កម្ពុជានឹងរៀបចំធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ចាប់ពីថ្ងៃ១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — កម្ពុជានឹងរៀបចំធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ បន្ទាប់ពីប្រទេសនេ ប៉ាល់ ដែលបានធ្វើម្ចាស់ផ្ទះនៃ​កិច្ចប្រជុំលើកដំបូង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភោជនីយ​ដ្ឋានទន្លេបាសាក់១ ឯកឧត្ដមបណ្ឌិត ប៉ៃ សំបូរ អនុគណៈកម្មាធិការផ្សព្វផ្សាយ​និងសារព័ត៌​មាន​នៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកបានគូសបញ្ជាក់ថា  កិច្ចប្រជុំនេះ​ជាកិច្ចប្រជុំលើកទី២ បន្ទាប់​ពីប្រទេសនេប៉ាល់ ដែលបានធ្វើម្ចាស់ផ្ទះកាលពីចុងឆ្នាំ២០១៨ កន្លងមក ហើយកម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃ១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ។ ឯកឧត្ដមបណ្ឌិតបន្ដថា កិច្ច ប្រជុំនេះ នឹងមានតំណាងគណៈប្រតិភូមកពីបណ្តាប្រទេសនៅលើពិភពលោក ប្រមាណជាង​៥០ប្រទេស ដែលនឹងមានវត្តមានក្នុងកិច្ចប្រជុំ ក្នុងនោះ មានប្រមុខរដ្ឋ អតីតប្រមុខរដ្ឋ  សមាជិក​រដ្ឋសភា ថ្នាក់ដឹកនាំសាសនា ថ្នាក់ដឹកនាំស្ត្រី តំណាងសារព័ត៌មាន និងផ្នែកធុរកិច្ច ដែលនឹងត្រូវចូលរួម។ 

ឯកឧត្ដម ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា កិច្ចប្រជុំនេះពិតជា មានសារៈសំខាន់ណាស់ ព្រោះមានការសហការរៀបចំដោយអង្គការ UPF តំបន់អាស៊ី អាគ្នេយ៍(សហព័ន្ធសន្តិភាពសកល)។ ឯកឧត្ដមបានបន្ថែមថា សមាជិករដ្ឋសភាចូលរួម​មាន​ប្រមាណជាង១០០នាក់ និងថ្នាក់ដឹកនាំរដ្ឋាភិបាលជាង១៥០នាក់  មកពីបណ្តាញសារព័ត៌ មាន​ជាង៤០ស្ថាប័ន តំណាងសាកលវិទ្យាល័យជាង២០សាកលវិទ្យាល័យ តំណាងអង្គការ មិនមែនរដ្ឋាភិបាលជាង២០។

លោក Julius Malicedem នាយកអង្គការUPFតំបន់អាស៊ីអាគ្នេយ៍បានលើកឡើងថា ចាប់តាំងពីUPF បង្កើតឡើងមក បានកសាងសន្តិភាព នៅតាមបណ្ដាប្រទេសជាច្រើន។ លោកបន្ដថា UPF គឺជាអង្គការក្រៅរដ្ឋាភិបាល មានតួនាទីផ្តល់ប្រឹក្សាដល់សេដ្ឋកិច្ច និង​សង្គមដល់អង្គការសហប្រជាជាតិ ហើយUPFមានសាខាជាង១៥០ប្រទេស នៅទូទាំងពិភព លោក។ ជាមួយគ្នានេះ ដោយផ្តោតសំខាន់លើចំណុច៦ធំៗ ដូចជា៖ ១.ពង្រឹងនូវកិច្ចសហប្រតិ​បត្តិការ ជាមួយកម្មវិធីរបស់ អង្គការសហប្រជាជាតិ  ២.កសាងសន្តិភាពតាមរយៈអន្តរសាសនា ៣.តាមរយៈសន្តិភាព និងស្ថិរភាព ៤.អំពីអាពាហ៍ពិពាហ៍ និងគ្រូសារ ៥. អំពីការអភិវឌ្ឍ​ធនធានមនុស្ស និងការអប់រំ និង៦.អំពីសេវាកម្ម និងយុវជន។

លោកបានលើកឡើងទាក់ទងនឹងបញ្ហាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ធនធាន​មនុស្សនោះ  UPFបានរៀបចំកិច្ចប្រជុំអាស៊ីប៉ាស៊ីហ្វិកលើកដំបូងនៅឆ្នាំ២០១៨ ក្នុងប្រទេស នេប៉ាល់។ សម្រាប់​កិច្ចប្រជុំលើកទី១នោះបានសហការជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ ដែល ជាលទ្ធផលកិច្ចប្រជុំនេះបានធ្វើការជំរុញ និងលើកទឹកចិត្តដល់ប្រទេសទាំងឡាយដែល ពាក់​ព័ន្ធនឹងរាជរដ្ឋាភិបាល  សង្គមស៊ីវិលជាង៤០ប្រទេសបានចូលរួម។ លោកបានបញ្ជាក់​បន្ថែម​ថា “កិច្ចប្រជុំអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ដែលរៀបចំនៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១៨ ដល់២១ ខែវិច្ឆិកាខាងមុខនេះនឹងមានប្រតិភូជាតិចូលរូមជាង១.០០០នាក់ ប្រតិភូអន្តរជាតិជាង ៥០០ នាក់ មកពីជាង៥០ប្រទេស”។

ស្របពេលជាមួយគ្នានេះដែរ សម្រាប់ប្រធានបទនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ គឺទាក់ទងនឹងការដោះស្រាយ នៅបញ្ហាប្រឈមនាពេលបច្ចុប្បន្ន  សន្តិភាពការផ្សះផ្សាយជាតិ ការពឹងអាស្រ័យលើគ្នាទៅវិញទៅមក វិបុលភាពទៅគ្នាទៅមក និងគុណតម្លៃជាសកល។

លោក ហាជីមិ សៃតុ នាយកប្រតិបត្តិការUPF បានឱ្យដឹងដែរថា ហេតុដែល យក​កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនោះដោយសារកម្ពុជាគឺជាប្រទេសមានអភិបាលកិច្ចល្អ ហើយ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជា រួប រួមគ្នា​យ៉ាងពិតប្រាកដ៕

ដោយ ប៊ុនរិទ្ធ