ក្រុមយុវជនកម្ពុជាឈ្នះក្រុមកោះម៉ារីណា ខាងជើង ៩-០វគ្គជម្រុះពូលG នៃ AFC U19 Championship 2020

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ កម្ពុជាបានយកឈ្នះក្រុមភ្ញៀវ U19 ក្រុមកោះ​ម៉ារីណាខាងជើង (NORTHERN MARIANA ISLANDS) ដោយលទ្ធផល ៩-០ នៅក្នុង​ជំនួបទី២ កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅកីឡដ្ឋានជាតិ ក្នុងវគ្គសន្សំពិន្ទុក្នុលG នៃពានរង្វាន់អាយុក្រោម១៩ឆ្នាំ ប្រចាំទ្វីប អាស៊ី AFC U19 Championship 2020។

ក្រុមម្ចាស់ផ្ទះយុវជនកម្ពុជារកបាន៣ពិន្ទុដំបូង ក្នុងពូលG ដោយវគ្គទី១ កម្ពុជាបាន​បើកការនាំមុខ ៦-០ ហើយនៅវគ្គទី២ ធ្វើសម្រេចបាន៣គ្រាប់បន្ថែម។ កាលពីប្រកួតទី១ ក្រុមយុវជនកម្ពុជាប្រកួតចាញ់ក្រុមភ្ញៀវ U19 ម៉ាឡេស៊ី ៤-៥ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ដោយឡែក១ប្រកួតទៀត នៅថ្ងៃនេះដែរ គឺក្រុម U19 ថៃ ក៏បានយកឈ្នះ ក្រុមU19 ព្រុយណេ ៩-០ ដូចគ្នាដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួត គ្រូបង្វឹកក្រុមកោះម៉ារីណា ខាងជើង លោក Michiteru Mita បាននិយាយថា លោកសូមអបអរសាទរដល់ក្រុមកម្ពុជា សម្រាប់ជ័យជម្នះនៅថ្ងៃនេះ ហើយលោកគិតថាកម្ពុជាអាចឡើងទៅវគ្គបន្ត។ លោកបានបន្ដ​ថា នៅតង់ទី១​យើងរបូតគ្រាប់បាល់ចំនួន៦គ្រាប់ ដោយសារកម្ពុជាលេងបាន យ៉ាងល្អនៅ​ក្នុងទឹកដីថែមទាំងមានអ្នកគាំទ្រដ៏អស្ចារ្យ។ វាជាការប្រកួតដ៏លំបាកមួយសម្រាប់យើង ប៉ុន្តែយើងមានមោទនភាពចំពោះកីឡាករ ដែលបានព្យាយាមយ៉ាងខ្លាំង ក្នុងការប្រកួតនេះ។

លោក Koji GyotoKu គ្រូបង្គោល U19កម្ពុជា បានបញ្ជាក់ថា អ្វីដែលសំខាន់ គឺការ​ប្រកួត​បន្ទាប់ចំនួន២ ប្រកួតទៀត ដែលលោកប្តេជ្ញាចិត្តថានឹងត្រូវតែខិតខំឱ្យអស់ពីលទ្ធភាព។ លោកបានបន្ថែមថា មានរឿង២យ៉ាង សម្រាប់ការប្រកួតថ្ងៃនេះគឺទីមួយយើងឈ្នះ​ការប្រកួត​ថ្ងៃ​នេះហើយរឿងមួយទៀតគឺយើងធ្វើមិនសូវបានល្អជាមួយបច្ចេកទេសនោះទេ ហើយ​យើង​ត្រូវត្រៀមខ្លួនបន្ថែមទៀតសម្រាប់ការប្រកួតបន្ទាប់ជាមួយក្រុមយុវជនថៃ៕

ដោយ ហេង ណាលីន