ដើម្បីធ្វើឱ្យសេវាអ៊ីនធឺណិតកាន់តែមានល្បឿនលឿន ហើយថ្លៃកាន់តែថោកជាមុន និងមានវិសាលភាពអាចគ្របដណ្តប់ទូទាំងប្រទេស។ ៣.ការបង្កើនសមត្ថភាព និងអក្ខរកម្មឌីជីថល ពិសេសជូនដល់ស្រទាប់យុវជន ដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ និងពីទីផ្សារឌីជីថល តាមរយៈការបង្កើនគុណភាពអប់រំ ការលើកកម្ពស់ការបណ្តុះបណ្តាល STEAM និងការអភិវឌ្ឍជំនាញឌីជីថល ព្រមទាំងការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D)។ ៤.ការបង្កើតក្របខ័ណ្ឌគោលនយោបាយ ច្បាប់បទប្បញ្ញតិ្ត និងបទ​ដ្ឋានស្តង់ដា ក្នុងគោលដៅធានាសន្តិសុខផ្នែកឌីជីថល ដូចជាការពង្រឹងការគ្រប់គ្រងទិន្ន​ន័​យ ការការពារទិន្នន័យឯកជន និងការទប់ស្តាត់បទល្មើសក្នុងវិស័យបច្ចេកវិទ្យា ព័ត៌មានជាដើម។ល។ និង ៥.ការជំរុញអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី សម្រាប់លើកស្ទួយសហគ្រិនភាព និងការបង្កើតធុរកិច្ចថ្មី (Startup)ក្នុងវិស័យឌីជីថល។

ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា សេដ្ឋកិច្ចឌីជីថល នឹងក្លាយជាឃ្នាស់ថ្មី (New leverage) នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើនសមត្ថភាពប្រកួតប្រជែង ផលិតភាព និងតម្លៃបន្ថែម ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋា​ភិបាល។

ប៉ុន្តែវាក៏អាចមានបច្ច័យអវិជ្ជមានដល់ទីផ្សារការងារបច្ចុប្បន្នផងដែរ ដោយសារតែ នវានុវត្តន៍ថ្មីៗអាចនឹងជំនួសឱ្យការងារដែលប្រើប្រាស់កម្លាំងពលកម្មរូបវ័ន្ត។ ដូច្នេះ    កម្ពុជាត្រូវធ្វើយ៉ា​ង​​ណាដើម្បីធានាឱ្យកម្លាំងពលកម្មរបស់ខ្លួនអាចសម្របខ្លួន និងទទួលយកនូវការធ្វើឌីជីថលភា​វូ​បនីយកម្មនេះ ឱ្យបានជាប្រព័ន្ធ និងប្រកបដោយភាពរស់រវើក ក៏ដូចជាការអប់រំផ្នែកទស្សនៈ និងផ្នត់គំនិត។

ជាមួយគ្នានេះ កម្ពុជាត្រូវតែផ្តល់ការបណ្តុះបណ្តាលនូវជំនាញពាក់ព័ន្ធសម្រាប់ថ្ងៃនេះ និ​ង​​ថ្ងៃអនាគត ជូនដល់កម្លាំងពលកម្ម នៅក្នុងវិស័យសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះនៃការ ផ្លាស់ប្តូ​រ​ឆ្ពោះទៅរកការធ្វើឌីជីថលភាវូបនីយកម្ម៕

ដោយ គង់ សិរីរ័ត្ន ​