ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ និងឯកឧត្ដម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានជួបសំណេះសំណាលជាមួយកងកម្លាំង ប្រដាប់អាវុធទាំងបីប្រភេទ នៅស្នងកាដ្ឋាននគរបាលខេត្តកំពង់ធំប្រមាណជាង១០០០នាក់។

ឯកឧត្តម សុខ លូ បញ្ជាក់ថា កងកម្លាំងបងប្អូនយើងទាំអស់នេះសម្រាប់ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញមកពីការបោះឆ្នោត។ កម្លាំងរបស់យើងនេះមិនទៅគំរាមកំហែង ឬសម្លុត អ្នកណាម្នាក់នោះទេគឺយើង ត្រៀមការពារសុខសន្តិភាពជូន បងប្អូនប្រជាពលរដ្ឋយើង។ ជាពិសេសនៅ ខេត្តកំពង់ធំយើងរៀបចំបុណ្យឯករាជ្យនៅថ្ងៃទី៩វិច្ឆិកានាពេលព្រឹក បន្ទាប់មកមាន កម្មពិធីពិសាអំបុកសាមគ្គីការពារជាតិ សាសនា ព្រះមហាក្សត្រ និងចែកអំបុកជូនបង ប្អូនប្រជាពលរដ្ឋពិសានៅសួនច្បារគល់ស្ពានស្ទឹងសែន។

នៅពេលល្ងាចមានកម្មពិធីពិសាអំបុកសាមគ្គី និងកម្មពិធីបាញ់កាំជ្រូចនៅវិមានឯករាជ្យ ដើម្បីអបអរបុណ្យឯករាជជាតិ និងថ្ងៃកំណើតកងទ័ពរបស់យើង ហើយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ជាថ្ងៃទី២នៃព្រះរាជពិធីបុណ្យអំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តកំពង់ធំក៏មានរៀបចំកម្មពិធីដាល់អំបុកតាមប្រពៃណីរបស់ជាតិយើងផងដែរ ដូចនេះកង កម្លាំងយើងទាំងអស់ដាច់ខាតត្រូវរក្សាសុខសន្តិភាពឱ្យបាន១០០ភាគរយជូនបងប្អូនប្រជាពលរដ្ឋយើងមកកម្សាន្តសប្បាយ៕

ដោយ ស៊ុម វណ្ណា