ឯកឧត្ដម ឃួង ស្រេង  ផ្ដល់ម៉ូតូដឹកសំរាមទំនើបជិត១០០គ្រឿង ជូនខណ្ឌចំនួន៤ ដើម្បីត្រៀមដឹកសំរាមនាឱកាសបុណ្យអុំទូក

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសោភណភាពក្នុងរាជធានី  ខណៈដេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងឈានមកដល់ក្នុងពេលខាងមុខនេះ។ រដ្ឋបាលរាជធានីភ្នំពេញ បានឧបត្ថម្ភម៉ូតូដឹកសំរាមទំនើបៗជិត១០០គ្រឿង ដែលអាចបែនចាក់សំរាមដោយខ្លួនឯង ដល់អាជ្ញាធរខណ្ឌចំនួន៤ គឺខណ្ឌដូនពេញ, ចំការមន, ជ្រោយចង្វារ និងខណ្ឌបឹងកេងកង ដើម្បីអាជ្ញាធរខណ្ឌយកទៅប្រើប្រាស់ប្រមូលសំរាមនៅក្នុងពិធីបុណ្យអុំទូក។

ពិធីប្រគល់ម៉ូតូដឹកសំរាមទំនើបៗជូនខណ្ឌទាំងបួននេះបានធ្វើឡើង កាលពីល្ងាច ថ្ងៃចន្ទ ៨កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយខណ្ឌទាំងបួនដែលទទួលបានម៉ូតូដឹកសំរាមទំនើបៗនេះ គឺយកទៅប្រគល់ជូនបន្តទៅ គ្រប់សង្កាត់ទាំងអស់នៅក្នុងខណ្ឌ ដើម្បីត្រៀមប្រមូលសំរាម និងសំអាត ក្នុងរាជធានី និងអនាម័យបរិស្ថានក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងធ្វើឡើងនៅបណ្តោយមាត់ទន្លេមុខព្រះបរមរាជ្យវាំង។

លោក  កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា ជាទិសដៅរដ្ឋបាលរាជ ធានីភ្នំពេញ នឹងធ្វើការប្រគល់ជូនម៉ូតូដឹកសំរាមទំនើប ដែលអាចបែនចាក់សំរាមបាននេះទៅ ប្រគល់ជូនគ្រប់ខណ្ឌទាំង១៤ ដើម្បីប្រគល់បន្តឱ្យ គ្រប់សង្កាត់ ក្នុងរាជធានីភ្នំពេញងាយ ស្រួលក្នុងការនាំយកកាក់សំណល់ ទៅចាក់ឬប្រមូលផ្តុំនៅ ទីលានចាក់សំរាមធ្វើយ៉ាង ណាពន្លឿនការងារប្រមូលសំរាម និងថែរក្សាបរិស្ថានអនាម័យ ជូនប្រជាពលរដ្ឋក្នុង រាជធានីភ្នំពេញឱ្យបានល្អប្រសើរ៕

ដោយ សួស សំរិត