ប្រធានសហព័ន្ធប៉េតង់កម្ពុជា៖ ការទទួលធ្វើជាម្ចាស់ផ្ទះកីឡាប៉េតង់ពិភពលោក យុវជន-ស្រ្តី គឺជាកិត្តិយសមោទនភាពជាតិ និងប្រជាជនកម្ពុជាទាំងមូល

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា និងជាប្រធាន​សហ​ព័ន្ធប៊ូល និងប៉េតង់កម្ពុជាបានចាត់ទុកថា ការរៀបចំទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ប៉េតង់​ពិភពលោកយុវជន និងស្រ្តី លើកទី១៧ ឆ្នាំ២០១៩ នៅកម្ពុជា មិនមែនជាកិត្តិយស និងមោទន​ភាពត្រឹមតែសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា ឬគណៈកម្មការរៀបចំការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែគឺ​ជាកិត្តិយស និងជាមោទនភាពជាតិ និងរបស់ប្រជាជនកម្ពុជាទាំងមូល។ នេះជាការលើក​ឡើងរបស់ឯកឧត្តមនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា។

ឯកឧត្តមប្រធានសហព័ន្ធបានបន្ថែមទៀតថា ការរៀបចំនេះមិនមែនក្នុងនាមសហព័ន្ធនោះទេ ប៉ុន្តែគឺក្នុងនាមជាប្រជាពលរដ្ឋខ្មែរទាំងមូល ដែលនេះគឺជាមោទនភាពជាតិដ៏ធំធេង ដែល​កម្ពុជា​ទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាប៉េតង់ ពិភពលោកយុវជន និងស្រ្តី លើកទី១៧ ទទួលបានការចូលរួមពីកីឡាការិនី និងយុវជន រួមទាំងប្រតិភូមកពីបណ្តាប្រទេស នានា ក្នុង​ទ្វីបទាំង៥ ដែលមានចំនួន៤៩ប្រទេស ដែលមាន៨០ក្រុម ក្នុងនោះមាន៣០ក្រុមជាយុវជន និង៥០ក្រុមគឺជាកីឡាការិនី ដោយព្រឹត្តិការណ៍ជើងឯកពិភពលោកនៅកម្ពុជានេះមានក្រុម និង​ប្រទេសចូលរួមច្រើនជាងការរៀបចំ នៅប្រទេសថៃ ២០១៣ បារាំង ២០១៥ និងនៅ​ប្រទេស​ចិន ២០១៧ កន្លងទៅ។  ឯកឧត្តមចាត់ទុកថា នេះជាជំហានថ្មីមួយទៀត ក្នុងដំបូលសន្តិភាព​ពេញបរិបូរណ៍របស់កម្ពុជា ដែលផ្តល់ឱ្យយើងមានកម្លាំងពេញលេញក្នុងការអភិវឌ្ឍវិស័យ នានា ក៏ដូចជាកីឡាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ក៏ដូចជាសម្រួចទិសដៅ ឈានទៅ​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ នៅព្រះរាជាណចក្រកម្ពុជា។

ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិកាសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបាន បញ្ជាក់ដែរថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាកំពុងដំណើរការយ៉ាងច្បាស់លាស់ ដើម្បី​ឈានទៅរៀបចំការប្រកួតកីឡាប៉េតង់ ពិភពលោកយុវជន និងស្រ្តីលើកទី១៧ ដែលនឹង​ប្រពឹ្រត្ត​​ទៅនៅថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក  ដោយមាន៤៩ប្រទេស ស្មើនឹង៤៤៩នាក់ និងមានវិញ្ញាសាផ្នែកយុវជន២វិញ្ញាសា គឺវាយ យកពិន្ទុ និងវាយ៣នាក់ទល់៣នាក់ផ្នែកស្រ្តី និង២វិញ្ញាសា វាយយកពិន្ទុ និងវាយ៣នាក់ ទល់៣នាក់ និងវិញ្ញាសា សមាគម២វិញ្ញាសា គឺវាយ៣នាក់ទល់៣នាក់យុវជន និងស្ត្រី។

ឯកឧត្តមបានបង្ហាញនូវគោលបំណងចម្បងៗ រួមមាន៖ ១.លើកស្ទួយវិស័យកីឡា ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល។ ២.បង្ហាញអំពីសក្តានុពល និងកិត្យានុភាព ជាតិលើឆាកអន្តរជាតិ ផ្សព្វផ្សាយពីវប្បធម៌ និងអរិយធម៌ខ្មែរដ៏សម្បូរបែប។ ៣.លើកស្ទួយ​កិត្តិនាមជាតិឱ្យកាន់តែសុសសាយ ៤.បង្កើនទំនាក់ទំនងជាតិ និងអន្តរជាតិ ៥.ផ្តល់ឱកាស ចូលរួមគាំទ្រដល់កីឡាករ កីឡាការិនី និង៦.បង្ហាញពីសក្ដានុពលរបស់កម្ពុជា ក្នុងការទទួល ធ្វើជាម្ចាស់ផ្ទះ ក្នុងកម្មវិធីពិភពលោកនានា៕

ដោយ ហេង ណាលី