ជើង​ឯក​ពិភព​លោក Mobile Legend: Bang Bang នឹងបើក​ការ​ប្រកួតធំ​​លើក​ដំបូងមិន​ធ្លាប់​មាន ក្នុងនោះកម្ពុជាក៏ចូលរួមក្នុងការប្រកួតនេះដែរ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — កីឡា​អេឡិចត្រូនិក​ដែល​កំពុង​ពេញ​និយម​បំផុត ​​​គឺ​​វិញ្ញាសា​ ​ Mobile Legends: Bang Bang ពេល​​នេះ​នឹង​ធ្វើឱ្យ​កក្រើក​ចេញ​ពី​​ប្រទេស​ម៉ាឡេស៊ី​ ​ដែល​ជា​សមរភូមិ​​រៀប​ចំ​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក  Mobile Legends: Bang Bang World Championship ដែល​ហៅ​កាត់​ថា M1 ​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ​ដែល​មាន​ប្រាក់​រង្វាន់​សរុប​រហូត​ដល់២៥០.០០០​ដុល្លារ​អាម៉េរិក ហើយក្នុងព្រឹត្តិការណ៍នេះក្រុមកីឡាករអេឡិចត្រូនិក កម្ពុជាក៏នឹងចូលរួម​បង្ហាញសមត្ថភាព ក្នុងការប្រកួតកម្រិតពិភពលោកនេះដែរ។

ព្រឹត្តិការណ៍​ជើង​ឯក​ពិភព​លោក​ធំ​មិន​ធ្លាប់​មាន​នេះ ​នឹង​ប្រជុំ​ដោយ​ក្រុម​កីឡាករ​អេឡិច ត្រូនិក​ខ្លាំង​ៗ​ដែល​មាន​សមត្ថភាព​ និង​ទេព​កោសល្យ​ខ្ពស់​មក​ពី​១៤​តំបន់​ជុំ​វិញ​ពិភព​លោក។ ការ​​ប្រកួត​ទាំង​អស់​នឹង​ផ្សាយ​ផ្ទាល់​តាម​រយៈ​ Youtube Gaming ចេញ​ពី​សមរភូមិ​ទី​លាន Axiata Arena តំបន់​ Bukit Jalil ក្នុង​ទី​ក្រុង​គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

មន្ត្រីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានឱ្យដឹងថា យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​លោក Justin Yuan ​នាយក​ប្រតិបត្តិ និង​ជា​​សហស្ថាបនិក​ក្រុម​ហ៊ុន​ MOONTON បានឱ្យដឹង​ថា ដៃ​គូ​ឧបត្ថម្ភ​សំខាន់​ U Mobile ដែល​ជា​ក្រុម​ហ៊ុន​ទូរគមនាគន៍​​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ពង្រីក​​នូវ​​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ក្រុម​ហ៊ុន​ MOONTON ដោយ​បាន​ក្លាយ​ជា​​ដៃ​គូ​​ឧបត្ថម្ភ​ផ្លូវ​ការ​សម្រាប់​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​  M1 World Championship។ ភាព​ជា​ដៃ​គូ​របស់​ U Mobile ជា​មួយ​ MOONTON បាន​ឆ្លុះ​បញ្ចាំងឱ្យ ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​​ក្នុង​ការ​​លើក​កម្ពស់​វិស័យ​កីឡា​អេឡិចត្រូនិក​ទាំង​នៅ​ក្នុង​ប្រទេស​ម៉ាឡេ ស៊ី និង​ពិភព​លោក។

សម្រាប់ជើង​ឯក M1 World Championship នឹង​ចាប់​ផ្តើម​​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល​ពី​ថ្ងៃ​ទី​១១ ដល់​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ បន្ទាប់​ពមក​​​ក្រុម​​​ខ្លាំង​ដែល​ជាប់​វគ្គ​ជម្រុះ​ក្នុង​ពូល​​ត្រូវ​​ឡើង​ដល់​វគ្គ​ប្រកួត​សំខាន់​។ ក្រុម​ខ្លាំង​មក​ពី​ប្រទេស​ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន និង​មីយ៉ាន់ម៉ា ព្រម​ទាំងក្រុម​ជាប់​វគ្គ​ជម្រុះ​មក​ពី​ប្រទេស​កម្ពុជា ថៃ ឡាវ វៀតណាម ជប៉ុន តួកគី រុស្ស៊ី សហរដ្ឋ​អាមេរិក និង​ប្រេស៊ីល​ជា​ដើម។

ប្រភេទ​កីឡា​អេឡិចត្រូនិក លើវិញ្ញាសា Mobile Legends ក៏មានការប្រកួតនៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ​​នៅ​ប្រទេស​ហ្វីលីពីន​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​ ដល់​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះដែរ ដោយមានប្រទេស​ចំនួន​៩ ​ក្នុង​តំបន់​អាស៊ាន ក្នុងនោះ E-Sport កម្ពុជាក៏បានត្រៀមខ្លួនចូលរួម ប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម ហ្វីលីពីន ចុងឆ្នាំ២០១៩នេះផងដែរ៕]

​ដោយ ហេង ណាលីន